(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ក្នុងឱកាសប្រារព្ធខួបលើកទី៦៨ ទិវាកុមារអន្តរជាតិ រោងភាពយន្ត Legend បានរៀបចំកម្មវិធីជួបជុំកុមារប្រមាណ៧២០នាក់ មកពីអង្គការមូនិធិកុមារកម្ពុជា ហៅកាត់ថា CCFដើម្បីផ្ដល់នូវការកម្សាន្តសប្បាយរីករាយ ទទួលបានអំណោយជាសម្ភារៈសិក្សា អាហារ ព្រមទាំងបានចូលទស្សនាភាពយន្តទៀតផង។ កម្មវិធីនេះ ត្រូវបានធ្វើឡើង នាថ្ងៃទី១ខែមិថុនានេះ ក្រោមការផ្តួចផ្តើមពីរោងភាពយន្ត លេជេន។
លោក ព្រំ បញ្ញាវ័ន្ត តំណាងរោងភាពយន្ត Legend បានថ្លែងប្រាប់ឲ្យដឹងថា នេះមិនមែនជាព្រឹត្តិការណ៍លើកដំបូងទេ ដែល Legend បានបង្កើតឡើង ហើយនេះ គឺជាផ្នែកមួយនៃការជួយត្រឡប់ទៅសង្គមវិញ អស់រយៈពេល៦ឆ្នាំមកហើយ។ នេះគឺជាកម្មវិធីថ្មី ដែលធ្វើឡើងដើម្បីចូលរួមលើកទឹកចិត្តដល់ កុមារ ដែលកំពុងប្រឈមនឹងភាពខ្វះខាត បាត់បង់កម្លាំងចិត្ត និងរស់នៅជាមួយនឹងជំងឺប្រចាំកាយ។
តំណាងដដែល បានបន្តទៀតថា មានសប្បុរសជន និងក្រុមហ៊ុនមួយចំនួន បានរួមគ្នាផ្តល់ជូនកុមារទាំងអស់ នូវសម្ភារៈសិក្សា អាហា ការកម្សាន្តជាមួយឧបករណ៍នានា ការសម្តែងសមត្ថភាពសិល្បៈ ការលេងហ្គេមកម្សាន្តសម្រាប់កុមារ ការថតរូបជុំគ្នា ពិសេសគឺពួកគេមានឱកាសចូលរួមទស្សនាភាពយន្ត គំនូរជីវចលដ៏ល្បីល្បាញ គឺរឿង «Sing»នៅរោងភាពយន្តលេជេនផ្សារស្ទឹងមានជ័យថ្មីផងដែរ។
លោក ព្រំ បញ្ញាវ័ន្ត ក៏ថ្លែងអំណរគុណ ចំពោះអង្គការដែលបើកឱកាសឲ្យក្រុមការងារបុគ្គលិក និងសប្បុរសជន បង្ហាញក្តីស្រលាញ់ចំពោះកុមារ ។ លោកក៏ថ្លែងអំណរគុណ ចំពោះសប្បុរសជនដែលបានចូលរួមសហការ បង្កើតឲ្យមានព្រឹត្តិការណ៍នេះឡើង។ លោករំពឹងដែរថា កម្មវិធីនេះនឹងបន្តប្រព្រឹត្តិ ទៅនៅឆ្នាំបន្ទាប់ទៀត ផងដែរ។
ដោយឡែកលោក Scott Neeson នាយកប្រតិបត្តិអង្គការ CCF បានបញ្ជាក់ថា លោកពិតជាថ្លែងអំណរគុណ ចំពោះសប្បុរសជន ដែលបានចូលរួមលើកទឹកចិត្ត និងផ្តល់ការកម្សាន្តសម្រាប់កុមារ នៅថ្ងៃនេះ ដែលបង្ហាញពីទឹកចិត្តអាណិត ស្រឡាញ់យកចិត្តទុកដាក់ ចំពោះកុមារ។ លោកក៏ថ្លែងការកោតសរសើរ ចំពោះគ្រប់បុគ្គលិក នៅអង្គការ CCF ទាំងអស់ដែលលះបង់កម្លាំងកាយចិត្ត សម្រាប់កិច្ចការងារមើលថែ និងអប់រំកុមារអស់៕