(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន ដឹកនាំអ្នកគាំទ្របក្សប្រជាជនកម្ពុជាដ៏ធំសម្បើម ជិត២០ម៉ឺននាក់ ដើម្បីធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់។ មុននឹងចាប់ផ្ដើមយុទ្ធនាការសម្ដេចតេជោ បានថ្លែងសុន្ទរកថាទៅកាន់សមាជិក សមាជិកា និងអ្នកគាំទ្រដ៏អស្ចារ្យនោះផងដែរ។
ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងទៅកាន់អ្នកគាំទ្ររបស់គណបក្សប្រជាជនកម្ពុជា ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃបិទបញ្ចប់៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមាជិកគណបក្សរាប់ម៉ឺននាក់ នៅទីនេះ និងនៅទូទាំងប្រទេសរាប់លាននាក់ បានចេញមកគាំទ្របេក្ខជនឈរឈ្មោះរបស់គណបក្សប្រជាជន។ ការឈ្នះឆ្នោតរបស់បេក្ខជន បេក្ខនារី ដែលបានជ្រើសរើសដោយសន្និបាត នៃគណបក្សប្រជាជនតាមមូលដ្ឋាន មិនមែនជាជោគជ័យសម្រាប់តែបុគ្គលឈរឈ្មោះនោះទេ ប៉ុន្តែជាជោគជ័យរួមរបស់បក្ស និងប្រជាជាតិយើងតែម្តង
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មន្រ្តីគ្រប់លំដាប់ថ្នាក់នៃ CPP ក៏បានផ្សព្វផ្សាយនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជារួចហើយ មិនចាំបាច់ឱ្យខ្ញុំបកស្រាយបន្ថែម នូវគោលនយោបាយថ្នាក់ជាតិ សម្រាប់មូលដ្ឋាននោះទេ។
*សម្តេចតេជោ ហ៊ុន សែន សូមយកឱកាសនេះ អរគុណ និងកោតសរសើរ ចំពោះសមាជិក សមាជិកា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានថែរក្សាសន្តិសុខ ភាពសុខសាន្ត នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតកន្លងនេះ។
*សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា គណបក្សប្រជាជនដ៏ខ្លាំងក្លា និងថ្លៃថ្នូ ដែលមានសមាជិក៥លាននាក់ បានអនុវត្តយ៉ាងត្រឹមត្រូវតាមច្បាប់ និងនីតិវិធីតាមច្បាប់បោះឆ្នោត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គុណធម៌ដ៏ថ្លៃថ្លារបស់ CPP បានបង្ហាញឱ្យឃើញពីភាពចាស់ទុំ យើងមិនបានបង្ហាញនូវអាកប្បករិយា ទំនើង ឬជម្លោះណាមួយ នេះគឺជាមោទនភាពរបស់បក្សយើងទាំងមូល និងថ្នាក់ដឹកនាំ។
*សម្តេចតេជោ ហ៊ុន សែន បានរម្លឹកថា កាលពីការបោះឆ្នោតឆ្នាំ២០០២ និង២០១២ ខ្ញុំមិនបានចូលរួមទេ។ ៥លើករួចទៅហើយ សម្តេចមិនដែលបានចូលរួមនោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានអះអាងថា សន្តិភាព និងការអភិវឌ្ឍ ដែលបានកើតឡើងលើទឹកដីដ៏កំសត់នេះ គឺបានមកពីការពលីរបស់ គណបក្សប្រជាជនកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានចោទសួរថា តើគណបក្សណាមួយនាំមកនូវសន្តិភាព? ហើយយើងក៏បន្តចោទសួរថា សមិទ្ធផលទាំងឡាយ ដែលកើតឡើងតាំងពីគំនរផេះផង់នេះ តើមានគណបក្សណាចូលរួមជាមួយ គណបក្សប្រជាជន?
*សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា ចៅៗ យុវជន ជំនាន់ក្រោយដែលបានពាក់ឯកសណ្ឋាន និងចូលរួមហែក្បួនជាមួយឪពុកម្តាយ ក្នុងយុទ្ធនាការទ្រង់ទ្រាយធំនេះ នឹងក្លាយជាអ្នកបន្តវេន ដោយក្តីមោទនភាពពីយើងទាំងអស់គ្នា។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សូម្បីតែអគ្គលេខាធិការអង្គការសហប្រជាជាតិ នាពេលបច្ចុប្បន្ន ក៏បានទទួលស្គាល់ថា គណបក្សប្រជាជនកម្ពុជា ជាអ្នកផ្តួលរំលំប៉ុលពតផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងក៏បានប្រឹងប្រែងដើម្បីស្វែងរកដំណោះស្រាយកម្ពុជា។ មិនអាចយកសង្រ្គាមដើម្បីបញ្ចប់សង្រ្គាមបានទេ។ កិច្ចខិតខំប្រឹងប្រែងរបស់យើងត្រូវបានជួបប្រទះ នឹងព្រះរាជបំណងសម្តេចឪ ដែលបានបង្កើតនូវថ្ងៃ២ធ្នូ។ ការចរចានោះ ក៏បង្កើតឱ្យមានការចរចាពហុភាគី មកពី៥តំបន់។
*សម្តេចតេជោ ហ៊ុន សែន បានបន្ទោស «អ៊ុនតាក់» ដែលបានចាយលុយអស់២ពាន់លានដុល្លារ ប៉ុន្តែមិនអាចបញ្ចប់សង្រ្គាមរបស់កម្ពុជាទេ។
*សម្តេចតេជោ បានរម្លឹកថា ពីឆ្នាំ១៩៧០-៧៥ ប្រទេសកម្ពុជាមួយបែងចែកជា២។ កត្តានេះហើយធ្វើឱ្យកម្ពុជាមានតំបន់គ្រប់គ្រង២ ដោយម្ខាងលន់ណល់ និងម្ខាងសម្តេចឪ ដែលការបែងចែកនេះ ធ្វើឱ្យមានការដណ្តើមអសនៈគ្នានៅអង្គការសហប្រជាជាតិ រហូតក្លាយជាសង្រ្គាម។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចសីហនុ បានកាន់កាប់ចលនាមិនចូលបក្សសម្ព័ន្ធ ប៉ុន្តែខ្ញុំមិននឹងស្មានថា បញ្ហានេះ ត្រូវបានដោះស្រាយដោយ ហ៊ុន សែន នោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រះជាម្ចាស់បានបង្កើតសម្តេចមក សម្រាប់ដោះស្រាយបញ្ហារបស់អ្នកជំនាន់មុន។ សម្តេចបានប្រកាសថា ដាច់ខាតមិនអនុញ្ញាតឱ្យក្រុមអសិរពិសណាមួយ បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជានោះទេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា យើងបានធ្វើឱ្យប្រទេសយើងពីប្រទេសមានចំណូលទាប មកជាប្រទេសមានចំណូលមធ្យមកម្រិតទាប។
*សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារទៅកាន់បងប្អូនកម្មករថា មានការងារធ្វើសព្វថ្ងៃ គឺជាការងារដែលបានមកពីរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជន ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំង ក្នុងការបង្កើតការងារជូនបងប្អូន។
*សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បក្សប្រឆាំងគ្មានបានធ្វើអ្វីទាំងអស់ ក្រៅតែពីការទប់ស្កាត់ជំនួយមិនឱ្យបរទេសផ្តល់ជួយដល់កម្ពុជា រហូតដល់ទប់ស្កាត់ កុំឱ្យទីផ្សារអឺរ៉ុប ទិញផលិតផលពីកម្ពុជា។ នេះគឺជាទង្វើសម្លាប់កម្មករ ឬលើកស្ទួយជីវភាពកម្មករ?
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខ្ញុំសូមផ្តាំផ្ញើទៅបងប្អូន ដែលធ្វើការនៅក្រៅប្រទេស។ ការធ្វើការនៅក្រៅប្រទេស មិនមែនមានតែកម្ពុជានោះទេ សូម្បីតែប្រទេសថៃ ក៏មានកម្មកររាប់លាននាក់ធ្វើការនៅកូរ៉េ និងតៃវ៉ាន់។ ហ្វីលីពីន មានកម្មករធ្វើការនៅក្រៅប្រទេសជាង១២លាននាក់ ដោយក្នុងនោះមានទាំងនៅកម្ពុជាយើងផងដែរ។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សព្វថ្ងៃរាជរដ្ឋាភិបាល កំពុងស្វែងរកការងារជូនបងប្អូននៅប្រទេសកូរ៉េ ពីសូន្យនាក់ មក៤ម៉ឺននាក់ ហើយឥឡូវកំពុងពង្រីកបន្ថែមទៀត ទៅមជ្ឈឹមបូព៌ា។
*សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលដែលលោកស្រី អ៊ុង សានស៊ូជី ដែលគាត់ធ្វើទីប្រឹក្សារដ្ឋមានឋានៈស្មើនាយករដ្ឋមន្រ្តី ហើយពេលធ្វើទស្សនកិច្ចនៅប្រទេសថៃ គាត់និយាយថា «ទៅយើងទៅប្រទេសយើងវិញ!» ហើយមានការផ្លែផ្កាឱ្យខ្ញុំ ថា «តោះ ! បងប្អូន យើងទៅធ្វើខ្ញុំគេ» ឥឡូវសូមបងប្អូនកាប់ថ្មចំណាំ តើបងប្អូនពលករមីយ៉ាន់ម៉ា អាចត្រឡប់ទៅធ្វើការនៅប្រទេសខ្លួនវិញដែរទេ ដោយសារតែប្រាក់ខែនៅប្រទេសថៃ បានរាប់រកដុល្លារ ហើយនៅមីយ៉ាន់ម៉ា មានតិចតួចបំផុត។
*ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន បានព្រមានដល់បរទេសកុំឱ្យលូកលាន់ដល់កិច្ចការងាររបស់កម្ពុជា។
*សម្តេចបានថ្លែងថា បើសិនជាមានការផ្ទេរអំណាច ឬតំណែង នៅពេលខាងមុខនោះ គឺប្រាកដជាត្រូវផ្ទេរឱ្យទៅកូនចៅរបស់គណបក្សប្រជាជនហើយ មិនឱ្យទៅអស់លោកទេ។ ទេវតាបង ផ្ទេរឱ្យទេវតាប្អូន មិនឱ្យទៅអស់លោកទេ។
*សម្តេចតេជោ ហ៊ុន សែន បានសន្មត់ថា ការដង្ហែក្បួន នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត នាថ្ងៃចុងក្រោយនេះ មានអ្នកគាំទ្រជាង២០ម៉ឺននាក់។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវកុំឱ្យលក់ និងពិសារគ្រឿងស្រវឹង នៅអំឡុងពេល២ថ្ងៃ នៃការបោះឆ្នោត ស្អែក និងខានស្អែកនេះ។ សូមឱ្យអ្នកលក់ផ្អាកការលក់២ថ្ងៃសិន ហើយចាំបើកលក់នៅថ្ងៃចន្ទ ក៏មិនទាន់ហួសពេលដែរ ដើម្បីឱ្យការបោះឆ្នោតរលូនល្អ។
*សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសមាជិកទាំងអស់របស់ CPP ត្រៀមឯកសារឱ្យបានគ្រប់គ្រាន់ ដើម្បីទៅបោះឆ្នោត សូម្បីតែសម្តេចផ្ទាល់ក៏ត្រូវត្រៀមដែរ ហើយសម្តេចបានត្រៀមរួចហើយ។
*សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យសមាជិក និងអ្នកគាំទ្រចំណាំលើសញ្ញាគណបក្សរូបទេវតាបាចផ្កា មិនត្រូវចំណាំលើលេខរៀងទេ ដើម្បីចៀសវាងមានការភាន់ច្រឡំ ហើយត្រូវគូសឱ្យចំសញ្ញានោះ។ នេះជាចំណុចសំខាន់ខ្លាំងណាស់!
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឈ្នះឆ្នោតនាពេលកន្លងមក គឺផ្អែកលើសន្លឹកឆ្នោតរបស់សមាជិកគណបក្ស បូកជាមួយក្រុមគ្រួសារ។ យើងជាសមាជិករបស់គណបក្ស កាតព្វកិច្ចរបស់យើង គឺការពារបក្ស និងចាំបាច់ត្រូវបោះឆ្នោតឱ្យបក្សរបស់យើង។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងទៀតថា សមាជិករបស់គណបក្សប្រជាជនម្នាក់ ស្មើនឹងសន្លឹកឆ្នោតគណបក្សប្រជាជនកម្ពុជា មួយសន្លឹក។
*សម្តេចតេជោ ហ៊ុន សែន ស្នើកុំឱ្យខឹងគោវ៉ៃរទេះ។ សម្តេចទទួលស្គាល់ថា គ្មាននរណាល្អឥខ្ចោះនោះទេ។ យើងមានចំណុចខ្វះខាតខ្លះដែរ ដោយសារតែមន្រ្តីមួយចំនួន មានឥរិយាបទមិនត្រឹមត្រូវ យើងកំពុងកែលម្អជាបន្តបន្ទាប់។
*សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យអ្នកគាំទ្រ កុំបោះឆ្នោតឱ្យគណបក្សដទៃ ដែលមិនបានជួយយើងហើយ ថែមទាំងជេរប្រទិចយើងទៀត។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានតែគណបក្សប្រជាជនតែមួយគត់ ដែលមានសមត្ថភាព និងគ្រប់គ្រង សម្រាប់ការអភិវឌ្ឍប្រទេសនេះ។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកដទៃតាំងខ្លួនជាអ្នកពូកែ រហូតដល់ពេលថ្មីៗនេះ ពូកែរហូតដល់សន្យាបំពាក់អាវុធទំនើបៗជូនកងទ័ព។ ក្រុមនោះតែងតែបន្ទោសរាជរដ្ឋាភិបាល ក្នុងការទម្លាក់ថវិកាសម្រាប់វិស័យយោធា ប៉ុន្តែពេលនេះ បែរជាមកនិយាយថា បំពាក់អាវុធទំនើបឱ្យយោធាទៅវិញ។
*សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការបង្កើនចំណាយលើវិស័យយោធាកន្លងមក គឺចំណាយលើតែបៀវត្សរបស់មន្រ្តីទៅវិញទេ មិនមែនសម្រាប់បំពាក់អាវុធទំនើបឡើយ។
*សម្តេចតេជោ ហ៊ុន សែន ចាត់ទុកថា ការលើកឡើងរបស់បក្សសង្រ្គោះជាតិ បំពាក់អាវុធដល់កងទ័ព គ្រាន់តែជាការលើកឡើង ដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ។ នេះគឺជាការប្រឆាំងទាំងមុខក្រាស់។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពេលអនុម័តច្បាប់ថវិកា បក្សប្រឆាំងមិនដែលគាំទ្រនោះទេ ដោយសារតែរដ្ឋាភិបាល បានបង្កើតថវិកាសម្រាប់ការចំណាយលើបៀវត្សរបស់បុគ្គលិក មន្រ្តីរាជការ នេះមានន័យថា បក្សប្រឆាំងមិនចង់ឱ្យមន្រ្តីរាជការឡើងបក្សខែនោះទេ។
*សម្តេចតេជោ ហ៊ុន សែន រិះគន់ដល់គោលនយោបាយរបស់គណបក្សប្រឆាំង ដែលចែកថវិកា៥០ម៉ឺនដុល្លារ ក្នុងមួយឃុំ ដែលមិនអាចទៅរួចនោះទេ។
*សម្តេចតេជោ ហ៊ុន សែន ប្រកាសថា យើងមិនដឹងគណបក្សណាមួយឈ្នះឆ្នោតនោះទេ ប៉ុន្តែយើងសង្ឃឹមថា គណបក្សប្រជាជននឹងឈ្នះឆ្នោត ហើយសូមឱ្យគណបក្សនយោបាយទាំងអស់ ទទួលយកលទ្ធផលបោះឆ្នោត កុំឡាំប៉ាដូចកាលពីលើកមុន។
*សម្តេចតេជោ ហ៊ុន សែន បានប្រកាសទៅអ្នកគាំទ្រថា នៅពេលឈ្នះឆ្នោត បើមេឃុំណាបម្រើប្រជាពលរដ្ឋមិនបានល្អ គណបក្សត្រូវតែហ៊ានអារកាត់ និងផ្លាស់ប្តូរចេញតែម្តង។
*សម្តេចតេជោ បានថ្លែងថា កម្ពុជាមានម៉ូតូ៤លានគ្រឿង ប៉ុន្តែមនុស្សចេះជិះម៉ូតូ៨លាននាក់ តម្រូវឱ្យពលរដ្ឋធ្វើបណ្ណបើកបរ ក្នុងនាមជានាយករដ្ឋមន្រ្តី ខ្ញុំបានសម្រេចឱ្យមានការផ្លាស់ប្តូរបន្ទាន់។ នៅពេលពិភាក្សាលើកមុន បក្សប្រឆាំងទាមទារថា ត្រូវតែឱ្យមានបណ្ណបើកបរ ខ្ញុំក៏បានបញ្ជាក់ទៅវិញថា ឥឡូវយើងភ្នាល់គ្នាសម្រាប់ការបោះឆ្នោត បើបងប្អូនចង់ឱ្យអ្នកបើកបរម៉ូតូ មានបណ្ណបើកបរគ្រប់ៗគ្នា បោះឱ្យបក្សប្រឆាំងចុះ ប៉ុន្តែបើមិនចង់ឱ្យអ្នកបើកម៉ូតូគ្រប់គ្នា មានបណ្ណបើកបរទេ សូមបោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន៖ ការសម្រេចចិត្តខុសមួយថ្ងៃ ចង្រៃមួយជីវិត ការសម្រេចចិត្តខុសនៅថ្ងៃទី១៨ មីនា ដែលជារដ្ឋប្រហារទម្លាក់សម្តេចសីហនុ គឺនាំវិសនាសកម្មមកឱ្យកម្ពុជា បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ បោះឆ្នោតឱ្យគណបក្សប្រជាជនកម្ពុជា ដើម្បីខ្លួនឯង។
*សម្តេចតេជោ ហ៊ុន សែន នឹងជួបជុំជាមួយនឹង សាសនិកឥស្លាម នៅថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ដើម្បីជប់លាងស្រាយបួស ដែលរៀបចំដោយរាជរដ្ឋាភិបាលកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅម៉ោង៩៖១៥នាទី ព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ៕