(ភ្នំពេញ)៖ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ជាង១៥ម៉ឺននាក់ ត្រៀមចូលរួមដង្ហែក្បូនទ្រង់ទ្រាយធំ ដែលដឹកនាំដោយផ្ទាល់ របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧នេះ គឺជាថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត។
ក្បូនយុទ្ធនាការដ៏ធំសម្បើមរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំផ្ទាល់ដោយប្រធានគណបក្សកាន់អំណាចដ៏មានឥទិ្ធពល នឹងជួបជុំគ្នានៅតាមផ្លូវ៦០ម៉ែត្រ ក្នុងខណ្ឌមានជ័យ នឹងដង្ហែតាមដងវិថីពេញរាជធានីភ្នំពេញ រហូតដល់រង្វង់មូលចោមចៅ។ (សូមមើលផែនតម្រាយផ្លូវនៃការហែក្បួន)
សម្តេចតេជោ ហ៊ុន សែន មេដឹកនាំកម្ពុជាចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានថ្លែងអំពាវនាវនៅលើទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចូលរួមដង្ហែរ បក្សប្រជាជនយើងអោយបានច្រើនកុះករបំផុតនៅថ្ងៃទី២ ខែមិថុនានេះ»។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសប្រទេស ហើយគណបក្សដទៃ បានត្រឹមតែសន្យា។ សម្តេចប្រមុខគណបក្សកាន់អំណាចបន្តថា «គណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេស រីកចម្រើនមកទល់សព្វថ្ងៃនេះ។ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គម»៕