(ភ្នំពេញ)៖ ក្នុងនាមជាជនជាតិខ្មែរមួយរូប ខ្ញុំពិតជាមានការជ្រិញជាខ្លាំងចំពោះពាក្យទូន្មាន និងការដាក់បញ្ជា ឬសម្ពាធនយោបាយឱ្យកម្ពុជាត្រូវធ្វើនេះធ្វើនោះ តាមការចង់បាន និងការនឹកឃើញរបស់អស់លោកនៅក្នុងអ្វីដែលអស់លោកលើកឡើងដើម្បីបុព្វហេតុលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជា។
ប៉ុន្មានថ្ងៃចុងក្រោយនេះ ខណៈការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ សមាជិកសភាអាមេរិក អាស៊ានមួយចំនួនព្រមទាំងឯកអគ្គរដ្ឋទូត និងឯកអគ្គរាជទូតបស្ទិមប្រទេសមួយចំនួនប្រចាំកម្ពុជា និងអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួនបាននឹងកំពុងដើរ តួនាទីជាគ្រូបង្រៀន និងបានប្រដៅកម្ពុជាអំពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សដល់កម្ពុជា ព្រមទាំងព្យាយាមបង្គាប់បញ្ជាឱ្យរាជរដ្ឋាភិបាលនិងស្ថាប័នជាតិកម្ពុជា នានាអនុវត្តតាមការបញ្ជារបស់ពួកគេ។
អ្នកទាំងអស់នោះត្រូវបានគេសង្ស័យថា បានកំពុងនៅពីក្រោយខ្នងគណបក្សប្រឆាំងជួយសព្វជួយគ្រប់ទាំងផ្នែក បច្ចេកទេសយុទ្ធសាស្ត្រ និងពេលខ្លះសង្ស័យថាអាចលួចផ្តល់ជាសម្ងាត់នូវថវិកាផង ដើម្បីឱ្យបក្សប្រឆាំងអាចអនុវត្តផែនការរបស់ខ្លួន ក្នុងការផ្លាស់ប្តូរការដឹកនាំតាមការចង់បានរបស់ពួកគេជាយូរមកហើយផង។
ខ្ញុំពិតជាសោកស្តាយដែលអស់លោកដែលតាំងខ្លួនជាបុគ្គលមកពីអរិយប្រទេសបានតាំងខ្លួនសាជាថ្មីជាអ្នក គ្រប់គ្រងឬម្ចាស់អាណានិគមលើកម្ពុជា និងអះអាងថាខ្លួនមានសិទ្ធិគ្រប់គ្រាន់ក្នុងការដាក់សម្ពាធនយោបាយមកលើ កម្ពុជា អាចបង្ខំឱ្យកម្ពុជាធ្វើអ្វីៗតាមខ្សែញាក់របស់ខ្លួនបាន។ នេះគឺប្រាសចាក ពីគោលការណ៍អធិបតេយ្យភាពជាតិ និងឯករាជភាពជាតិមួយ។ រហូតមកទល់ពេលនេះ ប្រទេសកម្ពុជា និងប្រជាជនខ្មែរមានបទពិសោធន៍ឈឺចាប់ គ្រប់គ្រាន់នៃការលូកដៃកកូរកកាយរបស់បរទេសមកលើបញ្ហាផ្ទៃក្នុងខ្លួន ហើយប្រជាជនកម្ពុជា ក៏បានហែលឆ្លងកាត់នូវ សោកនាដកម្ម ការស្លាប់មនុស្សរាប់លាននាក់ ការទម្លាក់គ្រាប់បែកជិតបីលានតោនរបស់អាមេរិកផងហើយដែរ។
នៅពេលនេះ កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរ៉ាំរ៉ៃដែលប្រទេសអស់លោកបានបំពក់ភ្លើងដោយបាតដៃខ្មែរខ្លួនឯងក្រោម ការដាក់ចុះឱ្យនយោបាយឈ្នះ-ឈ្នះ ដោយសម្តេចតេជោ ហ៊ុន សែន។ ឥឡូវនេះអស់លោកបាននិងកំពុងលូកដៃ ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាទៀតលើការងារបោះឆ្នោត។
តើកម្ពុជាមានបានលូកដៃក្នុងកិច្ចការបោះឆ្នោតរបស់អាមេរិកទេ មានលូកដៃក្នុងការបោះឆ្នោតនៅប្រទេសអស់គ្លេសឬ អាល្លឺម៉ង់ទេ ហើយមានបានលូកដៃក្នុងការ បោះឆ្នោត ក្នុងប្រទេសណាមួយជាសមាជិកនៃអាស៊ានទេ? កម្ពុជា ពិតជាមិនបានធ្វើដូចអ្វីដែលអស់លោកកំពុងតែធ្វើមកលើកម្ពុជានេះទេ។ កម្ពុជា បានគោរពយ៉ាងខ្ជាប់ខ្ជួនចំពោះសិទ្ធិប្រទេសដទៃស្របតាមឧបករណ៍អន្តរជាតិទាំងឡាយ។
ខណៈប្រទេសរបស់ខ្លួនកំពុងតែជួបនឹងវិបត្តិក្នុងការបោះឆ្នោត ត្រូវបានចោទប្រកាន់ពីការកេងបន្លំសន្លឹក ឆ្នោត ប្រព័ន្ធផ្សព្វផ្សាយមិនឯករាជ្យបង្ក្រាបលើបាតុករ យ៉ាងយង់ឃ្នង អស់លោកបែរជាមកប្រដៅកម្ពុជាដោយមិន បានក្រឡេកមើលខ្លួនឯង។ អស់លោកអាចដឹងប៉ុន្តែធ្វើជាមិនដឹង ឬបំពានលើគោលការណ៍ អន្តរជាតិនានា ប៉ុន្តែខ្ញុំសូមរម្លឹកជូនដូចអ្វីដែលបានលើកឡើងនៅក្នុងឯកសារប្រាប់ពីការពិតរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ផ្សាយកាលពីខែមេសា ឆ្នាំ ២០១៧ ថា កម្ពុជាគឺជារដ្ឋអធិបតេយ្យភាពមួយ។
អធិបតេយ្យនេះត្រូវតែទទួលបាននូវការគោរពដោយពេញលេញ។ ធម្មនុញ្ញអង្គការសហប្រជាជាតិបានបញ្ញត្តយ៉ាងច្បាស់ថា គ្មានរដ្ឋណាមួយមានសិទ្ធិទៅលូកលាន់ ដោយផ្ទាល់ ឬដោយប្រយោល ទោះក្នុងហេតុផលណាក៏ដោយនៅក្នុងកិច្ចការផ្ទៃក្នុង ឬបញ្ហាដែលប៉ះពាល់ដល់បូរណភាពទឹកដី ឬឯករាជភាពនយោបាយរបស់ ប្រទេសដទៃបានឡើយ។ រដ្ឋធម្មនុញ្ញអាស៊ានក៏បានកំណត់យកការមិនលូកលាន់កិច្ចការផ្ទៃក្នុង របស់រដ្ឋជាសមាជិកធ្វើជាគោលការណ៍មូលដ្ឋានរបស់ខ្លួនផងដែរ។
ម្យ៉ាងទៀតនៅក្នុងកិច្ចព្រមព្រៀងទាក់ទង នឹងអធិបតេយ្យភាព ឯករាជ្យភាពបូរណភាព និងភាពមិនអាចរំលោភបំពានបាននៃដែនដី អព្យាក្រឹត្យភាព និងឯកភាពជាតិកម្ពុជាដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងសន្តិភាពគ្រប់ជ្រុងជ្រោយ របស់កម្ពុជាដែលយើងហៅជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋហត្ថលេខីទាំង១៨ មានកាតព្វកិច្ចជាក់លាក់គឺ «ត្រូវចៀសវាងការលូកលាន់ទោះក្នុងទម្រង់ណាក៏ដោយ ទាំងផ្ទាល់ ឬមិនផ្ទាល់នៅក្នុងកិច្ចការផ្ទៃ ក្នុងរបស់កម្ពុជា។
ចុះបើឧបករណ៍ច្បាប់អន្តរជាតិទាំងនេះបានចែងដូច្នេះហើយ អស់លោកសុទ្ធតែមកពីប្រទេសមាតា និងបិតាធិបតេយ្យ ហេតុអ្វីមិនព្យាយាមធ្វើគំរូល្អ សម្រាប់ប្រទេសផ្សេងទៀតផង ដោយគោរពទៅលើធម្មនុញ្ញទាំងនេះផង? កម្ពុជាមានរបៀបធ្វើការរបស់កម្ពុជា ហើយប្រជាធិបតេយ្យនៅកម្ពុជាមិនអាចចម្លង ប្រជាធិបតេយ្យរបស់អាមេរិកឬ ពីបស្ទិមប្រទេសមកទាំងដុលនោះឡើយ។
ចុះពេលខ្មែរក្រហមឡើងគ្រប់គ្រងប្រទេសកម្ពុជា កាប់សម្លាប់ប្រជាជនកម្ពុជារាប់លាននាក់ បំផ្លិចបំផ្លាញប្រទេសស្ទើរគ្មានសល់ ហេតុអ្វីបានជាពេលនោះ ក្រុមប្រទេសអស់លោកមិននាំគ្នា សូត្រមេរៀនសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យជាមួយក្រុមខ្មែរក្រហមផងទៅ? ប៉ុន្តែផ្ទុយមកវិញក្រោយរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជាបានរំដោះប្រទេសចេញពីក្រញ៉ាំដៃពួកខ្មែរក្រហម ប៉ុលពត រដ្ឋាភិបាលរបស់អស់លោក និងរដ្ឋាភិបាលលោកខាងលិចមួយចំនួនទៀត បានជ្រើសរើសយកការគាំទ្រចំពោះភាគីដែលខុស។
ពួកគេជ្រើសយកភាគីដែលជំរុញឱ្យមានអសណ្តាប់ធ្នាប់ ហើយប្រឆាំងទៅនឹងភាគីសាធារណរដ្ឋ ប្រជាមានិតកម្ពុជា និងក្រោយមកបានប្តូរជារបបរដ្ឋកម្ពុជា ដែលជំរុញការអភិវឌ្ឍដែលនាំប្រទេសរីកចម្រើន នៅក្នុងអាត្រាកំណើនសេដ្ឋកិច្ចជាមធ្យម ៧,៧% ក្នុង រយៈពេលពីរទសវត្សរ៍ចុងក្រោយ ហើយការកាត់បន្ថយភាពក្រីក្រពី៥០% នៅឆ្នាំ១៩៩០ ឱ្យធ្លាក់មកនៅត្រឹមជាង១១% នៅឆ្នាំ ២០១៦ និងភាគីសម្រេចបាន ស្ទើរតែគ្រប់គោលដៅអភិវឌ្ឍន៍សហវត្សរ៍។
ពួកគេបានជ្រើសយកភាគី ដែលបដិសេធអត្ថិភាពនៃរបបប្រល័យពូជសាសន៍ ហើយប្រឆាំងនឹងភាគីដែលបាន រំដោះប្រទេស និងការពារប្រជាជនពីការវិលត្រឡប់នៃរបបនេះ។ ពួកគេជ្រើសរើសយកការគាំទ្រភាគីបក្សប្រឆាំងនៅកម្ពុជា ដែលតែងតែប្រើវោហារសាស្ត្រញុះញង់ ឱ្យមានជម្លោះជាមួយវៀតណាម ហើយប្រឆាំងនឹងភាគីដែលផ្តល់តម្លៃជាពិសេសទៅលើសន្តិភាពទាំងនៅក្នុង និងក្រៅប្រទេស។
អស់លោក រួមនឹងរដ្ឋាភិបាល និងស្ថាប័នលោកខាងលិចមួយចំនួន បច្ចុប្បន្ននេះកំពុងតែបន្តគាំទ្របុគ្គលមួយចំនួននៅកម្ពុជា ដែលគេស្គាល់និងដឹងឮជាចំហរថា ជាជនរើសអើងពូជសាសន៍ដូចជាទណ្ឌិត សម រង្ស៊ី និង កឹម សុខា ដែលអ្នកដែលធ្លាប់បដិសេធ ឬមិនជឿលើការសម្លាប់រង្គាលដោយរបបខ្មែរក្រហមនៅកម្ពុជា និងថាគុកទួលស្លែងជា គុកសិប្បនិមិត្តជាដើម និងអ្នកខ្លអជាអ្នកជាតិនិយមជ្រុលហួសហេតុ។
អ្នកនយោបាយប្រជាភិថុត និងធ្វើនយោបាយបោកប្រាសរាស្ត្រ ទាំងនេះគឺជាសត្រូវអាក្រក់បំផុតនៃលទ្ធិប្រជាធិតេយ្យ ប៉ុន្តែពួកគេបែរជាទទួលបានការគាំទ្រពីអស់លោក និងពីប្រទេសលោកខាងលិចមួយចំនួន ដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍត្រូវបានក្រុមអ្នកប្រឆាំងមាក់ងាយជេរប្រមាថ សុទ្ធតែពាក្យអសុរស «ក្បត់ជាតិ» «លក់ក្បាល» «ពួកអាយួន» ជាដើម។
ហេតុអ្វីបានជាអស់លោកមិនប្រាប់បក្សប្រឆាំងដែលជាកូនចឹងរបស់អស់លោកឱ្យគោរពសិទ្ធិរបស់អ្នកដទៃផង? ខ្ញុំក៏កាន់តែឈឺចាប់ថែមទៀត នៅពេលដែលមើល ឃើញប្រទេសកម្ពុជាដ៏កម្រត់របស់ខ្ញុំត្រូវបានគេជាន់ពន្លិចពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយខែទៅមួយខែ ពីមួយឆ្នាំទៅមួយឆ្នាំដោយរបាយការណ៍ពីសារព័ត៌មានដែល មាននិន្នាការប្រឆាំង អង្គការមិនមែនរដ្ឋាភិបាលដែលលម្អៀង និងស្ថាប័នដែលបានទទួលស្គាល់ព័ត៌មានមិនពិត ដែលបានមួលបង្កាច់តថាភាព និងព្រឹត្តិការណ៍ ប្រវត្តិសាស្ត្រនានាក្នុងគោលបំណងបង្កើតរូបភាពអ វិជ្ជមានចំពោះកម្ពុជា និងដាក់កំហុសទៅលើរាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
កម្ពុជាមានភាពចាស់ទុំនយោបាយហើយ កម្ពុជាក៏ជារដ្ឋអធិបតេយ្យមួយដែរ ដូច្នេះអស់លោកគួរទុកពេលវេលា និងតួនាទីដល់ប្រជាជនកម្ពុជាក្នុងការរៀបចំ អនាគតរបស់ខ្លួន។ កម្ពុជាអរគុណមិត្តភក្តិបរទេសដែលជួយឈឺ ឆ្អាលលើកិច្ចការកម្ពុជា ប៉ុន្តែការជ្រៀតជ្រែកលូកលាន់ក្នុងកិច្ចការផ្ទៃក្នុងរបស់កម្ពុជា គឺខុសនឹង ធម្មនុញ្ញអង្គការសហ ប្រជាជាតិ និងធម្មនុញ្ញអាស៊ាន។ ដូច្នេះ ខ្ញុំសូមជម្រាបជូនអស់លោកថា គ្មាននរណាស្រឡាញ់ខ្មែរជាងខ្មែរខ្លួនឯងឡើយ ហើយបទពិសោធ អតីតកាល ក៏សមល្មមសម្រាប់ប្រជាជនកម្ពុជាបានរៀនសូត្រ និងចៀសវាងបាន មិនចាំបាច់អស់លោកមកលូកដៃ កកូរកកាយក្នុងផ្ទៃក្នុងកម្ពុជានោះទេ៕
ដោយ៖ ចៅចាក់ស្មុក