(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ អមដំណើរដោយមន្រ្តីអាជ្ញាធរមូលដ្ឋានភូមិសង្កាត់ និងសហការី នៃសង្កាត់ព្រែកកំពឹស ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថរាជធានីភ្នំពេញជាច្រើនរូប បានចុះជួបសួរសុខទុក្ខ និងប្រគល់ផ្ទះ២ខ្នង ជូនគ្រួសារទីទាល់ក្រ០២គ្រួសារ ក្នុងភូមិព្រែករទាំង និងភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស។
គ្រួសារទីទាល់ក្រទាំង២ ដែលត្រូវទទួលផ្ទះពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង រួមមាន៖
ទី១៖ ឈ្មោះ ខាន់ សួន អាយុ៧០ឆ្នាំ រស់នៅភូមិព្រែករទាំង (មានចៅក្នុងបន្ទុក១០នាក់) ហើយក្រៅពីសាងសង់ផ្ទះថ្មីឲ្យទាំងស្រុង ក៏មានបំពាក់កង្ហាល ទូរទស្សន៍ មុង កន្ទេល ឲ្យមួយឈុត និងជួយឧបត្ថម្ភ អង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែ។
ទី២៖ ឈ្មោះ ពុំ សុផល អាយុ៦២ឆ្នាំ រស់នៅភូមិដំណាក់សង្កែ (មានចៅក្នុងបន្ទុក០៧នាក់) ក្រៅពីសាងសង់ផ្ទះថ្មីឲ្យទាំងស្រុង លោកក៏បានឧបត្ថម្ភ អង្ករ០៣ការ៉ុង ថវិកា២០ម៉ឺនរៀល ជារៀងរាល់ខែផងដែរ។
ក្រោយពេលទទួលបានផ្ទះថ្មី ស្ត្រីមេម៉ាយទាំងពីរគ្រួសារ បានសម្តែងការរំភើបត្រេកអរជាអនេក និងបានចាត់ទុក លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ជាមនុស្សដែលមានគុណធម៌ មេត្តាធម៌ និយាយពិត ធ្វើពិត ជាអ្នកមានគុណដ៏ធំមួយសម្រាប់ពួកគាត់៕