(កំពង់ធំ)៖ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ ជួយស្រុកបារាយណ៍ លោក ថោង ខុន បានថ្លែងនៅក្នុងពិធីបុណ្យផ្កាប្រាក់ សាមគ្គី ក្នុងវត្តពោធិ៍ ស្ថិតនៅឃុំទ្រៀល និងពិធីជួបជុំពុទ្ធបរិស័ទ្ធ និងព្រះសង្ឃនៅវត្តពពេជ្រ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា មានតែគណបក្សប្រជាជនកម្ពុជាតែមួយគត់ ដែលអាចធានាបាននូវ ស្ថិរភាពនយោបាយ រក្សាបានសុខសន្តិភាព និងការអភិវឌ្ឍ ជូនប្រទេសជាតិ។

លោក ថោង ខុន បានថ្លែងអះអាងថា គណបក្សប្រជាជនកម្ពុជា បានធ្វើពលិកម្មលះបង់សាច់ស្រស់ឈាមស្រស់ ដើម្បីតស៊ូ ផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្រួបបង្រួមជាតិ ពន្លត់ភ្លើងសង្គ្រាមនាំ មកនូវសន្តិភាព និងអភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ ។

លោក ថោង ខុន បានរំលឹកឡើងវិញ អំពីសោកនាដកម្មក្នុងរបបប៉ុលពត ដែលបំផ្លិចបំផ្លាញទាំងស្រុងនូវហេដ្ឋារចនាសម្ព័ន្ធ រួមទាំងអាយុជីវិតរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងនោះវាយបំផ្លាញវត្តអារាម ចាប់ផ្សឹក ធ្វើគត់ព្រះសង្ឃ ហើយបំផ្លាញវិស័យ ព្រះពុទ្ធសាសនា រួមទាំងសាសនាដទៃទៀត ។ ប៉ុន្តែក្រោយថ្ងៃរំដោះថ្ងៃ៧មករា ឆ្នាំ១៩៧៩ គណបក្សប្រជាជនកម្ពុជា ដែលដៃម្ខាងការពារមិនឲ្យរបបប៉ុលពតវិលមកវិញ ហើយដៃម្ខាងទៀតខិតខំតស៊ូ ដើម្បីស្តារនិងកសាងប្រទេសជាតិ ពីបាតដៃទទេ រហូតមានការីកចំរើនលើគ្រប់វិស័យក្នុវិស័យព្រះពុទ្ធសាសនា (រួមទាំងសាសនាដទៃ) ក៏មានការរីកចំរើន គួរជាទីមោទនៈពិសេស ភាពសុខដុមរមនា ក្នុងសង្គមកម្ពុជានៃសាសនាមានការរីកចម្រើនយ៉ាងល្អប្រសើរ។ មកដល់សព្វថ្ងៃនេះវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើននៅទូទាំងប្រទេស រហូតយើងមានព្រះសង្ឃជិត៧ម៉ឺនអង្គ និងវត្តជិត៥ពាន់វត្ត។

លោក ថោង ខុន ក៏បានថ្លែងនៅការកោតសរសើរចំពោះប្រជាពលរដ្ឋព្រមទាំងពុទ្ធបរិស័ទ ដែលបានរួមសាមគ្គីគ្នាកសាងវត្ត អារ៉ាម និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យបានរីកចម្រើនគួរជាទីមោទនៈបំផុត ។ ប៉ុន្តែយើងទាំងអស់គ្នាត្រូវចងចាំថា ភាពសុខដុមនីយកម្ម និងការរីកចម្រើនរបស់វិស័យសាសនាក៏ដូចជាការរីកចំរើនវិស័យដទៃទៀតសព្វថ្ងៃនេះគឺបានដោយ សារប្រទេសជាតិ យើងមានសុខសន្តិភាព ពេញលេញដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់គណបក្ស ប្រជាជនកម្ពុជា ដែលដឹកនាំដោយ សម្តេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា។ នេះសច្ចៈធម៌នៃប្រវត្តិសាស្ត្រដែលមិនអាចអ្នកណាម្នាក់បំភ្លៃ បានឡើយ ។

លោក ថោង ខុន បានអំពាវនាវជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋគ្រប់រូបឲ្យចងចាំថា មានតែគណបក្សប្រជាជនកម្ពុជា តែមួយគត់ដែលអាចធានា បាននូវលទ្ធិប្រជាធិបតេយ្យ រក្សាស្ថិរភាពនយោបាយ សុខសន្តិភាពនិងការអភិវឌ្ឍប្រទេស លើគ្រប់វិស័យ ។ និយាយរួមគណបក្សប្រជាជនកម្ពុជា គឺជាគណបក្សតែមួយគត់ដែលជាអ្នកកំណត់ នូវជោគវាសនារបស់ប្រទេសជាតិ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា សូមកុំជឿពាក្សឃោសនា ដែលមានលក្ខណះញុះញង់ ប្រទូស្តរ៉ាយជាតិ បំបែកបំបាក់ជាតិពីសំណាក់មនុស្សអគតិ ឬ បក្សអគតិ មួយចំនួន។

ចំពោះករណីដែលមានគណបក្សនយោបាយខ្លះថាខ្លួនគ្មានអាវុធ គឺមិនអាចនាំទៅរកសង្គ្រាមបានទេនោះ    ករណីនេះលោកថោង ខុនបាន បកស្រាយពន្យល់ថា សង្គ្រាមគឺផ្តើមចេញពីការខុសឆ្គងខាងនយោបាយ បើអ្នកនយោបាយ គ្មានទស្សនវប្បធម៌សន្ទនា គ្មានទស្សនៈ នយោបាយបង្រួបបង្រួមជាតិ គ្មានមនសិកាស្រឡាញ់ជាតិនិងស្រឡាញ់ប្រជាជន ខ្លួនឯងលុះដោយខ្សែញាក់របស់បរទេស មានតែការញុះញង់បំភ្លៃការពិត ចង់តែបង្កើតចលនាបដិវត្តន៏ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត នោះវានឹងនាំទៅដល់សង្គ្រាមផ្ទៃក្នុងមិនខាន ដូចឧទាហរណ៍នៅប្រទេសមួយចំនួនសព្វថ្ងៃ។ព្រោះថាអ្នកដែលចង់ធ្វើបដិវត្តន៏ពណ៌គេបានលក់ខ្លួនបំរើអោយបរទេស ដែលមាននៅពីខាងក្រោយ រង់ចាំតែឱកាសមកដល់ ដើម្បីបញ្ជូនអាវុធចូលប៉ុណ្ណោះ ពួកគេមិនខ្វល់នឹង ទុក្ខវេទនារបស់ប្រជាជនយើងទេ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋបន្តគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីធានាសុខសន្តិភាព ស្ថិរភាពនយោបាយ នាំមកនូវការអភិវឌ្ឍន៏ជូនប្រទេសជាតិ។

លោកអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវប្តេជ្ញាចិត្តជាឯកច្ឆន្ទថា នឹងមិននាំប្រទេសជាតិកម្ពុជា ទៅរកសង្គ្រាមវិញឡើយ៕