(កំពត)៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក វ៉ាន សំអឿន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន នៅរសៀល ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចុះទៅជួបទទួលសកម្មជនបក្សសង្រ្គោះជាតិប្រមាណជាង៧០នាក់ នៅភូមិពែងធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលស្នើសុំមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា។

ក្នុងឱកាសជួបសំណេះសំណាល ជាមួយសកម្មជន ដែលមករួមរស់ជាមួយគណបក្ស CPP នោះ លោក វ៉ាន សំអឿន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះ ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូន សកម្មជនបក្សសង្រ្គោះជាតិ ដែលបានសម្រេចចិត្តមករួមរស់ជាមួយ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេចតេជោ។

បងប្អូនសកម្មជន CNRP បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា មូលហេតុដែលពួកគាត់ចាកចេញ ពីបក្សសង្រ្គោះជាតិដោយសារអស់ជំនឿ លើថ្នាក់ដឹកនាំបក្សនេះ ហើយថាបក្សប្រឆាំងពោរពេញទៅដោយអំពើពុករលួយ ពូកែតែសន្យា ប៉ុន្តែមិនដែលធ្វើតាមសន្យាឡើយ។ ជាពិសេសនោះថ្នាក់ដឹកនាំបក្សនេះ ពុំដែលបានធ្វើអ្វីដើម្បីប្រយោជន៍ជាតិទេ ហើយមិនដែលខ្វល់ខ្វាយ ពីសុខទុក្ខសកម្មជនថ្នាក់ក្រោមឡើយ គឺគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន មានរឿងអាស្រូវជាច្រើន មិនសមជាថ្នាក់ដឹកនាំបក្សឡើយ។

ជាមួយគ្នានេះ លោក វ៉ាន សំអឿន និងក្រុមការងារបានពន្យល់បង្ហាញ ប្រជាពលរដ្ឋអំពីលេខរៀងគណបក្ស និង មានរូបទេវតាបាចផ្កាជាសម្គាល់ ហើយលោក ក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋអតីត CNRP ដែលទើបតែមករួមរស់ជាមួយ CPP ឲ្យប្រាប់សមាជិកក្រុមគ្រួសារ សាច់ញតិ និងមិត្តភក្តិរបស់ពួកគាត់ឲ្យជឿជាក់ ទុក្ខចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោ ទើបអាចរក្សាបាននូវសន្តិភាពបានយូរអង្វែង និងបន្តការអភិវឌ្ឍភូមិឲ្យកាន់តែរីកចម្រើន រុងរឿង និងសម្បូរសប្បាយតរៀងទៅ។

សូមជម្រាបថា នៅព្រឹកថ្ងៃទី០១ ខែមិថុនាដដែល លោក វ៉ាន សំអឿន បានដឹកនាំក្រុមការងារចុះធ្វើយុទ្ធនាការឃោសនា នៅភូមិត្រពាំងម្នាស់ ឃុំដង់ទង់ ស្រុកដងទង់ ខេត្តកំពត។

លោក វ៉ាន សំអឿន បានជម្រុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក​ ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ស្វែងយល់អំពីសុខទុក្ខគាត់ និងជួយដោះស្រាយរាល់ការលំបាក របស់ប្រជាពលរដ្ឋឲ្យបានលឿន តាមការដែលអាចធ្វើទៅបាន។

លោក វ៉ាន សំអឿន បានពន្យល់និងជម្រុញឲ្យប្រជាពលរដ្ឋទូទៅ និងសកម្មជនបក្សសង្រ្គោះជាតិថា សូមបងប្អូនបោះឆ្នោតឲ្យគណបក្សប្រជាជន ដឹកនាំដោយសម្តេចតេជោទៅ មិនខុសបំណងទេ។ គណបក្សប្រជាជន ជាបក្សដែលមានវ័យចាស់ទុំជាងគេ និងបានសាងគុណសម្បត្តិយ៉ាងច្រើនរាប់មិនអស់ ដើម្បីប្រជាជន និងប្រទេសជាតិ ជាពិសេសគឺបាននាំយកសន្តិភាពជូនប្រជាជន ធ្វើឲ្យប្រជាជនរស់នៅបានសុខសាន្ត មិនភ័យក្លាច រត់លូន ដូចសម័យសង្រ្គាមពីអតីតកាលឡើយ។

លោកបានជម្រាបជូន ប្រជាពលរដ្ឋទូទៅ រួមទាំងបងប្អូនដែលធ្លាប់គាំទ្របក្សប្រឆាំងថា សូមបងប្អូនកុំចំណាយពេលវេលា ដ៏មានតម្លៃជាមួយបក្សប្រឆាំងអី ព្រោះបក្សមួយនេះ មិនមានគោលការណ៍ច្បាស់លាស់ទេ មិនបានគិតដល់ប្រយោជន៍ជាតិជាធំទេ គេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ បក្សប្រឆាំងមិនមានសមត្ថភាពដឹកនាំប្រទេសទេ។ បក្សប្រឆាំងបានតែសំដី បានតែឃោសនាបោកប្រជាជន និងសន្យាខ្យល់តែប៉ុណ្ណោះ៕