(រតនគិរី)៖ ស្ពានតេជោសេសាន្ត ស្ថិតនៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានអាជ្ញាធរខេត្តក្រាលដែកបាឡេជំនួសវិញ ដើម្បីសម្រួលឲ្យប្រជាពលរដ្ឋធ្វើដំណើរបណ្តោះអាសន្ន បន្ទាប់ពីក្រុមហ៊ុនឯកជនមួយពន្យារពេលសាងសង់ អស់ជាច្រើនឆ្នាំមកនោះ។

លោក ថង សាវុន អភិបាលខេត្តរតនគិរី បានសម្រេចឲ្យក្រាលដែកបាឡេនេះ ដើម្បីឲ្យប្រជាពលរដ្ឋអាចធ្វើដំណើរ ក៏ដូចជាដឹកទំនិញ និង កសិផលផ្សេងៗ ព្រោះពេលបច្ចុប្បន្នប្រជាពលរដ្ឋកំពុងជួបការលំបាកក្នុងការធ្វើដំណើរខ្លាំង។ មកដល់ត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ ការក្រាលដែកបាឡេនេះសម្រេចបានប្រមាណ ៩៥ភាគរយហើយ។

លោក ឃេន សានិត អភិបាលស្រុកអណ្តូងមាសឲ្យដឹងថា ស្ពានតេជោសេសាន្តឆ្លងកាត់ទន្លេសេសាន្តតភ្ជាប់ ទៅកាន់តំបន់កន្ទុយនាគ និងជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹងជញ្ជូនកសិផល និងការធ្វើដំណើរឆ្លងកាត់របស់ ប្រជាពលរដ្ឋពីត្រើយម្ខាងទៅកាន់ត្រើយម្ខាងទៀត ។

ស្ពាននេះមានប្រវែង២៥២ ម៉ែត្រ ត្រូវបានចាប់ផ្តើមដំណើរកាសាងសង់ដោយកែប្រែពីស្ពានដែកប៉េឡេ ទៅជាស្ពានបេតុងវិញកាលពីឆ្នាំ២០១៣ ដោយក្រុមហ៊ុនឯកជនក្នុងស្រុកមួយ តែក្រោយសាងសង់បេតុងសម្រេចបានជាង ១០០ម៉ែត្រ បានផ្អាកដំណើរការសាងសង់ដោយសារបញ្ហាមួយចំនួន។  

លោកអភិបាលស្រុកបន្តថា ក្រោយពីមានការជំរុញ ណែនាំ និងយកចិត្តទុកដាក់ទាំងស្មារតី និងធនធានពីលោក ថង សាវុន ក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានសហការជាមួយអាជ្ញាធរស្រុក បានចុះសាងសង់បណ្តោះអាសន្ន នូវចំណុច ដែលមិនទាន់ចាក់បេតុង ដោយក្រាលដែកបាឡេសម្រាប់ប្រជាពលរដ្ឋឆ្លងកាត់បណ្តោះអាសន្នបាន។

លោក ថង សាវុន បានណែនាំដល់ក្រុមការងារ និងអាជ្ញាធរស្រុក ជំរុញការងារនេះឲ្យបានរួចរាល់សម្រាប់ ប្រជាពលរដ្ឋបានឆ្លងកាត់នាថ្ងៃទី០៣ ខែមិថុនា ខាងមុខនេះ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់របស់ ប្រជាពលរដ្ឋមូលដ្ឋាន ជាពិសេសតម្រូវការបន្ទាន់ក្នុងករណីណាមួយ៕