(បន្ទាយមានជ័យ)៖ នារសៀល​ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ ឱ បូរិន្ទ ប្រគល់បាល់ទាត់៤០៥គ្រាប់ ដល់សិក្សានុសិស្សចំនួន៣០ក្រុម ដែលជាកីឡាបាល់ទាត់ទូទាំងខេត្ត។

លោក ស្តើង តុងហឹង ប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្ត បានអរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តសេនីយ៍ត្រី ឱ បូរិន្ទ ដែលបានប្រគល់បាល់ទាត់ចំនួន៤០៥គ្រាប់ ដល់ក្រុមកីឡាករ និងកីឡាការនីចំនួន៣០ក្រុម ទូទាំងខេត្តបន្ទាយមានជ័យ។

លោកបានបញ្ជាក់ថា បាល់ទាត់ចំនួន៤០៥គ្រាប់ ដែលត្រូវប្រគល់ជូន៣០ក្រុមមាន៖ ១.សិស្សានុសិស្ស មកពីវិទ្យាល័យចំនួន២៧ក្រុម ២.ក្រុមសិស្សគរុកសល និងវិក្រិត្តការខេត្តបន្ទាយមានជ័យចំនួន១ក្រុម ៣.ក្រុមបាល់ទាត់សកលវិទ្យាល័យ១ក្រុម និង៤.ក្រុមបាល់ទាត់មន្តី្រមន្ទីអប់រំយុវជននិងកីឡាខេត្តចំនួន១ក្រុម។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ លើកឡើងថា ការងារនេះ ត្រូវបានការយកចិត្តទុកដាក់ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាកម្ពុជា ក៏​ដូចជា មានការណែនាំពីលោក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

លោកថា បាល់ទាត់ដែលត្រូវបានប្រគល់ជូនកីឡាករ និងកីឡាការិនី គឺមានការចូលរួមឧបត្ថម្ភពីសាខាធានាគារអេស៊ីលីដាខេត្ត និងសាខាធាគារអេអ៊ឹម ខេត្តបន្ទាយមានជ័យដែលចូលរួមលើវិស័យអប់រំកីឡា។

លោកបានបញ្ជាក់ថា ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ បានយកចិត្តទុកដាក់លើវិស័យកីឡានិងលុបបំបាត់គ្រឿងញៀន ហើយឲ្យសិស្សានុសិស្ស និងយុវជនចាប់យកវិស័យកីឡា គឺសុខភាពនិងត្រូវនៅឲ្យឆ្ងាយពីគ្រឿងញៀន ចូលរួមលុបបំបាត់គ្រឿងញៀន យើងទាំងអស់គ្នាត្រូវឆ្លើយថា ទេចំពោះគ្រឿងញៀន ដើម្បីសុខភាពខ្លួនឯងគ្រួសារនិងប្រទេសជាតិមានសុខសន្តិភាព៕