(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ បានប្រារព្ធពិធីជួបជុំសំណេះសំណាល រវាងថ្នាក់ដឹកនាំជាមួយ និងមន្ត្រីបុគ្គលិក ឆ្មាំ កម្មករជិត១ពាន់នាក់ នៅសាលសន្និសីទអង្គរ។  ពិធីជួបជុំនេះធ្វើឡើងក្រោមវត្តមានលោក សុខ សង្វារ អគ្គនាយករង និងជាតំណាងអគ្គនាយកអាជ្ញាធរជាតិអប្សរា ក្នុងគោលបំណងជំរុញឲ្យមន្ត្រី បុគ្គលិកទាំងអស់ ចូលរួមបំពេញកាតព្វកិច្ចជាពលរដ្ឋ ក្នុងការបោះឆ្នោតឃុំសង្កាត់ ដែលនឹងចូលមកដល់នៅថ្ងៃទី៤ ខែមិថុនាខាងមុខ។

ក្នុងឱកាសនេះ លោក សុខ សង្វារ បានរំឭកឲ្យមន្ត្រីបុគ្គលិកទាំងអស់ ត្រៀមឯកសារឲ្យបានគ្រប់គ្រាន់ ដើម្បីចូលរួមក្នុងការបោះឆ្នោតជ្រើស មេឃុំចៅសង្កាត់តាមទីតាំងដែលខ្លួនបានចុះឈ្មោះរៀងៗខ្លួន។ ជាពិសេសលោក ក៏បានអំពាវនាវឲ្យចូលរួមជ្រើសរើស មេឃុំចៅសង្កាត់ នៃគណបក្សណាដែលអាចរក្សាបាននូវសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍជាក់ស្តែង។

ជាមួយគ្នានេះ លោកក៏បានរំឭកឡើងវិញនូវសមិទ្ធផលសំខាន់ៗ នៃការងារគ្រប់គ្រងរមណីយដ្ឋានអង្គរ និងដំណាក់កាលវិវត្តន៍សំខាន់ៗ បន្ទាប់ពីការបញ្ចូលអង្គរជាសម្បត្តិបេតិកភណ្ឌពិភពលោករួចមក ដូចជា ការបង្កើតគណៈកម្មាធិការអន្តរជាតិ ICC-Angkor ការបង្កើតអាជ្ញាធរជាតិអប្សរា ការបង្កើតច្បាប់ការពារបេតិកភណ្ឌ និងការទទួលបានសន្តិភាពពេញលេញ លើផ្ទៃប្រទេសតាមរយៈគោលនយោបាយឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន រហូតធ្វើឲ្យអង្គរលែងជាបេតិកភណ្ឌពិភពលោកប្រឈម នឹងគ្រោះថ្នាក់ចាប់ពីឆ្នាំ២០០៤មក។ ចាប់ពីពេលនោះហើយ ដែលកិត្តិសព្ទអង្គរបានល្បីល្បាញទៅកាន់ពិភពលោកកាន់តែខ្លាំងឡើងៗ រហូតទទួលបានការបោះឆ្នោតគាំទ្រថា ជាគោលដៅទេសចរណ៍ ស្រស់ស្អាតបំផុតលើពិភពលោក ពីសំណាក់គេហទំព័រដ៏ធំរបស់ពិភពលោកដូចជា Trip Advisor និង Lonely planet ជាដើម។

លោកបន្ថែមថា ភាពជោគជ័យទាំងអស់នេះ គឺកើតចេញពីកម្លាំងសាមគ្គីនៃថ្នាក់ដឹកនាំ និងមន្ត្រីបុគ្គលិកទាំងអស់របស់អាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមជ្រោមជ្រែងពីស្ថាប័នពាក់ព័ន្ធជាតិ និងអន្តរជាតិជាច្រើនទៀត៕