Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន អំពាវនាវប្រជាពលរដ្ឋចូលរួមដង្ហែបក្សឲ្យបានច្រើនកុះករនៅថ្ងៃស្អែក, តាមការគ្រោងទុកក្បួនដង្ហែដឹកនាំផ្ទាល់ដោយសម្តេចតេជោ ជាលើកដំបូងមានអ្នកចូលរួមចន្លោះពី ១៥ម៉ឺនទៅ ២០ម៉ឺននាក់

01-06-2017 18:39

(ភ្នំពេញ)៖ ប្រមុខគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកំពុងកាន់អំណាច និងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដ៏មានឥទ្ធិពលសម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវប្រជាពលរដ្ឋចូលរួមដង្ហែបក្សឲ្យបានច្រើនកុះករនៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ។

សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលបានដឹកនាំកម្ពុជាចេញពីគំនរផេះផង់នៃភ្លើងសង្រ្គាម បានថ្លែងអំពាវនាវនៅលើទំព័រ Facebook របស់សម្តេចនៅល្ងាចថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះយ៉ាងដូច្នេះ «សូមបងប្អូនប្រជាពលរដ្ឋអ្នកគាំទ្រ និងសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ចូលរួមដង្ហែរ បក្សប្រជាជនយើងអោយបានច្រើនកុះករបំផុតនៅថ្ងៃស្អែក ទី២ ខែមិថុនា»

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា គឺស្ថិតនៅជាគណបក្សនយោបាយដ៏ធំ និងរឹងមាំបំផុតនៅក្នុងប្រទេសប្រទេស ហើយគណបក្សដទៃ បានត្រឹមតែសន្យា។

សម្តេចប្រមុខគណបក្សកាន់អំណាចបន្តថា «គណបក្សប្រជាជនយើង គឺបានរំដោះជាតិទឹកដី និងកសាងប្រទេសរីកចម្រើនមកទល់សព្វថ្ងៃនេះ។ មានគណបក្សប្រជាជន គឺច្បាស់ជាមានសន្តិភាព និងវឌ្ឍនៈភាពសង្គម»

តាមការគ្រោងទុកការចេញមកដឹកនាំក្បួនឃោសនារកសំឡេងឆ្នោតជាលើកដំបូងរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ស្អែកនេះ នឹងមានអ្នកចូលរួមក្នុងចន្លោះពី ១៥ម៉ឺន ទៅ ២០ម៉ឺននាក់។

ការដង្ហែក្បួននេះចែកចេញជា ១៦ផែន ដែលក្នុងផែននេះ ក្រៅពីក្បួនថ្នាក់ដឹកនាំ អ្នកគាំទ្រ និងសកម្មជនមកពីខណ្ឌទាំង១២ទៅ ក៏មានក្បួនរបស់អ្នកសិល្បៈសុទ្ធសឹងជាតារាចម្រៀងល្បីៗនៅកម្ពុជា រួមនិងក្បួនរបស់កម្មករ កម្មការិនីផងដែរ។ ក្បួនដង្ហែនេះនឹងចាប់ពីមហាវិថីសម្តេចតេជោ ហ៊ុន សែន ហៅផ្លូវ ៦០ម៉ែត្រ រហូតដល់រង្វង់មូលចោមចៅ៕