(ស្វាយរៀង)៖ លោក ម៉ឹង សំផន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយមូលដ្ឋានស្រុកចន្ទ្រា និងក្រុងបាវិត ខេត្តស្វាយរៀង នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧ ចុះពិនិត្យសមិទ្ធផលនានា នៅស្រុកចន្ទ្រាខេត្តស្វាយរៀង ដែលបានកសាងដោយគណបក្សប្រជាជនកម្ពុជា។
បន្ថែមពីនេះ លោក ម៉ឹង សំផន និងក្រុមការងារ បានបន្ដជួបសំណេះសំណាលជាមួយ សមាជិក សមាជិកាគណបក្សនៅក្នុងឃុំច្រេស ស្រុកចន្ទ្រាផងដែរ។
លោក ម៉ឹង សំផន បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ គ្រប់ទីកន្លែង ដែលបានធ្វើឲ្យជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ កាន់តែមានភាពប្រសើរឡើង។
ប្រធានក្រុមការងាររូបនេះ លើកឡើងថា គណបក្សប្រជាជនបានខិតខំកសាងសមិទ្ធផលគ្រប់ទីកន្លែង ជូនសង្គមជាតិក្នុងនោះ សម្តេចតេជោ ហ៊ុន សែន បានដឹកនាំកសាងប្រទេសជាតិ ចាប់តាំងពីបាទដៃទទេរ រហូតដល់ប្រែមុខមាត់ថ្មី មានការរីកចម្រើន និងអភិវឌ្ឍឥតឈប់ឈរលើគ្រប់វិស័យ មកដល់បច្ចុប្បន្ននេះ។ សមិទ្ធផលសំខាន់ៗ ដែលប្រជាពលរដ្ឋស្រុកចន្ត្រា ទទួលបានរួមមាន ផ្លូវថ្នល់ក្រាលកៅស៊ូ ប្រឡាយទឹក តូចធំ សាលារៀន វត្តអារាម ព្រមទាំងសមិទ្ធផលផ្សេងៗ ជាច្រើនទៀត។
ឆ្លៀតក្នុងឱកាសនោះ លោក ម៉ឹង សំផន បានអំពាវនាវឲ្យប្រជាពលរដ្ឋ សមាជិក សមាជិកា គណបក្សទាំងអស់ត្រូវទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ខាងមុខនេះ ព្រោះថាមានតែ មេឃុំ-ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋមូលដ្ឋានរបស់ខ្លួន៕