​(ភ្នំពេញ)៖ ​ម្ចាស់​សំនៀង​បទ ​«​យួន​ចូល​ស្រុក​ហើយ​» ​ដ៏​ស្រស់​សោភា ​កញ្ញា ​សូ ​ធា​រ៉ា ​បាន​ចេញ​មក​ប្រកាស​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​បន្ទាប់ពី​បាន​រង​ការ​ជេរប្រមាថ​យ៉ាងធ្ងន់ធ្ងរ ​និង​អសុរោះ​ពី​អ្នកគាំទ្រ ​ក៏ដូចជា​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​។ ​ក្រៅពី​ការប្រកាស​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ ​កញ្ញា ​ធា​រ៉ា ​ក៏បាន​ប្រកាស​ចូលរួម​រស់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ​ហើយនឹង​ចូលរួម​ដង្ហែ​បក្ស​ជាមួយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​នៅ​ថ្ងៃទី០២ ​ខែមិថុនា ​ស្អែកនេះ​ផង​ដែរ​។

ធា​រ៉ា ​គឺជា​តារាចម្រៀង​មួយ​រូប ​ដែល​បាន​ធ្វើសកម្មភាព​យ៉ាងសកម្ម​ក្នុង​ការឃោសនា​រក​សំឡេងឆ្នោត​ជូន​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ឆ្នាំ២០១៣ ​ក៏ដូចជា​នៅក្នុង​ក្បួន​បាតុកម្ម​របស់​គណបក្ស​សង្រ្គោះ​ជាតិ ​ពេល​ដែល​ពួកគេ​មិន​ទទួលស្គាល់​លទ្ធផល​បោះឆ្នោត​ផង​ដែរ​។ ​ធា​រ៉ា ​ត្រូវ​បាន​គេ​ស្គាល់​យ៉ាង​ច្បាស់​តាមរយៈ​ការ​ច្រៀង​ចម្រៀង​មាន​ចំណងជើង​ថា ​«​យួន​ចូល​ស្រុក​ហើយ​» ​រួម​និង​បទ​ជាច្រើន​ផ្សេងទៀត​។

ក្នុង​វីដេអូ​ប្រកាស​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​នៅ​ល្ងាច​ថ្ងៃទី០១ ​ខែមិថុនា ​ឆ្នាំ២០១៧នេះ ​កញ្ញា ​ធា​រ៉ា ​បាន​និយាយ​ថា ​សកម្មភាព​របស់​កញ្ញា ​នា​ពេល​កន្លងទៅ​បាន​ដើរខុស ​ព្រោះតែ​ការយល់​ខុស ​និង​ជឿស្លុង​លើ​ការឃោសនា​របស់​គណបក្ស​សង្រ្គោះ​ជាតិ​។ ​ធា​រ៉ា ​បាន​បន្ត​ថា ​ការយល់​ខុស​របស់​កញ្ញា ​បាន​ធ្វើឲ្យ​កញ្ញា ​ជួប​ទុក្ខ​លំបាក​ជាច្រើន​ពេល​រួមរស់​ជាមួយ​គណបក្ស​សង្រ្គោះ​ជាតិ ​តាំងពី​មាន​រថយន្ត​ជិះ ​រហូតដល់​ជិះ​ម៉ូតូឌុប ​តែ​គ្មាន​ថ្នាក់ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ណា​ម្នាក់​ធ្វើ​ដឹងឮ ​និង​ជួយ​ទុក្ខធុរៈ​របស់​កញ្ញា​នោះ​ឡើយ​។

ក្រៅពី​ប្រកាស​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ​ហើយ​នោះ ​នៅក្នុង​វីដេអូ​នេះ ​កញ្ញា ​ធា​រ៉ា ​ក៏បាន​ប្រកាស​ចូលរួម​រស់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ​និង​គាំទ្រ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ជា​ប្រមុខ​ដឹកនាំ​នៅ​កម្ពុជា​។ ​ជាពិសេស​នោះ​នៅ​ថ្ងៃទី០២ ​ខែមិថុនា ​ស្អែកនេះ ​កញ្ញា ​នឹង​ចូលរួម​ដង្ហែ​បក្ស​ជាមួយ​សម្តេច​តេជោ ​ហ៊ុន ​សែន ​ដែល​មាន​អ្នកចូលរួម​រហូតដល់​ទៅ ​១៥ម៉ឺន​នាក់​ផង​ដែរ​។

ធា​រ៉ា ​ដែល​ធ្លាប់​រង​ការ​ជេរ​តិះដៀល​យ៉ាងធ្ងន់ធ្ងរ​ពី​អ្នកគាំទ្រ ​និង​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ថា ​«​ជន​ក្បត់ជាតិ ​ជន​លក់​ក្បាល ​និង​ជា​អាយ៉ង​យួន​» ​ជាដើម​នោះ ​បាន​ប្រកាស​មិន​ខ្លាច​ការ​ជេរប្រមាថ​បន្ត​ទៀត​ពីសំណាក់​អ្នកគាំទ្រ ​និង​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ឡើយ ​ព្រោះ​ការពិត ​និង​ភាព​ឈឺចាប់​គ្មាន​នរណា​ដឹង​ជាង​រូប​កញ្ញា ​ដែល​ជា​អ្នក​បាន​ជួប​ផ្ទាល់​ពេល​រស់​ក្រោម​ដំបូល​របស់​គណបក្ស​សង្រ្គោះ​ជាតិ​នោះ​ឡើយ​។

សូម​បញ្ជាក់​ថា ​កញ្ញា ​ធា​រ៉ា ​គឺជា​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ ​ដ៏​មាន​ប្រជាប្រិយ​ភាព​មួយ​រូប ​បន្ទាប់ពី​កញ្ញា ​ធី ​សុវណ្ណ​ថា ​ដែល​បាន​ដើរចេញ​ពី​គណបក្ស​សង្រ្គោះ​ជាតិ ​និង​ចូលរួម​រស់​ជាមួយ​គណបក្សប្រជាជន​កម្ពុជា ​ដែល​ពួកគេ​ធ្លាប់​បាន​ជេរ​យ៉ាង​ចាស់ដៃ ​ពេល​នៅ​ក្រោម​ដំបូល​សង្រ្គោះ​ជាតិ​។ ​ក្រៅពី​កញ្ញា​ទាំងពីរ​រូប ​ក៏​នៅ​មាន​សកម្មជន​របស់​គណបក្ស​សង្រ្គោះ​ជាតិ​ជាច្រើន​រូប ​ដែល​សុទ្ធតែ​ធ្លាប់​លេចធ្លោ​ក្នុង​ការ​ជួយ​រក​សំឡេងឆ្នោត​ជូន​គណបក្ស​សង្រ្គោះ​ជាតិ​កាលពី​ឆ្នាំ២០១៣ ​ក៏បាន​ដើរចេញ​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ​ផង​ដែរ​៕