(ភ្នំពេញ)៖ លោកស្រី ទាវ ធីតា ភរិយាលោកឧកញ៉ា ថោង សារ៉ាត់ និងជាប្រធានអគ្គនាយិការក្រុមហ៊ុន អ៊ិនធើណេសិនណល អ៊ិនវេសមេន និងព្រមទាំងបុគ្គលិក៣០០នាក់ បានសម្តែងភាពសប្បាយរីករាយ និងបានប្តេជ្ញាចិត្តថា នឹងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន និងការអភិវឌ្ឍន៍ទៅមុខបន្តទៀត។
ការលើកឡើងរបស់លោកស្រី ទាវ ធីតា និងបុគ្គលិកទាំង៣០០នាក់ បានធ្វើឡើងនៅក្នុងពិធី ចុះសំណេះសំណាល និងសួរសុខទុក្ខរបស់លោកអភិបាល ខណ្ឌមានជ័យ ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ រៀបចំធ្វើនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ។
ក្នុងពិធីនោះ លោកស្រី បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ជាពិសេសក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ទើបឲ្យប្រទេសជាតិ មានការរីកចម្រើនសេដ្ឋកិច្ចជាង៧ភាគរយ ក្នុងមួយឆ្នាំៗ និងរីកចម្រើនទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា៖ ផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ និងប្រព័ន្ធធារាសាស្ត្រជាដើម។
លោកស្រី ក៏បានថ្លែងអំណរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព និងផ្តល់ឱកាសដល់បណ្តាក្រុមហ៊ុនវិនិយោគទាំងអស់ អាចបណ្តាក់ទុនរកស៊ីនៅកម្ពុជា មានភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ជាពិសេស ផ្តល់ឱកាសឲ្យបងប្អូនបុគ្គលិក និងកម្មករ មានការងារធ្វើ និង រកប្រាក់ចំណូលធូរធាជាងមុន ដើម្បីអាចដោះស្រាយជីវភាពគ្រួសារផងដែរ។
នៅក្នុងឱកាសនោះដែរ លោក ពេជ្រ កែវមុន្នី អភិបាលខណ្ឌមានជ័យ បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយ ដែលមានភាពចាស់ទុំខាងផ្នែកនយោបាយ ដោយទទួលបាននូវការគាំទ្រ ពីប្រជាពលរដ្ឋ គ្រាប់មជ្ឈដ្ឋានទាំងអស់ មិនថាតែទាំងក្នុង និងក្រៅប្រទេសនោះទេ។
គណបក្សប្រជាជនកម្ពុជា បានដាក់ចេញ នូវគោលនយោបាយយ៉ាងត្រឹមត្រូវ និងពិតប្រាកដ ជាពិសេសបាននាំមកនូវសុខសន្តិភាព និងជីវភាពធូរធារ ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនបុគ្គលិកកម្មករទាំងអស់ ដែលបាននឹងកំពុងតែ បំពេញការងារនៅតាមក្រុមហ៊ុនសហគ្រាស ឯកជននានា៕