Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្ងៃទិវាសិទ្ធិកុមារអន្តរជាតិ! លោក ជា ចាន់តូ អំពាវនាវឲ្យឪពុកម្តាយគ្រប់រូប បង្កើនការយកចិត្តទុកដាក់ការពារកុមារ​បន្ថែមទៀត ដើម្បីក្លាយជាទំពាំងស្នងឬស្សី

01-06-2017 16:56

(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងប្រធានក្រុមការងារ ចុះជួយស្រុកសន្ទុក ខេត្តកំពង់ធំ បានអំពាវនាវឲ្យមាតាបិតាទាំងអស់ បង្កើនការយកចិត្តទុកដាក់ ដល់​ការ​ការពារកុមារបន្ថែមទៀត ដើម្បីឲ្យពួកគេមានឱកាសគ្រប់គ្រាន់ និងក្លាយជាគ្រាប់ពូជពោរពេញដោយថាមពល ទំពាំងស្នងឬស្សី
ពិតប្រាកដមួយ សម្រាប់បន្តអភិវឌ្ឍន៍ប្រទេសជាតិ។

ការថ្លែងអំពាវនាវបែបនេះធ្វើឡើង នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៧ ក្នុងឱកាសទិវាកុមារអន្តរជាតិ ដែលជាទិវាមួយរៀបចំឡើង ដើម្បីបំផុសស្មារតីមនុស្សជាតិទាំងមូល ឲ្យយកចិត្តទុកដាក់ចំពោះសុខុមាលភាពកុមារ ​​លើកកំពស់សិទ្ធិកុមារ ទប់ស្កាត់ ការប្រើប្រាស់គ្រឿងញៀន ការជួញដូរកុមារ និងការកេងប្រវ័ញ្ចលើកម្លាំងពលកម្មកុមារ និងការសាមគ្គីរបស់កុមារ លើពិភពលោក ។

លោក ជា ចាន់តូ បន្តថាដោយសារប្រទេសជាតិ មានសុខសន្តិភាពពេញបរិបូណ៍ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា ទើបយើងមានថ្ងៃនេះ ហើយយ៉ាងហោចណាស់ ក៏មានកុមារប្រមាណជាង៧៥៨នាក់ នៅស្រុកសន្ទុក បានមកជួបជុំគ្នា ដើម្បីអបអរសាទរទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី៦៨ ក្នុងឆ្នាំនេះ។ ក្នុងនោះយើងក៏មិនភ្លេច នូវមហាវិនាសកម្មដ៏ធ្ងន់ធ្ងរ ដែលបង្ករឡើងដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានកាប់សម្លាប់ប្រជាជនកម្ពុជា អស់រាប់លាននាក់ នៅពេលនោះកុមារកម្ពុជា បានស្លាប់ដោយកង្វះអាហារ និងគ្មានថ្នាំព្យាបាល ព្រាត់ប្រាស់​ឪពុកម្តាយ បងប្អូន រងការធ្វើទារុណកម្ម និងបង្ខំឲ្យធ្វើការដូចជាទាសករដាច់ថ្លៃ ។

នាឱកាសនោះ លោក ជា ចាន់តូ បានរំលឹកដល់មាតាបិតាទាំងអស់ ឲ្យជួយបន្ថែមនូវការមើលថែ និងយកចិត្តទុកដាក់កុមារ បន្ថែមទៀតព្រោះកុមារជាទំពាំងស្នងឬស្សី ក្នុងការបន្ដអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានឧទ្ទិសសូមឲ្យទិវាកុមារអន្តរជាតិ១ មិថុនា ស្ថិតនៅក្នុងចិត្តរបស់ឪពុក ម្ដាយ និង មនុស្សគ្រប់ៗរូប និងជាតិសាសន៍។

នៅក្នុងការជួបជុំអបអរសាទរខួបលើកទី៦៨ ទិវាកុមារអន្តរជាតិនេះលោក ជា ចាន់តូ និងលោកស្រី បានរៀបចំអាហារសាមគ្គីសម្រាប់កុមារចំនួន៧៥៨នាក់ ដែលបានចូលរួម និងបានផ្ដល់ជា សំលៀកបំពាក់ សៀវ ភៅ ប៉ិច ខ្មៅដៃ បន្ទាត់ និងថវិកាមួយចំនួនសម្រាប់កំដរដៃ និងជាការលើកទឹកចិត្ត ក្នុងទិវាកុមារអន្តរជាតិ១មិថុនា ដល់កុមារផងដែរ៕