(ភ្នំពេញ)៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងថា ការលើកឡើងរបស់ មន្រ្តីជាន់ខ្ពស់ គណបក្សសង្រ្គោះជាតិ ដែលសន្យាបំពាក់អាវុធទំនើបដល់កងទ័ព គឺជាចរិតប្រជាភិថុតិ ដើម្បីសន្លឹកឆ្នោត ហើយគឺជាការចំអកឡកឡឺយ និងម៉ាក់ងាយដល់ កងកម្លាំងប្រដាប់អាវុធកម្ពុជាតែប៉ុណ្ណោះ។
ប្រតិកម្មរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា នាពេលនេះបានធ្វើឡើងបន្ទាប់ពី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានលើកឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ដោយសន្យាថា គណបក្សប្រឆាំងនឹងសន្សំសំចៃ ថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធា តាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតដឹកនាំប្រទេស។
លោក យឹម សុវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងហ្វឹកហ្វឺនទាហានយើងឲ្យខ្លាំង។ យើងនឹងសន្សំលុយទិញ អាវុធយុទ្ធភណ្ឌទំនើបៗឲ្យ ទាហានយើង ដើម្បីការពារប្រទេសជាតិ»។
លោក ផៃ ស៊ីផាន បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News យ៉ាងដូច្នេះថា៖ «ការលើកឡើងដោយទុច្ចរិតនេះ គឺវាគ្រាន់តែជាការបោកប្រាស់ ទាក់ទាញសន្លឹកឆ្នោត ពីកងកម្លាំងប្រដាប់អាវុធតែប៉ុណ្ណោះ អាស្រ័យដោយយើងមានភស្តុតាងជាក់ស្តែងអំពីគំនិត និងមាយាទរបស់គណបក្សនោះ ដែលបានស្អប់ខ្ពើមចំពោះកងកម្លាំងប្រដាប់អាវុធ តាមរយៈការបញ្ចេញយោបល់តិះទៀន និងរិះគន់ ទៅលើកញ្ចប់ថវិកាជាតិ ឧបត្ថម្ភចំពោះកងកម្លាំង ប្រដាប់អាវុធ ដែលផ្ទុយពីរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះសុខមាលភាព ក៏ដូចជាសម្ភារៈប្រើប្រាស់របស់កងកម្លាំងប្រដាប់អាវុធ។ ការលើកឡើងរបស់គណបក្សនេះ គឺគ្រាន់តែជាចរិតប្រជាភិថុតប៉ុណ្ណោះ»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ការលើកឡើងអំពីការបំពាក់អាវុធទំនើប ដោយគណបក្សសង្គ្រោះជាតិ គឺជាការចំអកឡកឡឺយ និងម៉ាក់ងាយដល់ កងកម្លាំងប្រដាប់អាវុធកម្ពុជា ដូចកាលមានជម្លោះអាវុធ ជាមួយនឹងប្រទេសថៃ នៅតំបន់ប្រាសាទព្រះវិហារ ទាហានថៃ បានលើកឡើងថា យុទ្ធជនកម្ពុជា ប្រើប្រាស់អាវុធអេតចាយ។
ជាមួយគ្នានេះដែរ គណបក្សសង្គ្រោះជាតិ បានលួចទៅជួបជាមួយនឹងអតីតនាយករដ្ឋមន្ត្រីថៃ អាភីស៊ីត វិចាជីវ៉ា ហើយគណបក្សនេះ ក៏បានប្រឌិតព័ត៌មាន ប្រឆាំងនឹងការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចការពារបូរណភាពទឹកដីរបស់ខ្លួនផងដែរ។ លទ្ធផលចុងក្រោយ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្ហាញនូវជោគជ័យជាក់ស្តែង និងជាប្រវត្តិសាស្ត្រ មិនត្រឹមតែប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះ រួមទាំងឆាកអន្តរជាតិ ក៏ទទួលស្គាល់នូវស្នាដៃនេះ រាប់ទាំងទិដ្ឋភាពផ្លូវច្បាប់ ក៏ដូចជាកិច្ចការពារបូរណភាពទឹកដីនៅតំបន់នោះផងដែរ។
លោកបានបន្ថែមទៀតថា «យើងនៅចាំបានថា គណបក្សសង្គ្រោះជាតិ តែងតែវាយប្រហាររាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងការពារជាតិ ក្នុងកិច្ចពង្រឹងសមត្ថភាព ដល់យុទ្ធជនទាំងសម្ភារៈ ការយល់ដឹង និងការហ្វឹកហ្វឺនជាប្រចាំ ដែលគណបក្សនេះតែងតែចោទថា ជារបបយោធានិយម ដែលប្រឆាំងនិងលទ្ធិប្រជាធិបតេយ្យ។ ក្រៅពីការតិះទៀនដ៏ស្រួចស្រាវ ប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា គណបក្សនេះ បានធ្វើនយោបាយចិត្តសាស្ត្រក្នុងកិច្ចធ្វើឲ្យកងកម្លាំងប្រដាប់អាវុធកម្ពុជា បោះបង់ចោលកាតព្វកិច្ច និងការទទួលខុសត្រូវរបស់ខ្លួន ដូច្នេះ ការលើកឡើងនាពេលថ្មីៗនេះ ជាយុទ្ធនាការសង្គ្រាមចិត្តសាស្ត្រ ក្នុងការបោកប្រាស់សតិអារម្មណ៍ កងកម្លាំងប្រដាប់អាវុធតែប៉ុណ្ណោះ»៕