(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ ២០១៧ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ អនុប្រធានក្រុមការងារ ចុះជួយរាជធានីភ្នំពេញ ប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា បានបន្តចុះជួបសាកសួរសុខទុក្ខ និងសំណេះសំណាលជាមួយអាជីវករ អ្នកលក់ដូរ និងប្រជាពលរដ្ឋ នៅក្នុងផ្សារអូរឬស្សី និងនៅមូលដ្ឋានខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្នុងពិធីជួបសំណេះសំណាលនេះ មានវត្តមានលោក ងី តាយី អនុប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា, លោក កែន សម្បត្តិ និងលោក ហេង សុខណាង អនុប្រធានក្រុមការងារចុះជួយខណ្ឌ៧មករា, លោក ឡេង គឹមស្រុង ប្រធានសាខាបក្សផ្សារអូរឬស្សី, លោក ជា សុភិន ប្រធានគណបក្សសង្កាត់អូរឬស្សីទី១ ព្រមទាំងបេក្ខជន បេក្ខនារីឈរឈ្មោះ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ និងសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងខណ្ឌ៧មករា ប្រមាណ៥០នាក់។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានលើកឡើងថា សុខសន្តិភាពពេញលេញបរិបូរណ៍ ដែលកំពុងគ្របដណ្តប់ លើផ្ទៃប្រទេសកម្ពុជា បានអនុញ្ញាតឱ្យមានការអភិវឌ្ឍ លើគ្រប់វិស័យ ហើយប្រជាពលរដ្ឋក៏បាននិងកំពុង បន្តក្រេបជញ្ជក់នូវសុខសន្តិភាពនេះ ក្នុងការធ្វើអាជីវកម្ម ធុរកិច្ច និងប្រកបវិជ្ជាជីវៈនានា។ ជីវភាពរបស់ប្រជាពលរដ្ឋ ត្រូវបាននិងបន្តលើកកម្ពស់ ធ្វើឱ្យការលក់ដូរទំនិញ របស់អាជីវករកាន់តែរីកចម្រើនជាលំដាប់។

លោក គាត ឈន់ បានបន្ថែមទៀតថា រាជរដ្ឋាភិបាលដែលមាន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជាប្រមុខ និងប្រធានគណបក្សប្រជាជនកម្ពុជា បាននិងបន្តផ្តល់កិច្ចសម្របសម្រួល និងការលើកទឹកចិត្តដល់ការប្រកបអាជីវកម្ម និងការធ្វើធុរកិច្ចនានា ដូចជាការលើកទឹកចិត្តពន្ធដារជាដើម។ ក្នុងការចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខនេះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានជួបអាជីវករ និងប្រជាពលរដ្ឋ ដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោត នៅក្នុងសង្កាត់នានានៃរាជធានីភ្នំពេញ និងនៅគ្រប់ទិសទីនៃកម្ពុជា ដូចជាខេត្តកណ្តាល តាកែវ ព្រៃវែង កំពង់ចាម ព្រះវិហារ និងខេត្តព្រះសីហនុជាដើម។

កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ បានបន្តផ្សព្វផ្សាយអំពីគោលនយោបា យនិងកម្មវិធីអភិវឌ្ឍរបស់គណបក្សប្រជាជនកម្ពុជា ជាពិសេសបន្តអំពាវនាវឱ្យអាជីវករ និងប្រជាពលរដ្ឋ ទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជូនគណបក្សប្រជាជនកម្ពុជា។ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺបោះឆ្នោតឱ្យខ្លួនឯង ដើម្បីបន្តការពារសន្តិភាព ភាពសុខដុមរមនា និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ។

អាជីវករនានាក្នុងផ្សារអូរឬស្សី និងប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានខណ្ឌ៧មករា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅ ក្នុងទឹកមុខស្រស់ស្រាយរាក់ទាក់ចំពោះ កិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ ថ្នាក់ដឹកនាំនិងសមាជិក ក្រុមការងារចុះជួយខណ្ឌ៧មករា និងគណៈកម្មាធិការបក្សខណ្ឌ៧មករា ដែលបានអញ្ជើញមកជួបសំណេះសំណាល និងសាកសួរសុខទុក្ខនាពេលនេះ។

អាជីវករបានជម្រាបជូនកិត្តិសេដ្ឋាបណ្ឌិត គាត ឈន់ នូវសេចក្តីរីករាយ និងអំណរសាទរ ព្រមទាំងបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅ ចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបន្តយកចិត្តទុកដាក់ ក្នុងការផ្តល់កិច្ចសម្របសម្រួល និងលើកទឹកចិត្តនានាដូចជាផ្នែកពន្ធដារ ដល់ការធ្វើអាជីវកម្ម និងធុរកិច្ចរបស់ខ្លួន។

នៅក្នុងបរិយាកាសដ៏សោមនស្សរីករាយនិងស្និតស្នាលនេះ អាជីវករ និងប្រជាពលរដ្ឋនានា បានសំដែងការគំាទ្រលើគណបក្សប្រជាជនកម្ពុជា ដែលបាននាំមកនូវសុខសន្តិភាព សុខុមាលភាពជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យ ហើយអាជីវករ និងប្រជាពលរដ្ឋនឹងបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជាជានិច្ចនិរន្តរ៍។

ប្រជាពលរដ្ឋ ក៏លើកឡើងថា គាត់រស់ដោយសារគណបក្សប្រជាជនកម្ពុជា ដូច្នេះគាត់ត្រូវតែបន្តបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំ អភិវឌ្ឍប្រទេសតទៅទៀត៕