(មណ្ឌលគិរី)៖ លំនៅដ្ឋានចំនួន១០ខ្នងនៅ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ត្រូវបានជំនាន់ទឹកភ្លៀងជន់លិច ស្របពេលដែលនៅ ខេត្តមណ្ឌលគិរី ភ្លៀងបន្តធ្លាក់ជាបន្តបន្ទាប់ឥតឈប់ឈរ​។

​​ទោះបីជាយ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ លោ​ក​ ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា ខេត្តកំពុងចាត់វិធានការណ៍លើបញ្ហានេះហើយ ដោយស្នើ​ឲ្យអាជ្ញាធរក្នុងមូលដ្ឋាន អាជ្ញាធរស្រុក និងកងកម្លាំង​នៅទីនោះផ្ទាល់ រួមសហការ​គ្នាជួយសង្រ្គោះ ដល់ប្រជាពលរដ្ឋដែលកំពុងជួបគ្រោះធម្មជាតិ ដោយមិនប្រកាន់និន្នាការនយោ​បាយ។

​ជាងនេះទៅទៀត លោកអភិបាលខេត្ត បានស្នើឲ្យមន្រ្តីនៅមូលដ្ឋាននោះ ធ្វើការពិនិត្យ និងធ្វើការតាមដានឲ្យបានជាប់លាប់ នៅស្ថានភាពទឹកជំនន់ប្រយោជន៍ ជួយបញ្ជៀសបញ្ហាប៉ះពាល់ធ្ងន់ធ្ងរ ចំពោះប្រជាពលរដ្ឋ។

លោក កប ធន នាយប៉ុស្តិ៍រដ្ឋបាលឃុំ​មេម៉ង់ បានប្រាប់ថា ជំនាន់ទឹកភ្លៀងដែលបានជាន់លិចលំនៅដ្ឋានអ្នកស្រុកពិតមែន នៅចំណុចភូមិទូល ឃុំមេម៉ង់ (ជាប់អូតេ) ស្រុកកែវសីមា បណ្តាលឲ្យផ្ទះអ្នកស្រុកចំនួន១០ខ្នង ជន់លិចដោយសារទឹកភ្លៀង ហើយកម្លាំងនគរបាលនៅមូលដ្ឋានរបស់លោក កំពុងធ្វើការជួយសង្រ្គោះ និងជួយជម្លៀសទៅរកទីទួលសុវត្ថិភាពហើយ។

រហូតដល់ថ្ងៃទី០១ ខែមិថុនានេះ ជំនាន់ទឹកភ្លៀងបានថមថយ ហើយ​ក៏មិនមានបញ្ហាគ្រោះថ្នាក់អាយុជីវិតដល់ប្រជាពលរដ្ឋ ឬខូចខាតទ្រព្យសម្បត្តិរបស់ពលរដ្ឋធ្ងន់ធ្ងរនោះឡើយ៕