(ភ្នំពេញ)៖ រយៈពេលជាង១០ថ្ងៃ នៃដំណើរការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ឃុំ-សង្កាត់អាណត្តិទី៤នេះ រាស្ត្រទូទាំងនគរបានមើលឃើញ យ៉ាងច្បាស់ថា គណបក្សប្រជាជនកម្ពុជា នៅតែជាគណបក្សនយោបាយតែមួយគត់ ដែលបានដើរតួនាទីសំខាន់នៅកម្ពុជា មានធនធានមនុស្ស និងកម្មវិធីនយោបាយល្អ និងមានភាពជាក់ស្តែងក្នុងការអភិវឌ្ឍឃុំ-សង្កាត់ ឆ្លើយតបនឹងតម្រូវការចាំបាច់របស់ពួកគាត់ពិតៗ។
កម្មវិធីនយោបាយទាំង១៣ «ខ» របស់គណបក្សប្រជាជនកម្ពុជា ក្នុងការអភិវឌ្ឍឃុំសង្កាត់ បានក្តោបរួមទាំងអស់ទៅលើកម្មវិធីនយោបាយ របស់គណបក្សដទៃ ទោះបីជាបក្សទាំងនោះខិតខំបង្ហាញ ឬព្យាយាមក្នុងការឃោសនាបោកប្រាស ទម្លាក់កញ្ចប់លុយប៉ុន្មានក៏រាស្ត្រភាគច្រើន មិនជឿឡើយ ព្រោះបទពិសោធនាពេលកន្លងទៅ សន្យាជាមួយរាស្ត្រដើម្បីតែសន្លឹកឆ្នោត តែលទ្ធផលសូន្យឈឹង។
ចំណែកបេក្ខជនឈរឈ្មោះជាមេឃុំ-ចៅសង្កាត់ របស់គណបក្សប្រជាជនកម្ពុជា ឈានមុខគេលើគណបក្សដទៃទៀត គឺមានបុគ្គលិកលក្ខណៈ គុណសម្បត្តិល្អ មានសមត្ថភាព បទពិសោធពេញលេញ និងមានក្រមសីលធម៌ល្អជាថ្នាក់ដឹកនាំមូលដ្ឋាន។ ពួកគាត់ជាអ្នកមូលដ្ឋាន និងបានយល់ច្បាស់ ពីបងប្អូនប្រជាពលរដ្ឋ ខណៈសកម្មជនបក្សខ្លះខ្វះសមត្ថភាពដឹកនាំ និងសីលធម៌ក្នុងការរស់នៅមិនគួរឱ្យគោរពប្រព្រឹត្តរឿងស្រីស្រាល្បែង ពាលាអាវាសែជាដើម។ តើឱ្យរាស្ត្រពឹងពាក់ ផ្ញើវាសនាខ្លួនលើបុគ្គលទាំងនេះម្តេចនឹងកើត?
ក្នុងរយៈពេលឃោសនាបោះឆ្នោតនេះ រាស្ត្រម្ចាស់ឆ្នោតបានចោទសំណួរជុំវិញកម្មវិធីនយោបាយបក្សមួយចំនួន ដែលគ្មានការពិត ស្រមើស្រម៉ៃ និងបង្កប់ទៅដោយការភូតកុហកថា ធ្វើម៉េចសូមខិតខំជួយតែបក្សខ្លួន និងសកម្មជនខ្លួនឯងឱ្យបានគ្រប់គ្រាន់សិនទៅ ចាំដើរសន្យាឱ្យនេះឲ្យនោះគេ ព្រោះការសន្យាដាក់កញ្ចប់លុយមុននេះ មិនខុសពីសន្យាទិញសន្លឹកឆ្នោតរាស្ត្រជំពាក់សិននោះទេ ហើយប្រជាពលរដ្ឋក៏បានមើលឃើញច្បាស់ដែរថា តើនរណាជាអ្នកសង្គ្រោះជាតិ សង្គ្រោះប្រជាជន និងសង្គ្រោះអ្វីៗទាំងអស់ឱ្យរស់រានមានជីវិតរហូតទល់សព្វ ថ្ងៃនេះ និងនរណាដែលចេះត្រឹមតែ លួចយកសមិទ្ធផល ដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាសម្រេចបានមកឃោសនា និងនរណាពិតប្រាកដដែល បានជួយដោះស្រាយ បញ្ហារបស់រាស្ត្រ និងឃើញវត្តមាននៅពេលដែលរាស្ត្ររងទុក្ខ និងជួបបញ្ហា និងដឹងថានរណាជាអ្នកដែលបានត្រឹមតែដើរញុះញង់រាស្ត្រ បញ្ឆេះកំហឹង ការស្អប់ខ្ពើមរើសអើងប្រឆាំងនឹងជាតិសាសន៍ និងបញ្ឆេះឱ្យមានកំហឹងវណ្ណៈក្នុងសង្គម និងជាអ្នកបង្កចលាចលក្នុងសង្គម ហើយដឹងថានរណាជាអ្នកជេរ ប្រមាថខ្មែរគ្នាឯង និងគំរាមកំហែងពិតប្រាកដចំពោះសន្តិភាព និងការអភិវឌ្ឍរបស់កម្ពុជា។
រយៈពេលជាង១០ ថ្ងៃនៃការឃោសនាបោះឆ្នោតនេះ ក៏អាចផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរយល់ច្បាស់ថា តើនរណាជាអ្នកការពារសន្តិភាព និងការអភិវឌ្ឍពិតប្រាកដ និងនរណាដែលមិនខ្វល់នឹងការផ្ទុះសង្គ្រាមជាយថាហេតុឡើងដោយ សារតែសម្តីប្រមាថរបស់បក្សខ្លួន និងទង្វើរំលោភច្បាប់ និងការអនុវត្តប្រជាធិបតេយ្យជ្រុលហួសហេតុកើតចេញជាអនាធិបតេយ្យ។
រាស្ត្រភាគច្រើន ក៏ដឹងច្បាស់ថា មេដឹកនាំ និងសមាជិកសមាជិកា ព្រមទាំងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជាគឺទទួលបាននូវការគោរពស្រឡាញ់ និងគាំទ្រនៅគ្រប់ច្រកល្ហក ចុងកាត់មាត់ញកទូទាំងប្រទេសកម្ពុជា។ ការយកចិត្តទុកដាក់លើបងប្អូនប្រជាពលរដ្ឋ របស់គណបក្សប្រជាជនកម្ពុជា មិនមែនធ្វើត្រឹមមួយភ្លើងចំបើងនៅក្នុងអំឡុងពេល នៃការឃោសនាបោះឆ្នោតដូចបក្សប្រឆាំងនោះឡើយ ប៉ុន្តែបានធ្វើជាប្រចាំ ហើយមន្ត្រី និងសកម្មជនគណបក្សប្រជាជនកម្ពុជា បានរួមសុខ រួមទុក្ខជាមួយប្ថជាពលរដ្ឋ ព្រមទាំងបានឆ្លើយតបនឹងការចង់បានរបស់ ប្រជាពលរដ្ឋតាមតម្រូវការ។ ដូច្នេះហើយបានជាសមិទ្ធផលជាចនរើនដែលកំពុងឈរបង្អួតខ្លួននៅតាមភូមិស្រុកនានារួមមានវត្តអារាម សាលារៀន ផ្លូវថ្នល់ខ្វាត់ខ្វែង ជីវភាពគ្រួសារមានការរីកចម្រើនជាកិច្ចខិតខំប្រឹងប្រែង និងផ្លែផ្កានៃការងាររបស់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។
រហូតមកទល់ពេលនេះ គណបក្សប្រជាជនកម្ពុជាគឺជាកម្លាំងនយោបាយធំជាងគរនៅកម្ពុជា និងជាទីទុកចិត្តរបស់ប្រជារាស្ត្រជាច្រើន អាណត្តិមកហើយ ក្នុងការដឹកនាំប្រទេស។ ទាំងបទពិសោធការងារក្នុងប្រទេស ការងារការទូត ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ការពង្រឹងគុណភាពអប់រំ ការទាក់ទាញវិនិយោគទុន បរទេសមកបណ្តាក់ទុននៅកម្ពុជា ការបង្កើនកំណើនការងារកាន់តែច្រើនឡើងសម្រាប់ប្រជាពលរដ្ឋ ការបង្កើនសេវាសុខុមាលភាពប្រជាជន វិស័យការពារជាតិ សន្តិសុខ សុវត្ថិភាព គឺគណបក្សប្រជាជនកម្ពុជាមានបទពិសោធ និងភាពចាស់ទុំគ្រប់គ្រាន់ដើម្បីបន្តដឹកនាំប្រទេស។
ការជឿងប់ងុល់ទៅលើការឃោសនាបោកប្រាសរបស់បក្សប្រហោងក្នុងដូចជាបម្សប្រឆាំងនេះគ្រាន់តែជាការចាញ់បោកយល់សប្តិប៉ុណ្ណោះ ហើយការគិតថា បក្សប្រឆាំងមានធនធាន មានភាពចាស់ទុំគឺជាការយល់ច្រឡំ ហើយដូចជាកាប់បំពង់រង់ចាំទឹកភ្លៀង។ អ្នកដែលចង់ឱ្យមានការផ្លាស់ប្តូរមិនបានគិតថា អ្វីដែលគណបក្សប្រជាជនកម្ពុជាបាននិងកំពុងបំពេញដើម្បីបម្រើជាតិ និងមាតុភូមិគឺជាការផ្លាស់ប្តូរដ៏វិជ្ជមានមួយរួចស្រេចទៅហើយ និងជាការផ្លាស់ប្តូរប្រកបដោយការទទួលខុសត្រូវនៅចំពោះមុខប្រវត្តិសាស្ត្រ និងប្រជាជនកម្ពុជា។
សូមមេត្តាថ្លឹងថ្លែងរវាងគុណសម្បត្តិ និងគុណវិបត្តិនិងរួមជាមួយគណបក្សបក្សប្រជាជនកម្ពុជា ដើម្បីបន្តបោះជំហានទៅមុខលើកិច្ចអភិវឌ្ឍ ជាមួយកម្មវិធីអភិវឌ្ឍឃុំសង្កាត់ល្អ និងបេក្ខជនមេឃុំចៅសង្កាត់ និងក្រុមប្រឹក្សាដែលមានសមត្ថភាពនិងគុណភាព ព្រមទាំងចូលរួមទប់ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលដល់កម្ពុជា ពីសំណាក់ជណងគតិមួយចំនួន។ យើងទាំងអស់គ្នាស្រឡាញ់សន្តិភាព និងការអភិវឌ្ឍ៕
ដោយ៖ ចៅចាក់ស្មុក