(តាកែវ)៖ លោក ពេជ សោភ័ន សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាស ខេត្តតាកែវ បានបញ្ជាក់ថា បោះឆ្នោតជូនគណបក្សប្រជាជន គឺដើម្បីបន្តមាន ការអភិវឌ្ឍន៍គ្រប់វិស័យ និងបានជួយអោយប្រជាពលរដ្ឋ ក៏ដូចជាមន្រ្តីរាជការមានជីវភាពកាន់តែល្អប្រសើរ ។

នេះជាការថ្លែងបញ្ជាក់របស់ លោក ពេជ សោភ័ន ទៅកាន់សមាជិកគណបក្សប្រជាជនកម្ពុជា ប្រមាណជាជិត ១ពាន់នាក់ ក្នុងឃុំស្នោរ ស្រុកព្រៃកប្បាស នាយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ នាថ្ងៃទី១ ខែមិថុនានេះ ។

ថ្លែងក្នុងឱកាសនោះ លោកបានបញ្ជាក់ទៀតថា បើចង់អោយប្រទេសជាតិមានការអភិវឌ្ឍន៍បន្ថែមទៀត ទាំងផ្លូវថ្នល់ សាលារៀន ទីវត្តអារាម ប្រព័ន្ធនិងធារាសាស្រ្ត ។ល។ សូមបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ។

ទន្ទឹមនឹងនោះ សហប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកព្រៃកប្បាសរូបនេះ បានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងនៅបន្តបំពេញភារកិច្ចរបស់ខ្លួន ក្នុងការកសាងប្រទេសឱ្យមានភាពរីកចម្រើន និងផ្តល់នូវក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ក្នុងនោះបានដំឡើង​ប្រាក់ខែគ្រូបង្រៀន និងកម្មករនិយោជិត ជារៀងរាល់ឆ្នាំ ។

លោក ពេជ សោភ័ន បានបញ្ជាក់អោយដឹងទៀតថា ក្នុងនោះរាជរដ្ឋាភិបាល ក៏បានបន្តផ្តល់ការធារារ៉ាប់រងគ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាព ជូនដល់កម្មករនិយាជិត និងរៀបចំផ្តល់ប្រាក់សោធននិវត្តជូនកម្មករ រួមទាំង ត្រៀមរៀបចំអនុវត្តការធារារ៉ាប់រង​គ្រោះថ្នាក់ការងារ និងរបបធានារ៉ាប់រងសុខភាពជូនដល់មន្រ្តីរាជការផងដែរ ៕