(ភ្នំពេញ)៖ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៧ននេះ ក្រុមការងារបច្ចេកទេសវាយតម្លៃ គម្របធនធានព្រៃឈើនៃអគ្គនាយកដ្ឋាន​រដ្ឋបាលការពារ និង អភិរក្សធម្មជាតិ ក្រសួងបរិស្ថាន បានសហការជាមួយអ្នកជំនាញបច្ចេកទេស FAO-UNREDD, JICA-CAMREDD, FCPF និងសាកលវិទ្យាល័យ អន្តរជាតិមួយចំនួន ទៅលើការវាយតម្លៃគម្របធនធានព្រៃឈើ កម្ពុជាឆ្នាំ២០១៦ ជាលទ្ធផលបឋមបង្ហាញថា «ធនធានគម្របព្រៃឈើមានអត្រាបាត់បង់ ជាមធ្យមប្រចាំឆ្នាំ គិតពីឆ្នាំ២០១៤ មកដល់ ឆ្នាំ២០១៦ ស្មើនឹង០,៨៥% ធៀបនឹងផ្ទៃដីសរុបទូទាំងប្រទេស។ លទ្ធផល នេះមិនរាប់បញ្ចូលចំការកៅស៊ូ ចំការដូងប្រេង និងដំណាំហូបផ្លែដទៃទៀតទេ»។

មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថាន បានបញ្ជាក់ឱ្យឃើញថា ធនធានធម្មជាតិព្រៃឈើនៅកម្ពុជា ត្រូវបានអភិរក្សបានយ៉ាងល្អ ហើយអត្រានៃការបាត់បង់ គម្របព្រៃឈើ មានការធ្លាក់ចុះ គួរឱ្យកត់សម្គាល់។ ការធ្លាក់ចុះការបាត់បង់គម្របព្រៃឈើនេះ ដោយសារតែរាជរដ្ឋាភិបាលកម្ពុជា បានបង្ក្រាបប្រកប ដោយជោគជ័យ នូវបទល្មើសព្រៃឈើធំៗនៅទូទាំងប្រទេស និងបានបិទការនាំចេញឈើ ព្រមទាំងបានដាំដុះឡើងវិញនៅតំបន់ខ្លះ។ កម្លាំងសមត្ថកិច្ច បានបន្តចុះបង្ក្រាបជាប្រចាំលើបទល្មើសព្រៃឈើតូចៗបន្ថែមទៀត ដើម្បីកាត់បន្ថយការបំផ្លិចបំផ្លាញ ធនធានធម្មជាតិដោយជនល្មើសមួយចំនួនតូច។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ​បាន​លើក​ឡើង​​ថា ផ្អែក​លើ​ការ​កែ​ទម្រង់​វិស័យ​បរិស្ថាន​ក្នុង​ពេល​ថ្មី​ៗ​នេះ​ ផ្ទៃដី​តំបន់​ការពារ​ធម្មជាតិ​បាន​កើនឡើង​រហូត​ដល់​ទៅ ៧,៥លានហិចតា ស្មើនឹង ៤១% នៃ​ផ្ទៃ​ប្រទេស​ ដែល​ចំនួន​នេះ​ច្រើន​ជាង​២​ដង​នៃ​គោលដៅ​ជីវៈចម្រុះ​សកល​ ដែល​បាន​កំណត់​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​លើក​ទី​១០ នៅ​ប្រទេស​ជប៉ុន​។ ផែនការ និង​យុទ្ធសាស្រ្ត​ទាំង​អស់​ដែល​យើង​បាន​រៀបចំ និង​កំពុង​អនុវត្ត​នា​ពេល​បច្ចុប្បន្ន​នេះ​ បាន​ឆ្លុះបញ្ចាំង​ឱ្យ​ឃើញ​ច្បាស់​ពី​ជំហរ​របស់​រាជរដ្ឋាភិបាល​ ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ហើយ​ដែល​គោលការណ៍​នេះ​បាន​ដើរ​ទន្ទឹម​គ្នា​ជា​មួយ​នឹង​និន្នាការ​ពិភពលោក។

លោក​បាន​សង្កត់ធ្ងន់​ថា​ ការកាត់បន្ថយបទល្មើសព្រៃឈើ និងការកាត់បន្ថយអាត្រានៃការបាត់បង់គម្របព្រៃឈើនេះបាន​មក​ពី​ការ​ខិតខំ​ប្រឹថប្រែងរួមគ្នា​ទាំង​ស្ថាប័ន​រដ្ឋាភិបាល អង្គការ​សង្គម​ស៊ីវិល វិស័យ​ឯកជន​និង​សហគមន៍​មូលដ្ឋាន ជនជាតិ​ដើម​ភាគតិច​ ក្នុង​ការ​ការពារធនធានធម្មជាតិ និងអភិរក្ស​ជីវៈចម្រុះ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ និង​ជា​ទុន​ដ៏​វិសេស​វិសាល​ក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

ថ្មីៗនេះ តាមរយៈដំណើរទស្សនកិច្ច និងការបោះជំរុំនាពេលថ្មីៗនេះរបស់លោកឯកអគ្គរដ្ឋទូតអាមេរិក William Heidt រយៈពេល ២ថ្ងៃ នៅក្នុងតំបន់ដែន ជម្រកសត្វព្រៃ ព្រៃឡង់ ដែលជាទីជម្រកដែនព្រៃដ៏ខៀវស្រងាត់ធំបំផុតនៅក្នុងប្រទសកម្ពុជា លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា ស្ថានភាពព្រៃឈើ នៅតំបន់ព្រៃឡង់នៅតែល្អ ខ្ញុំឃើញថាឆ្នាំកន្លងមកមាន​ការកាប់ឈើខុសច្បាប់ ប៉ុន្តែនៅតែមានដើមឈើធំៗច្រើន និងជាទូទៅព្រៃឈើនៅមានស្ថានភាពល្អ មិនតែប៉ុណ្ណោះស្ថានទូតអាមេរិកបានផ្តល់ថវិកាដល់គម្រោង​អភិវឌ្ឍមួយដើម្បីជួយឧទ្យានុរក្ស ពង្រឹងច្បាប់ព្រៃឈើ និងជួយភូមិខ្លះក្នុងការបង្កើត សហគមន៍ព្រៃឈើដែរ។

ចំពោះលទ្ធផល សម្រេចចុងក្រោយ រួមមានទាំងគម្របព្រៃឈើជាតិ និងគម្របព្រៃឈើមិនរាប់បញ្ចូល ចំការកៅស៊ូ ចំការដូងប្រេង និងដំណាំហូបផ្លែ ដទៃទៀត និងផលឹតចេញក្នុងពេលខ្លីដ៏ឆាប់ខាងមុខ ហើយនឹងត្រូវផ្សព្វផ្សាយជាសាធារណៈនៅអំឡុងឆ្នាំ២០១៧។

លោក សាយ សំអាល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន បានអំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សហការគ្នាក្នុងការទប់ស្កាត់ និងលុបបំបាត់នូវរាល់បទល្មើស ព្រៃឈើខ្នាតតូច និងមធ្យមដែលកំពុងកើតមាននៅតាមតំបន់មួយចំនួន និងចូលរួមដាំដុះដើមឈើគ្រប់ប្រភេទឡើងវិញ ដើម្បីបង្កើនគម្របព្រៃឈើនៅកម្ពុជាយើង៕