(ភ្នំពេញ)៖ នៅប៉ុន្មានថ្ងៃមុននេះ កញ្ញា សូ ធារ៉ា ម្ចាស់សំនៀងបទ «យួនចូលស្រុក» ក្នុងក្បួនឃោសនារកសំឡេងឆ្នោត ក៏ដូចជាក្បួនបាតុកម្ម​របស់គណបក្ស សង្រ្គោះជាតិ (CNRP) កាលពីឆ្នាំ២០១៣ កន្លងទៅ បានចេញមកលាតត្រដាងការពិតនូវទង្វើបោក​ប្រាស់របស់បក្សប្រឆាំង​មួយនេះ ព្រមទាំងបង្ហាញនូវការ ឈឺចាប់ខ្លោចផ្សា ចំពោះការតិះដៀលដោយពាក្យអសុរស ពីអ្នកគាំទ្របក្សប្រឆាំងដូចជា លក់ឧត្តមគតិ លក់ក្បាល និងជនជាតិយួន ពេលឈប់គំាទ្រ បក្សមួយនេះ។

នៅពេលនេះអតីតអ្នកគាំទ្របក្សសង្គ្រោះដ៏លេចធ្លោ និងសកម្មម្នាក់ទៀត ដែលបានចំណាយលុយកាក់ កម្លាំង និងពេលវេលាយ៉ាងច្រើន ដើម្បីចូលរួមដង្ហែ តវ៉ា និងធ្វើមហាបាតុកម្មកាលពីឆ្នាំ២០១៣នោះ បានចេញមករៀបរាប់ពីការឈឺចាប់ទៀតហើយ និងសោកស្តាយបំផុត​ដែលជ្រុលខ្លួន ទៅគាំទ្របក្ស សង្គ្រោះជាតិ។

អ្នកនាង ជា ស្រីពៅ ដែលមាន Account Facebook «ម្លិះ កោះក្របី» នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ​ បានដាច់ចិត្តចេញ​មកទម្លាយពីការ​ឈឺចាប់ និងពីមូលហេតុធំៗ ដែលខ្លួនបានដើរចេញពីបក្សមួយនេះ ដែលពីមុនខ្លួនបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការចូលរួមឃោសនា ការដង្ហែក្បួន និងចូលរួមធ្វើ មហាបាតុកម្មដឹកនាំលោក សម រង្ស៊ី និងលោក កឹម សុខា។

អ្នកនាងដ៏ស្រស់សោភាព «ម្លិះ កោះក្របី» បានរម្លឹកនូវការឈឺចាប់មួយនោះគឺ មេដឹកនាំបក្សសង្គ្រោះជាតិ បានប្រកាសទៅអ្នកគាំទ្ររបស់ខ្លួនថា នឹងមិនចូលភានោះឡើយ រហូតដល់ទៅស្បថស្បែទៀតផង ប៉ុន្តែទីបំផុតពួកគេកំសាក បានរត់ចូលសភាព ធ្វើឲ្យអ្នកគាំទ្រខកចិត្ត និងខ្លោចចិត្តយ៉ាងខ្លាំង។ ចំពោះសកម្មភាពចូលរួមសកម្មភាព ជាមួយបក្សសង្គ្រោះជាតិ នាពេលកន្លងទៅនោះ «ម្លិះ កោះក្របី» បានឲ្យដឹងថា ពេលចូលរួមម្តងៗ នាងត្រូវចំណាយលុយ ពី២០០ទៅ៣០០ដុល្លារ។ ពេលខ្លះរៀបចំបាយ២០០ទៅ៣០០កញ្ចប់ ទឹកសុទ្ធ ហើយថែមចេញលុយចាក់សាំង ឲ្យអ្នកគាំទ្រផ្សេងទៀតផងឲ្យតែបានឈ្នះ និងដឹកនាំប្រទេស ដើម្បីការរីកចំរើនថែមទៀត ប៉ុន្តែទីបំផុតគ្មានបានអី ក្រៅពីការឈរមើលពួកគេចូលទៅអង្គុយ ក្នុងរដ្ឋសភាព ដោយមិននឹងឃើញ អ្នកគាំទ្រទាល់តែសោះ។

«ម្លិះ កោះក្របី» ក៏បានបញ្ជាក់ផងដែរថា ​ពីមុននាងមានហាងម៉ាស្សាចំនួន២កន្លែង មួយនៅខាងក្រោយក្រសួងដែនដី និងមួយកន្លែងនៅក្បែររង្វង់មូល ផ្សារដើមថ្លូវ ដែលត្រូវចំណាយទុនអស់ជិត៤ម៉ឺនដុល្លារ ប៉ុន្តែនៅពេលនេះ បានរលាយអស់ហើយ។ អ្វីដែលធ្វើឲ្យនាងចាំ និងនឹកឃើញជាក់ភ្នែកនោះគឺ ថ្នាក់ដឹកនាំបក្សសង្គ្រោះជាតិពូកែ និងជំនាញណាស់ញុះញង់ និងចេះឲ្យដុតកំហឹងមនុស្ស ដើម្បីបង្កចលាចល និងអនាធិបតេយ្យនៅក្នុងសង្គមជាដើម។

ជាមួយគ្នានេះ មិនខុសពីការលើកឡើងរបស់កញ្ញា សូ ធារ៉ា អតីតអ្នកគាំទ្របក្សប្រឆាំងដ៏ល្បីម្នាក់នេះ ក៏សម្តែងការឈឺចាប់នូវការលាបពណ៌ និងតិះដៀលថា នាងជាជនលក់ឧត្តមគតិ លក់ក្បាល និងភ្លេចកំណើត​ ដែលពាក្យមុសាទាំងនេះបានកើតឡើងនៅពេលនាងឈប់គាំទ្រ បក្សប្រឆាំងមួយនេះ។ បើតាម «ម្លិះ កោះក្របី» មិនត្រឹមតែនាងម្នាក់ទេ ដែលឆ្អែតនឹងបក្សសង្គ្រោះរហូតដើរចេញនោះ គឺមានអ្នកគាំទ្រជាច្រើននាក់ ផ្សេងទៀត ក៏បានឈប់គាំទ្រផងដែរ​ គ្រាន់តែពួកគេមិនហ៊ានប្រកាសចេញមុខតែប៉ុណ្ណោះ។

សូមស្តាប់ការរៀបរាប់អំពីការឈឺចាប់របស់អ្នកនាង ជា​​ ស្រីពៅ ហៅ «ម្លិះ កោះក្របី»