Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយឧត្តមសេនីយ៍ មាស សុភា ជួបសមាជិកបក្សជាង៧០០នាក់ នៅខេត្តព្រះវិហារ និងដាស់តឿនឲ្យអញ្ជើញ ទៅបោះឆ្នោតទាំងអស់គ្នា

01-06-2017 07:27

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ មាស សុភា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងរថ្នាក់កណ្តាលចុះជួយ ខេត្តព្រះវិហារ និងលោក អ៊ុន ចាន់ដា ប្រធានគណបក្សប្រជាជនកម្ពុជាខេត្ត រួមជាមួយក្រុមការងារចុះជួយស្រុកត្បែង និងក្រុមការងារចុះជួយឃុំប្រមេរុ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ បានបន្តចុះជួបសំណេះសំណាលជាមួយសកម្មជន និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ៧០០នាក់ ប្រកបដោយបរិយាកាសស្និតស្នាលរីករាយក្រៃលែង។

លោក កង សៅគុណ ប្រធានក្រុមការងារ ចុះជួយឃុំប្រមេរុ បានបានថ្លែងថា នៅឆ្នាំ២០១៧នេះ ប្រជាពលរដ្ឋជាច្រើននៅឃុំប្រមេរុ មានអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយក៏មានសកម្មជនគណបក្សប្រឆាំងជាច្រើននាក់ ក៏បានមករួមរស់ជាមួយ និងយើងផងដែរ ដែលកត្តានេះបណ្តាលមកពីការដឹកនាំដ៏ឈ្លាសវៃ និងត្រឹមត្រូវរបស់ប្រមុខគណបក្សប្រជាជនកម្ពុជា សម្តេចតេជោ ហ៊ុន សែន លើគ្រប់វិស័យ កសាងប្រទេសជាតិ​ តាំងពីបាតដៃទេររហូតប្រែក្លាយប្រទេសជាតិ មានសុខសន្តិភាព រស់នៅជុំគ្រួសារ មានសិទ្ធសេរីភាពគ្រប់បែបយ៉ាង។

លោក កង សៅគុណ បានបន្តថា ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា តែងតែខ្វល់ខ្វាយពីសុខទុករបស់ប្រជាពលរដ្ឋ គ្រប់កាលៈទេសៈ ទាំងអស់ ជាពិសេសថ្នាក់ដឹកនាំរបស់បក្សប្រជាជន បានចុះជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះហើយទើបធ្វើឲ្យប្រជាពលរដ្ឋមានភាពជឿជាក់ និងទុកចិត្តលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា។ ថ្ងៃបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ខាងមុខនេះ លោកជឿជាក់ថាគណបក្សប្រជាជនឃុំប្រមេរុ និងទទួលបានសម្លេងគាំទ្រច្រើនផងដែរ។

នាយឧត្តមសេនីយ៍ មាស សុភា បានថ្លែងថា នូវការសប្បាយរីករាយ ដែលថ្ងៃនេះបានមកជួបជុំសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅឃុំប្រមេរុ ក្នុងឱកាសនោះ លោកសំណូមពរឲ្យក្រុមការងារក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបក្បួនហែរចុងក្រោយនេះ នៅថ្ងៃទី២ ដែលជាថ្ងៃបង្ហើយនៃ ឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់អណត្តិទី៤ ព្រោះ សម្តេច ហ៊ុន សែន ប្រធានគណកប្សអញ្ជើញបើកយុទ្ធនាការឃោសនា ទ្រង់ទ្រាយធំ នៅរាជធានីភ្នំពេញ ដោយមានសកម្មជនអ្នកគាំទ្រប្រមាណ១៥ ម៉ឺននាក់ ចូលរួម និងមានការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍វិទ្យុ ទៀតផង។ ដូច្នេះក្រុមការងារទាំងអស់ត្រូវរៀបចំគ្រឿងបំពងសម្លេងឲ្យបានគ្រប់ៗគ្នា ដើម្បីឲ្យអ្នកគាំទ្រយើងបានស្តាប់ប្រសាសន៍របស់សម្តេច ក្នុងយុទ្ធនាការឃោសនា បោះឆ្នោតនេះផង។

ជាចុងបញ្ចប់នាយឧត្តមសេនីយ៍ មាស សុភា បានដាស់តឿនប្រជាពលរដ្ឋឲ្យអញ្ជើញទៅបោះឆ្នោតទាំងអស់គ្នាដើម្បីជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ ដែលមានសមត្ថភាពដឹកក្នុងមូលដ្ឋានឲ្យមានភាពរលូន គឺបោះឆ្នោយជូនគណបក្សប្រជាជនកម្ពុជាទាំងអស់គ្នា