(ក្រចេះ)៖ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និង​ជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាឃុំពង្រ និងសកម្មជនទូទាំងស្រុកឆ្លូង ខេត្តក្រចេះ ​ដោយបានក្រើនរំលឹកថា សូមកុំចាញ់បោកនូវការសន្យា អះអាងបែបបោកប្រាស់របស់បណ្តាបក្សប្រឆាំង ថានឹងផ្តល់នូវអ្វីគ្រប់បែបយ៉ាង។

ក្នុងពិធីនេះ ដែលបានធ្វើនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ​ខណៈដែលកន្លងមក រហូតបច្ចុប្បន្ន មិនទាន់មានបក្សប្រឆាំងណា បានសាងនូវស្នាដៃបន្តិចណា ជូនសហគមន៍ឡើយ ផ្ទុយទៅវិញមានតែការបង្ក​ផ្គរភ្លៀង និង​ញុះញង់បង្កចលាចលដល់សហគមន៍ ការបំបែកបំបាក់សាមគ្គីរវាងបងប្អូនក្នុងគ្រួសារ និងសហគមន៍តែប៉ុណ្ណោះ។

ជាក់ស្តែង ការប្រកាសអូតអាងពីការទាមទារ សេរីភាពរបស់ក្រុមបក្សប្រឆាំង ខណៈដែលមេដឹកនាំគណបក្សរបស់ពួកគេ គ្មានទាំងដែលស្គាល់អ្វីជាលះបង់ដើម្បីទាមទារសេរីភាព និង​សេចក្តីសុខសន្តិភាព ជូនប្រជារាស្ត្រ​ទាល់តែសោះ ផ្ទុយទៅវិញសេរីភាព សុខសន្តិភាព និង​ភាពចម្រុងចម្រើនមកដល់សព្វថ្ងៃនេះ គឺបានមកដោយការតស៊ូយ៉ាងលំបាក ការលះបង់ឈាមស្រស់ ព្រាត់ប្រាស បងប្អូនគ្រួសារ នៃមេដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតែ១គត់។

​លោកប្រធានគណៈចលនាសាសនិកឥស្លាម បានអាននូវគោលនយោបាយសំខាន់ៗទាំង​១៣ចំនុច របស់គណ​បក្សប្រជាជនកម្ពុជា សម្រាប់អភិវឌ្ឍន៍ឃុំ-សង្កាត់ ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ​២០២២ និងការប្តេជ្ញាចិត្តរបស់​គណបក្សប្រជាជន ក្នុងការបន្តថែរក្សាសន្តិភាពបច្ចុប្បន្ន ក៏ដូចជាការលើកកម្ពស់ ការផ្តល់សេវាសាធារណៈ ឲ្យបានកាន់តែមានប្រសិទ្ធភាព ដើម្បីឆ្លើយតបនឹងបំណងប្រាថ្នា និងផលប្រយោជន៍ដ៏ឧត្តុង្គឧត្តម​របស់ប្រជាពលរដ្ឋ គ្រប់ៗរូបនៅគ្រប់មូលដ្ឋាន។

បន្ថែមពីនេះ លោក អូស្មាន ហាស្សាន់ បានសន្យាថា នឹងរិះរកមធ្យោបាយនានាសម្រួលដល់ជីវភាពគណៈដឹកនាំសាសនិកឥស្លាម តាមមូលដ្ឋាន ដើម្បីឲ្យបានវិស័យនានាក្នុងសហគមន៍ឥស្លាម មានការរីកចម្រើនតទៅមុខទៀត៕