(ព្រះវិហារ)៖ នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ សកម្មជនរបស់គណបក្សសង្គ្រោះជាតិ (CNRP) ចំនួន៤០នាក់ និងគណបក្សហ្វ៊ុនស៊ិនប៉ិច៤នាក់ នៅឃុំន្លូព្រៃមួយ និងឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ បានបន្តចាកចេញពីបក្សរបស់ខ្លួន មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយមើលឃើញពីភាពអសកម្ម របស់មេបក្សដែលខ្លួនគាំទ្រ។
លោក សំ លាងទ្រី អនុប្រធាក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកឆែប និងជាប្រធានក្រុមការងារចុះជួយឃុំម្លូព្រៃមួយ និងឃុំសង្កែពីរ ស្រុកឆែប បានថ្លែងថា ក្រោមការណែនាំរបស់ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ ក៏ដូចជាការណែនាំរបស់លោក អ៊ុន ចាន់ដា ប្រធានគណបក្សខេត្ត ក្រុមការងារចុះជួយឃុំម្លូព្រៃមួយ និងឃុំសង្កែពីរ តែងចុះជាប់ជានិច្ចជាមួយប្រជាពលរដ្ឋ ដោយមិនប្រកាន់និន្នាការនយោបាយ ធ្វើតែអំពើល្អ ជួយពួកគាត់គ្រប់ពេលវេលា ពេលពួកគាត់មានបញ្ហា ឬក្នុងភូមិគាត់ជួបការលំបាកធ្វើដំណើរ ក្រុមការងារយើងជួយសម្រួល ផ្លូវជូនគាត់ភ្លាម និងចំណុចជាច្រើនទៀត ដល់ឃើញយើងជួយគាត់បែបនេះ គាត់មានភាពជឿជាក់លើយើងគួបផ្សំ និងគាត់អស់ជំនឿលើការដឹកនាំ របស់ថ្នាក់ដឹកនាំគាត់ៗ ក៏សំរេចចិត្តមករួមរស់ជាមួយយើង ដោយយើងមិនបានបង្ខិតបង្ខំគាត់នោះទេ ពោលគឺគាត់មកទាំងខ្លួន និងបេះដូង មករួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា ជារៀងរហូត ឈប់ជឿតាមការញុះញង់ របស់បក្សណាទៀតហើយ។
លោក វ៉េត បុប្ផា ជាសកម្មជនគណបក្សសង្រ្គោះជាតិ និងជាបក្ខជនឈរឈ្មោះបោះឆ្នោតលេខរៀងទី៥ និងលោក លួន សុខឃៀ បេក្ខជនឈរឈ្មោះលេខរៀងទី៤ នៅឃុំសង្កែពីរ ស្រុកឆែប ខេត្តព្រះវិហារ បានថ្លែងដូចគ្នាថា ពួកគាត់អស់ចិត្ត និងគ្មានជំនឿលើការដឹកនាំ របស់មេបក្សសង្រ្គោះជាតិនោះទេ និយាយរួមបានតែការសន្យាហើយ មិនដែលធ្វើអ្វីសោះ ដើម្បីបម្រើដល់សង្គមជាតិ ពេលដែលថ្នាក់ដឹកនាំ ចុះមូលដ្ឋានវិញ ចេះតែសន្យានេះ សន្យានោះ តែគ្មានឃើញលទ្ធផលអ្វី បន្តិចសោះនៅពេលដែលប្រជាពលរដ្ឋសួរពួកគាត់ ហាក់បីដូចជាខ្មាសខ្លួនឯង ព្រោះមិនបានធ្វើអ្វីដូចការសន្យា ឲ្យប្រជាពលរដ្ឋលោកមើលឃើញ។ ម្យ៉ាងទៀតលោកឈរលេខរៀងទី៤ របស់គណបក្សសង្រ្គោះជាតិ នៅក្នុងឃុំសង្កែពីរ បែរជាយកអ្នកផ្សេងមកដាក់ជំនួស ហើយដកគាត់ដាក់លេខរៀងទី៧វិញ។
លោក វ៉េត បុប្ផា បានបន្តថា នេះជាទង្វើមួយបង្ហាញថា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ សុទ្ធតែក្រុមពុករលួយគ្មានតម្លាភាពដូចអ្វីដែល ក្រុមខ្លួនបានសន្យាជាមួយប្រជាពលរដ្ឋ ឬសកម្មជនឈរឈ្មោះបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ របស់ខ្លួននោះទេ ទើបលោកសម្រចចិត្តឈប់គាំទ្រតទៅទៀត ហើយក៏បាននាំសកម្មជនមួយចំនួនទៀត ងាកមកគាំទ្រគណបក្សប្រជាជនកម្ពុជាវិញ ដែលជាកប្សមិនដែលបានសន្យាអ្វីសោះ ជាមួយប្រជាពលរដ្ឋតែបានធ្វើអ្វីៗជាច្រើន សម្រាប់ប្រជាពលរដ្ឋ និងកសាងសង្គមជាតិតាំងពីបាទដៃទេរ រហូតប្រែក្លាយប្រទេសឲ្យមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។
អតីតសកម្មជនបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លោកនិងសកម្មជនផ្សេងទៀត មករួមរស់ជាមួយគណបក្សប្រជាជន នៅពេលនេះ គ្មានអ្នកណាមកបង្ខិតបង្ខំនោះទេ និយាយរួមគឺលោកអស់ចិត្ត គ្រាន់តែលេខរៀងបេក្ខជនពុករលួយប៉ុណ្ណេះហើយ តើឲ្យលោកនៅធ្វើអ្វីទៀតទម្រាមតែបានកាន់អំណាច មិនដឹងពុករលួយប៉ុណ្ណាទេ៕