(ត្បូងឃ្មុំ)៖ ថ្លែងទៅកាន់ប្រជាពលរដ្ឋ សមាជិកសមាជិកា គណបក្សប្រជាជនកម្ពុជា នៅស្រុកតំបែរ លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈចលនាសាសនិកឥស្លាម របស់គណបក្សប្រជាជនកម្ពុជា បានលើកឡើងថា «បើស្រឡាញ់ភូមិយើង ឃុំយើង និងប្រទេសជាតិយើង ត្រូវនាំគ្នាទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា ដើម្បីប្រទេសជាតិយើងមានការអភិវឌ្ឍន៍បន្តទៀត»។
ក្នុងពិធីដែលបានធ្វើនៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ នៅភូមិបេងថ្មី ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ លោក អូស្មាន ហាស្សាន់ បានប្រាប់ឲ្យបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំ និងមន្រ្តីក្រុមប្រឹក្សាឃុំ ត្រូវខិតខំបំពេញការងារ ទៅតាមតួនាទីរៀងៗខ្លួន ដើម្បីបម្រើសំណូមពរ និងសេចក្ដីត្រូវការជូនប្រជាពលរដ្ឋ ពិសេសនៅពេលប្រជាពលរដ្ឋ ជួបការលំបាកតែម្តង ហើយត្រូវរួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំងឡាយ របស់គណបក្សប្រជាជនកម្ពុជា ឲ្យបានស្ថិតស្ថេរគង់វង្ស នៅជាអមតៈតរៀងទៅ។
លោកបន្តថា សមាជិកក្រុមការងារចុះជួយឃុំសង្កាត់ និងភូមិទាំងអស់ ព្រមទាំងមន្ត្រីបក្សប្រជាជនកម្ពុជាត្រូវដឹងថា តើមានចំនុចអ្វីដែលយើងត្រូវការ និងកែអំអរ ក្នុងតំបន់យើងបន្តទៀត នៃការគ្រប់គ្រងសមាជិកបក្ស និងបង្កើនសមាជិកថ្មី ដើម្បីឈ្នះឆ្នោតបន្តទៀតនាឆ្នាំ២០១៧នេះ ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់ ដែលខិតចូលមកដល់ក្នុងពេលកាន់តែឆាប់នេះ៕