(ភ្នំពេញ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី សមាជិកគណ:កម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារថ្នាក់កណ្តាល គណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ស្ពឺ បានដឹកនាំយុទ្ធនាការឃោសនា ស្វែងរកសម្លេងគាំទ្រគណបក្ស ប្រជាជនកម្ពុជា នៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧។

ថ្លែងទៅកាន់សមាជិក សមាជិកាគណបក្ស លោកទេសរដ្ឋមន្រ្តីបានថ្លែងថា តាមប្រវត្តិសាស្រ្ត៥០០ឆ្នាំចុងក្រោយនេះ ប្រទេសយើងសព្វថ្ងៃ បានសុខសប្បាយជាងគេ។ ដោយសារស្រុកមានសន្តិភាព មានប្រជាធិបតេយ្យ ទើបយើងរៀបចំការបោះឆ្នោត ជាទៀងទាត់៥ឆ្នាំម្តង។ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ថាយ៉ាងម៉េចធ្វើអញ្ចឹង មិនកុហកទេ។ សមិទ្ធផលសង្គមជាតិជាច្រើន មានសាលារៀន ស្ពានថ្នល់ និងអគ្គិសនីខ្វាត់ខ្វែងបានកើតចេញ ពីការដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា។

កន្លងមកមានអ្នកចង់បំផ្លាញសន្តិភាព និងមិនទទួលស្គាល់សមិទ្ធផលនានា បំភ្លៃការពិត ហើយគេដើរឃោសនាបោកប្រាស់ថា ខ្មែរកាន់តែក្រទៅៗ។ បើយើងចេះតែសម្លឹងទៅលើ គឺមើលឃើញថា ក្រហើយ។ តែបើមើលតាមប្រវត្តិសាស្រ្តយើងឃើញថា ស្រុកយើងមានការរីកចម្រើនគ្រាន់បើ។ លើសពីនេះ ពួកបក្សប្រឆាំងបាន ១៖ បញ្ឆេះកំហឹងឱ្យប្រជាជនស្អប់អ្នកមាន និងស្អប់អ្នកកាន់អំណាច។ ២៖ បង្កជម្លោះព្រំដែនជាមួយ ប្រទេសជិតខាង និង៣៖ ដឹកនាំបាតុកម្ម បង្កឱ្យមានចលាចល។ ដូច្នេះហើយបានជាយើងបារម្ភក្រែង មានបងប្អូនចាញ់បោកគេ ជឿតាមបក្សប្រឆាំងនាំឱ្យ ចលាចលកើតសង្រ្គាម។ អ្វីដែលយើងមើលឃើញ គឺបក្សប្រឆាំងមិនមានសមត្ថភាពទេ។ សូម្បីតែទូរទស្សន៍បើកមិនបានផង កុំនិយាយដល់ការគ្រប់គ្រង បាតុកម្មកុំឱ្យចលាចល និងការដឹកនាំប្រទេសនោះ។

លោកទេសរដ្ឋមន្ត្រី លើកឡើងទៀតថា យើងខំរកការងារឱ្យបងប្អូនកូនចៅយើង ដោយទាក់ទាញវិនិយោគិនឱ្យមកបើករោងចក្រ តែពួកអ្នកប្រឆាំងទៅឃាត់កុំឱ្យថៅកែមករកស៊ីនៅស្រុកខ្មែរ។ ហើយចោទថាយើងក្បត់ជាតិ ឯពួកគាត់ស្នេហាជាតិ។ រាជរដ្ឋាភិបាលបានខិតខំគិតគូរ ដំឡើងប្រាក់ខែជូនកម្មករ និងមន្ត្រីរាជការ។ ចាប់ពីខែមេសា ឆ្នាំ២០១៧ នេះ កម្មករបានប្រាក់ខែគោល ១៥៣ដុល្លារក្នុងមួយខែ។ ដោយឡែកក្នុងស្រុកបរសេដ្ឋ យើងមានកម្មករប្រមាណ១៩០០០នាក់។ ដូច្នេះមានប្រាក់ចូលស្រុកបរសេដ្ឋប្រមាណ ៣លានដុល្លារក្នុងមួយខែ។ រាជរដ្ឋាភិបាលក៏បានគិតគូរ អំពីរបបសន្តិសុខសង្គម ដោយរៀបចំឱ្យមានបេឡាជាតិរបបសន្តិសុខសង្គម។ ដូច្នេះ ពេលកម្មករកម្មការិនីឈឺ ឬមានគ្រោះថ្នាក់មានថវិកាសម្រាប់ព្យាបាល និងឧបត្ថម្ភ។ លើសពីនេះ ពេលចាស់កម្មករយើង មានប្រាក់ចូលនិវត្តន៍ដូចមន្រ្តីរាជការដែរ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្រ្តីបានផ្តាំផ្ញើ ដល់សមាជិកសមាជិកា បោះឆ្នោតជូនគណបក្សម្នាក់មួយសន្លឹក និងនាំមិត្តភក្តិ បងប្អូន កូនក្មួយទៅបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាឱ្យបានគ្រប់ៗគ្នា។ បោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជាដើម្បីបន្តការរីកចម្រើន និងការអភិវឌ្ឍ៕