(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានថ្លែងអំពាវនាវ ឲ្យសមាជិកបក្សទាំងអស់ ត្រៀមឯកសារគ្រប់គ្រាន់ ទៅបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តត្បូងឃ្មុំ បានអញ្ជើញចុះជួប សំណេះសំណាលតាមគោលដៅនានា ទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ។
នៅក្នុងឱកាសនោះ សម្តេចពញាចក្រី ហេង សំរិន បានបង្ហាញនូវទំនុកចិត្តខ្ពស់ថា គណបក្សប្រជាជនកម្ពុជា នឹងទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ នៅក្នុងការបោះឆ្នោតនេះ។ សម្តេចពញាចក្រី ហេង សំរិន បានបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នៅថ្ងៃអាទិត្យទី៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ មានសារសំខាន់ណាស់ សម្រាប់ពលរដ្ឋខ្មែរក្នុងការជ្រើសរើសតំណាងរបស់ខ្លួន នៅក្នុងមូលដ្ឋាន គឺការ
ជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ដែលជាអង្គការតំណាងប្រជាពលរដ្ឋដែលត្រូវជ្រើសរើស ឡើងតាមការបោះឆ្នោត ដោយប្រជាពលរដ្ឋ នៃឃុំ/សង្កាត់របស់ខ្លួន ឲ្យបំរើពលរដ្ឋក្នុងឃុំសង្កាត់នោះ។
សម្តេចបានបន្តថា «សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់៣អាណត្តិមកហើយ គណបក្សប្រជាជនកម្ពុជា តែងតែទទួលបានជ័យជំនះដ៏លើសលប់ នេះក៏ដោយសារពលរដ្ឋពលម្ចាស់ឆ្នោត បានយល់ច្បាស់អំពីគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ហើយថា យើងត្រូវតែឈ្នះជាបន្តទៀត ដើម្បីការពារសន្តិភាព និងសមិទ្ធផលនានាដែល យើងខិតខំកសាងបាននៅក្រោយថ្ងៃរំដោះ ៧មករា ១៩៧៩»។
តាមការគ្រោងទុក សម្តេចពញាចក្រី ហេង សំរិន នឹងដឹកនាំយុទ្ធនាការឃោសនាទ្រង់ទ្រាយធំនៅថ្ងៃចុងក្រោយនាខេត្តត្បូងឃ្មុំ ស្របពេលដែល ប្រធានគណបក្សសម្តេចតេជោ ហ៊ុន សែន ដឹកនាំការធ្វើយុទ្ធនាការដ៏ធំបំផុតមួយ នៅថ្ងៃបិទបញ្ចប់យុទ្ធនាការនៅរាជធានីភ្នំពេញ ដែលអ្នកចូលរួមជាង ១៥ម៉ឺននាក់៕