(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត ម្ចាស់ឃ្លាំងលក់រថយន្តមួយកន្លែង មានយីហោធំ​ឈ្មោះ «គិត សុខលី​​» បានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ ​ដល់អតិថិជនមួយចំនួន​ដែលបានទិញរថយន្ត ពីសាខាឃ្លាំងរបស់ខ្លួន មានឈ្មោះ «រដ្ឋា និង​ធីតា» ​ដែលអតិថិជន​​ទាំងនោះ ខកខានមិនបានបង់ប្រាក់​ ​តាមកិ​ច្ចសន្យា ដោយឲ្យ​ប្រញាប់រួសរាន់​​ចូលខ្លួន​ មកដោះ​ស្រាយបំណុល ​ដល់ម្ចាស់ឃ្លាំង​លក់​​រថយន្ត​​​ឲ្យបានចាប់រហ័ស បើពុំនោះទេ នឹងមានវិធានការតាមផ្លូវច្បាប់​​ជាមិនខាន ហើយ​ក៏មិន​មានការ​យោគយល់​​ ទៀតដែរ។ ​

​ម្ចាស់ឃ្លាំងលក់រថយន្តអ្នកស្រី គិត សុខលី​ បានថ្លែងប្រាប់ Fresh News ឲ្យដឹងនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះថា ​ កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៥ មានអតិថិជនឈ្មោះ លោក អ៊ិន សារ៉ាន់នី និងភរិយាឈ្មោះ ធូ សុភក្រ្ត័ មានទីលំនៅផ្ទះលេខ ៣២៧ ផ្លូវ៦៥៦ ក្រុមទី៤ សង្កាត់និរោធ ខណ្ឌមានជ័យ (សព្វថ្ងៃខណ្ឌច្បារអំពៅ) រាជធានីភ្នំពេញ បានទិញរថយន្តម៉ាក LEXUS 470 ពណ៌​ស ស៊េរីឆ្នាំ២០០១ មួយគ្រឿង ​ដោយបង់រំលោះ ក្នុង​អត្រាការប្រាក់៣% ដោយសន្យាបង់​រំលោះ១​ខែចំនួន ៥០០ដុល្លារ រហូតទាល់តែគ្រ​ប់ចំនួន។ ប៉ុន្តែ​បង់បានតែ៥ខែ ​មានប្រាក់សរុបត្រឹម​​តែ ៦៤០០ដុល្លារ ក៏ឈប់បង់ ហើ​យព្យាយាមគេខ្លួនរហូត ហើយនៅជំពាក់ប្រាក់ប្រមាណ ៣៤​ ៦០០ដុល្លារទៀត។

អ្នកស្រីម្ចាស់ទីតាំង​​លក់​រថយន្តដដែល ​បានប្រាប់ទៀត​ថា ចំណែក​​​លោក ម៉ៅ ស៊ួយគង់ និងប្រពន្ធ​ឈ្មោះ អ៊ិត ស្រីភឿន រស់នៅភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ កន្លងទៅ ក៏បានទិញរថយន្តម៉ាកតូយូតា ហាយឡេនឌ័រ ពណ៌មាស ស៊េរីឆ្នាំ២០០៣ ​ប៉ុន្តែ​បង់មុន៤០០០ដុល្លារ និង​ស​ន្យា​បង់រំលោះ​ ក្នុង១ខែ ចំនួន៦០០ដុល្លារ រហូតទាល់តែអស់ និងមានអត្រាការ​ប្រាក់១,៣% ក្នុង១ខែ ប៉ុន្តែ​បង់បានតែ៩ខែ ក៏លែងបង់ និងគេចខ្លួនរហូត ហើយនៅជំពាក់ ២៣ ៧០០​ដុល្លារទៀត។

ចំណែកអតិថិជនម្នាក់ទៀត​​ ឈ្មោះ អ៊ូ គង្គាពិជ័យ អាយុ៣៥ឆ្នាំ មានទីលំនៅផ្ទះលេខ៧៨ ផ្លូវ៩៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន បានទិញរថយន្តម៉ាក GS-470 ស៊េរី ឆ្នាំ២០០៣ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៥ ដោយបង់រំលោះ​ក្នុងអត្រាការប្រាក់១,៧% ប៉ុន្តែអតិថិជនរូបនេះ បង់លុយតាមកិច្ចសន្យា​បានតែប៉ុន្មានខែប៉ុណ្ណោះ ក៏លែងបង់រហូតមក ហើយមក​ដល់សព្វថ្ងៃនេះ​ នៅជំពាក់ ៤០ ២០០ដុល្លារ។

អ្នកទិញរថយន្តផ្សេង​ទៀត​ ឈ្មោះ រុន ចំណាន ជាប្ដី និងមានប្រពន្ធ​ឈ្មោះ ផិន ស៊ីម ទិញរថយន្ត​ម៉ាក LEXUS 330 ស៊េរីឆ្នាំ​២០០៦ កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៥ ដោយអតិថិជនរូបនេះ នៅជំពាក់ប្រាក់​​ចំនួន ៣៧ ៥០០ដុល្លារ​ បន្ថែមទៀត។

អតិថិជនបន្ថែមទៀត មានឈ្មោះ សំ វណ្ណពិសិដ្ឋ ជាប្ដី មានប្រពន្ធឈ្មោះ សុខ ស្រីពេជ្រ បានទិញរថយន្តម៉ាក កាមរី ស៊េរីឆ្នាំ២០០៣ ពណ៌ទឹកមាស កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៦ ដោយនៅជំពាក់ប្រាក់​​ ប្រមាណ ៤០០០ ដុល្លារទៀត។

អ្នកស្រី​​ក៏បានបញ្ជាក់ទៀតថា នេះជាការជូនដំណឹងចុងក្រោយ ហើយបើភាគីអ្នកទិញ​​​បង់រំលោះ​រថយន្ត ទាំងអស់ខាងលើ មិន​ចូលខ្លួនមកដោះស្រាយ​​​​​នោះទេ អ្នកស្រី នឹងដាក់ពាក្យបណ្តឹង ទៅតាមច្បាប់​ ហើយក៏មិនទទួលខុសត្រូវ​​​​​ទៅលើការលក់ ជួល បញ្ចាំ ចំពោះរថយន្តទាំងអស់​ខាង​លើនោះឡើយ ព្រោះតែមិនទាន់បាន​បង់​ប្រាក់​​គ្រប់ចំនួន ខណៈឯកសារផ្សេងៗ ក៏នៅលើដៃអ្នកស្រី​​ស្រាប់​។

សូមបញ្ជាក់ថា ឃ្លាំងលក់រថយន្តមួយកន្លែង មានយីហោ​ឈ្មោះ «គិត សុខលី​​»​ មានទីតាំងផ្ទះ​លេខ១៣​​ អឺស៊េរ៉ូ ផ្លូវ១៣៤ វិថីទេពផន សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

​ពាក់ព័ន្ធនឹងការលើកឡើង ចោទប្រកាន់របស់ម្ចាស់ហាង​​​ លក់រថយន្ត​ខាងលើ​នេះ​ដែរ Fresh News មិនអាច​ទំនាក់ទំនង​​សុំការបកស្រាយ ពីសំណាក់អ្នក​ទិញទាំងអស់ ដែលរងការចោទប្រកាន់​​បាននោះទេ ដោយម្នាក់ៗទូរសព្ទចូល តែគ្មានអ្នកទទួល និងខ្លះទៀតបានបិទទូរស័ព្ទចោល​ តែម្ដង៕

ឈ្មោះ អ៊ូ គង្គាពិជ័យ (រូបខាងលើ)

ឈ្មោះ អ៊ិន សារ៉ាន់នី

ឈ្មោះ ចាន់ សុខា

ឈ្មោះ ផិន ស៊ីម

ឈ្មោះ រុន ចំណាន

ឈ្មោះ ថេង ប៊ុនធឿន