(ភ្នំពេញ)៖ ឆ្លើយតបទៅនឹងលក្ខខណ្ឌទី២ របស់សាលារាជធានីភ្នំពេញ ដែលតម្រូវឲ្យគណបក្សសង្គ្រោះជាតិ ដឹកនាំការដង្ហែក្បូននៅថ្ងៃរសៀលទី០២ ខែមិថុនា​ ឆ្នាំ២០១៧ ដើម្បីបញ្ជៀសនឹងការប្រឈមដាក់គ្នា ជាមួយក្បូនឃោសនាគណបក្សប្រជាជនកម្ពុជា នៅពេលព្រឹកថ្ងៃដដែលនោះ ពេលនេះគណបក្សសង្គ្រោះជាតិ បានប្រកាសជាផ្លូវការហើយ ពួកគេនឹងធ្វើការជួបជុំហើយ ដង្ហែក្បូននៅវេលាម៉ោង២រសៀលថ្ងៃដដែលនោះវិញ។

សូមបញ្ជាក់ថា កាលពីកិច្ចប្រជុំម្សិលមិញ សាលារាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌ២ ឲ្យគណបក្សសង្គ្រោះជាតិ បើកយុទ្ធនាការដង្ហែក្បូននៅមុនមួយថ្ងៃ ពោលគឺថ្ងៃទី០១ ខែមិថុនា និងលក្ខខណ្ឌទី២ ការហែក្បូននៅពេលផ្សេងគ្នាពីការដង្ហែក្បួនរបស់គណបក្សប្រជាជនកម្ពុជា។

សេចក្ដីប្រកាសព័ត៌មាន របស់គណបក្សសង្គ្រោះជាតិ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានបញ្ជាក់ថា គណបក្សសង្គ្រោះជាតិ នឹងជួបជុំអ្នកគាំទ្ររបស់ខ្លួន នៅវត្តចាស់ ក្នុងខណ្ឌជ្រោយចង្វា រួចហើយនឹងចាប់ផ្ដើមដង្ហែក្បូន នៅវេលាម៉ោង២រសៀល ថ្ងៃដដែល ដឹកនាំដោយលោក កឹម សុខា ផ្ទាល់តែម្ដង។

គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួននឹងធ្វើការដង្ហែក្បួនមហាជន បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដោយមានសមាជិកចូលរួមជាង១៥ម៉ឺននាក់ ចាប់ពីផ្លូវសម្តេចតេជោ ហ៊ុន សែន (ហៅផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ ដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន។

សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់គណបក្ស នយោបាយ ពិសេសការដង្ហែក្បួនប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំង បញ្ចៀសឲ្យបាន ការកកស្ទះចរាចរ សាលារាជធានីភ្នំពេញ សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងជួបជុំ និងខ្សែផ្លូវដង្ហែ ខាងលើនេះ មេត្តាបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ក្បួនដង្ហែ ត្រូវបានបញ្ចប់៕