(ភ្នំពេញ)៖ អតីតអ្នកគាំទ្រគណបក្សសង្គ្រោះជាតិដ៏ល្បីឈ្មោះ និងសកម្មបំផុតគឺកញ្ញា ធី សុវណ្ណថា បានប្រកាសថា នឹងចូលរួមជីវភាពនយោបាយជាមួយ គណបក្សប្រជាជនកម្ពុជា ដែលមានក្រុមយុវជន និងគាំទ្រតាមមូលដ្ឋានរបស់ខ្លួន រហូតដល់ជាង១០ម៉ឺននាក់ មកពី១០០ឃុំ-សង្កាត់ទូទាំងប្រទេស។ នេះបើយោងតាមលិខិតស្នើសុំ របស់កញ្ញា ធី សុវណ្ណថា អតីតអ្នកឃោសនិកពិសេស នៃក្រុមការងារគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ ផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបណ្ដាញសារព័ត៌មាន Fresh News ទើបទទួលបាននៅមុននេះបន្ដិច។
នៅក្នុងលិខិតស្នើសុំចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ពីមូលហេតុថា «នាងបានស្វែងយល់ការពិតពីស្ថានភាពពិតនៃប្រទេសកម្ពុជា មានសុខសន្ដិភាព កំណែទម្រង់ល្អ និងមានភាពរីកចម្រើនកាន់តែប្រសើរ ពិសេសគឺគណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេច មានគោលនយោបាយល្អ ច្បាស់លាស់ និងបានកែប្រែជីវភាពប្រជាជនឲ្យកាន់តែរីកចម្រើនឡើង»។
កញ្ញា ធី សុវណ្ណថា បានបញ្ជាក់ទៀតថា «នាងខ្ញុំពិតជាមានការសោកស្ដាយណាស់ ចំពោះពាក្យសម្ដីខុសឆ្គងកន្លងមក ដោយនាងខ្ញុំនៅក្មេងគំនិតរាក់ និងមានទទួលការញុះញ៉ង់ បណ្ដុះបណ្ដាលមនោគមវិជ្ជា ចងគំនុំហិង្សា (លាបព័ណ៌ជនជាតិខ្មែរថាជាយួន) ពីថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ។ នាងខ្ញុំសូមទទួលកំហុស និងសូមអភ័យទោសពីសម្ដេច ឯកឧត្តម លោកជំទាវ លោកឧកញ៉ា ថ្នាក់ដឹកនាំ និងសមាជិកអ្នកគាំទ្រទាំងអស់នៃគណបក្សប្រជាជនកម្ពុជា»។
កញ្ញា ធី សុវណ្ណថា ក៏បានស្នើសុំសម្ដេច ផ្ដល់ឱកាសដល់រូបនាង សកម្មជន យុវជន និងអ្នកគាំទ្រជាង១០ម៉ឺននាក់ ចូលរួមពីជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមរក្សាសន្ដិភាព និងបានចូលរួមចំណែកជួយអភិវឌ្ឍន៍ប្រទេសជាតិរបស់យើង៕