(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីណែនាំរួមបន្ថែមស្ដីពី នីតិវិធីនៃការស្នើសុំ និងការចេញឯកបញ្ជាក់ អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៤ ដើម្បីសម្រួលការលំបាកជូនប្រជាពលរដ្ឋ ដែលបាត់ ឬខូច ឬមិនទាន់ទទួលបានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា កាលពីពេលកន្លងទៅ ដើម្បីបោះឆ្នោតបាន ទី១៖ ប្រជាពលរដ្ឋត្រូវមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៦ និងទី២៖ ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ តែប្រសិនបើប្រជាពលរដ្ឋបាត់ ឬខូច ឬមិនទាន់មានអត្តសញ្ញាណសញ្ជាតិខ្មែរទេ ប្រជាពលរដ្ឋត្រូវសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ពីគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត (PEC) ដែលការទៅស្នើសុំឯកសារនេះ សាមីខ្លួនត្រូវមានអ្នកធានា ដែលមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរចំនួន២នាក់ និងរូបថតចំនួន ២សន្លឹក ទៅជាមួយផងដែរ។

ប៉ុន្តែដោយមើលឃើញពីការលំបាករបស់ប្រជាពលរដ្ឋ ក្នុងការទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត និងក្នុងគោលបំណង ជួយសម្រួលដល់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ ក្នុងពេលចុះឈ្មោះបោះឆ្នោត ក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០១៦ មានឯកសារបញ្ជាក់អត្តសញ្ញាណសម្រាប់ការបោះឆ្នោត ក្រសួងមហាផ្ទៃ និង គ.ជ.ប បានធ្វើការណែនាំអនុវត្តនីតិវិធីបន្ថែម អំពីការស្នើសុំ និងការចេញឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យបោះឆ្នោត ដូចខាងក្រោម៖

១៖ ប្រជាពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៦ ដោយប្រើប្រាស់ឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត និងមានឈ្មោះបោះឆ្នោតក្នុងបញ្ជីបោះឆ្នោតផ្លូវការ នៅឆ្នាំ២០១៦ ហើយមិនទាន់មានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ អាចយកឯកសារ បញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការចុះឈ្មោះបោះឆ្នោត យកទៅជួបគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោតផ្ទាល់ខ្លួនដោយស្នើសុំ ឲ្យគណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត បញ្ជាក់អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាល បរិច្ឆេទផ្ដល់សុពលភាព នៅលើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត។

២៖ គណៈកម្មការឃុំ-សង្កាត់ រៀបចំការបោះឆ្នោត ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យ ក្នុងបញ្ជីឈ្មោះបោះឆ្នោត និងភិនភាគសាមីអ្នក ស្នើសុំ ឲ្យបានច្បាស់លាស់មុននឹងសម្រេចចារបញ្ជាក់ អំពីការមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោត ចុះហត្ថលេខា បោះត្រានិងចុះកាលបរិច្ឆេទ ផ្ដល់សុពលភាព ឲ្យប្រើប្រាស់ជាផ្លូវការ។

៣៖ គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើរបាយការណ៍ចំនួន ២ច្បាប់ អំពីការចារបញ្ជាក់អំពីការមានឈ្មោះក្នុង បញ្ជីបោះឆ្នោត លើឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឲ្យការបោះឆ្នោត ដើម្បីប្រើក្នុងការបោះឆ្នោត ហើយបិទផ្សាយ១ច្បាប់ នៅទីស្នាក់ការគណៈកម្មការ ឃុំ-សង្កាត់រៀបចំការបោះឆ្នោត និង១ច្បាប់ ផ្ញើជូនគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត (គធ.សប) ជាបន្ទាន់ ស្របពេលបញ្ជូនសម្ភារ បរិក្ខារ និងឯកសារបោះឆ្នោតទៅ គ.ជ.ប។

៤៖ ការស្នើសុំ និងការបញ្ជាក់លើឯកសារបញ្ជាក់អត្តសញ្ញាណនេះ ត្រូវបញ្ឈប់ត្រឹមថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៧ វេលាម៉ោង ៥៖៣០នាទីល្ងាច ជាកំហិត។

បើតាមសេចក្ដីណែនាំរួមបន្ថែម របស់ក្រសួងមហាផ្ទៃ និង គ.ជ.ប បានបន្តថា ក្រុមប្រឹក្សាឃុំ-សង្កាត់ មេឃុំ-ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ស្មៀនឃុំ-សង្កាត់ មេភូមិ រួមនឹងគណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទំលូទំលាយ ដល់ប្រជាពលរដ្ឋក្នុងឃុំ-សង្កាត់ ភូមិរបស់ខ្លួនអំពីខ្លឹមសារ នៃសេចក្ដីណែនាំរួមបន្ថែមនេះ។

ចំណែក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ ក្រុមប្រឹក្សារាជធានី-ខេត្ត គណៈអភិបាលរាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ គណៈអភិបាលក្រុង-ស្រុក-ខណ្ឌ អគ្គលេខាធិការ គ.ជ.ប គធ.ខប គឃ.សប ត្រូវចាត់ចែងផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងណែនាំអនុវត្តសេចក្ដីណែនាំរួមបន្ថែមនេះ ឲ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ឆាប់ៗនេះ ពោលនៅសល់តែ ៣ថ្ងៃទៀតប៉ុណ្ណោះ៕