(ភ្នំពេញ)៖ អ្នកនាំពាក្សគណបក្សសំឡេងភាគច្រើន នៅក្នុងរដ្ឋសភា លោក ឈាង វុន និងដែលជាតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបង គណបក្សប្រជាជនកម្ពុជា ផងនោះ បានថ្កោលទោសយ៉ាងខ្លំាងៗ ចំពោះផែនការទុច្ចរិត របស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការ គាំទ្របក្សប្រឆាំង បានរៀបចំផែនការសម្ងាត់ ធ្វើយុទ្ធនាការតាមទូរស័ព្ទ និង Online ក្នុងការជួយគណបក្សប្រឆំាង ដើម្បីធ្វើយ៉ាងណាឲ្យមានការជះឥទ្ធិពល លើលទ្ធផលបោះឆ្នោត ដើម្បីបម្រើមហិច្ឆិតា គណបក្សប្រឆំាង ផ្ទុយពីឆន្ទៈរបស់ប្រជាពលរដ្ឋ ដែលជាម្ចាស់ឆ្នោត។
លោក ឈាង វុន បានប្រាប់បណ្តាញសារព័ត៌មាន Fresh News នៅវេលាថ្ងៃត្រង់ទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា «ក្នុងផែនការទុច្ចរិតនេះ គេបានកំណត់បានរួចហើយ នូវក្រុមអង្គការ និងសង្គមស៊ីវិល ដែលពាក់ព័ន្ធទាំងនោះ ជាពិសេសបុគ្គលជាមេក្លោង ដែលដឹកនាំយុទ្ធនាការទុច្ចរិតនេះ ក្រោមការជួយជ្រោមជ្រែងពីបរទេសផងនោះ»។
សមាជិករដ្ឋសភារូបនេះ បានលើកឡើងថា គេត្រូវតែទប់ស្កាត់ និងកម្ចាត់ឲ្យបាននូវផែនការទុច្ចរិតទំាងនេះ ពីព្រោះវាអាចធ្វើឲ្យប៉ះពាល់ ដល់ឆន្ទៈរបស់ពលរដ្ឋ ប៉ះពាល់សណ្តាប់ធ្នាប់សង្គម ពីព្រោះថា ផែនការទុច្ចរិតដែលមានការជួយជ្រោមជ្រែងពីបរទេសបែបនេះ គឺជាផ្លូវមួយដែលអាចឈានដល់បដិវត្តពណ៌ ហើយចុងបញ្ចប់ គឺការបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍របស់កម្ពុជា ដែលបានមកដោយលំបាកនោះ។
នៅព្រឹកមិញ មន្ត្រីជាន់ខ្ពស់មួយរូបផ្នែកសន្តិសុខជាតិ បានទម្លាយប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា មានអង្គការក្រៅរដ្ឋាភិបាល និងសង្គមស៊ីវិលមួយចំនួន ដែលមាននិន្នាការគាំទ្របក្សប្រឆាំងបានរៀបចំផែនការសំងាត់ធ្វើយុទ្ធនាការតាមទូរស័ព្ទ និង Online ដើម្បីជះឥទ្ធិពលលើប្រជាពលរដ្ឋជាម្ចាស់ឆ្នោត។
មន្ត្រីជាន់ខ្ពស់ដដែលរូបនេះបានបញ្ជាក់ទៀតថា «យើងកំណត់បានរួចហើយនូវក្រុមអង្គការ និងសង្គមស៊ីវិល ដែលពាក់ព័ន្ធទាំងនោះ ជាពិសេសបុគ្គលជាមេក្លោង ដែលដឹកនាំយុទ្ធនាការទុច្ចរិតនេះ ក្រោមការជួយជ្រោមជ្រែងពីបាតដៃបរទេស ជាពិសេសអង្គការដែលមានស្នាក់ការនៅម្តុំចំការមន។ យើងនឹងអនុវត្តយ៉ាងហ្មឺងម៉ាត់ បំផុតចំពោះមុខសញ្ញាទាំងអស់នេះស្របតាមច្បាប់ស្តីពីការគ្រប់គ្រងអង្គារ NGO និងសមាគម ហើយនិងច្បាប់បោះឆ្នោត»៕