(ភ្នំពេញ)៖ លោក សោម អូន ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជា (NACC) បានប្រកាសថា កម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រ សហគ្រាសទាំងអស់នៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានត្រៀមខ្លួន និងឯកសារគ្រប់គ្រាន់រួចរាល់ហើយ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។
ជាមួយគ្នានោះលោក សោម អូន ក៏បានបញ្ជាក់ថា នៅលើ Facebook នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះថា របស់លោកថា ក្នុងនាមជាពលរដ្ឋខ្មែរ លោកពិតជាមានមោទនភាពណាស់ ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយបក្សនេះបានធ្វើឲ្យកម្មករនិយោជិតជាង១លាននាក់ មានការងារធ្វើ និងមានប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។
ប្រធានសហជីពជាតិកម្ពុជា ថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមប្រជាពលរដ្ឋកម្ពុជា ពួកយើងមានមោទនភាព ដែលបានចូលរួមគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលគណបក្សនយោបាយមួយនេះ ជាគណបក្សមានវ័យចំណាស់ មានបទពិសោធន៍ដឹកនាំប្រទេស ជាស្នូលក្នុងការបង្រួបបង្រួមជាតិ បង្កើតឲ្យមានសុខសន្តិភាពពេញលេញ និងបានបង្កើតការងារជូនប្រជាពលរដ្ឋ។ ជាពិសេសកម្មករនិយោជិត ជាង១លាននាក់កំពុងតែមានមុខរបរ និងទទួលបានប្រាក់ខែសម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ ហើយប្រាក់ខែត្រូវបានកំណត់តម្លើងជារៀងរាល់ឆ្នាំ»។
ម្យ៉ាងទៀត លោកសង្ឃឹមថា គណបក្សប្រជាជនកម្ពុជាគឺនៅតែរក្សាបាននូវតម្លៃជាជើងឯក មិនទាន់មានគណបក្សនយោបាយណាមួយ ប្រៀបផ្ទឹមបានឡើយ។
សូមជម្រាបថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ។ យោងតាមគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឲ្យដឹងថា មានគណបក្សចំនួន១២ បានចុះឈ្មោះចូលរួមប្រកួតប្រជែងជាមួយបេក្ខភាព សរុបជាង ៩ពាន់នាក់ ខណៈឃុំ-សង្កាត់នៅទូទាំងប្រទេសមានចំនួនសរុប ១,៦៤៦ ឃុំ-សង្កាត់៕