(ព្រះសីហនុ)៖ កម្លាំងនគរបាលខេត្តព្រះសីហនុ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត នៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានបង្ក្រាបក្រុមក្មេងទំនើង៣នាក់ ដែលបង្កការអុកឡុកសង្គម៣នាក់ នៅចំណុចរង្វង់មូលតោពីរ ក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។
មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់នេះ បានបង្កហិង្សាវាយតប់គ្នា បណ្ដាលឲ្យបង្កភាពរញែរញ៉ៃ អសណ្ដាប់ធ្នាប់។ ជនសង្ស័យដែលកម្លាំងនគរបាលឃាត់ខ្លួននេះ ទី១៖ឈ្មោះ ហ៊ឹម សុកាន់ អាយុ២២ឆ្នាំ ជាអ្នកកាន់ស្នាប់ដៃជាប់, កាំបិតចុងស្រួច, ជំពាមកៅស៊ូ, ដែកបំពង់ទីបមូល, ទី២៖ឈ្មោះ ស្វាយ អ៊ុនតាក់ អាយុ២៦ឆ្នាំ ជាអ្នកកាន់ច្រវ៉ាក់ដែក និងទី៣៖ឈ្មោះ ស៊ឹម ដារ៉ា អាយុ២០ឆ្នាំ។
ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៣ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដ៕