(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា គណបក្សសង្រ្គោះជាតិ ស្នើមកសាលារាជ ធានីភ្នំពេញ ឲ្យមានការជួបជុំការឃោសនាទ្រង់ទ្រាយធំ នាថ្ងៃទី០២ ខែមិថុនា ទៅទីតាំងវត្តចាស់វិញ ដែលផ្ទុយពីការកំណត់ របស់អាជ្ញាធរឲ្យជួបជុំគ្នានេះ ទីលានប្រជាធិបតេយ្យថ្មី ក្នុងខណ្ឌឬស្សីកែវ។ តែយ៉ាងណានោះ អាជ្ញាធររាជធានីភ្នំពេញ និងជួបជុំគ្នា ជាមួយតំណាងគណបក្សសង្គ្រោះជាតិ នៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ។
ជាមួយគ្នានេះលោក ប៉ា សុជាតិវង្ស ក៏បានប្រកាសថា បើគណបក្សសង្គ្រោះជាតិ នៅតែបន្តដង្ហែក្បួនចំតម្រាយផ្លូវក្បួនដង្ហែរបស់ គណបក្សប្រជាជនកម្ពុជា ពេលនោះកម្លាំងសមត្ថកិច្ច និងសន្តិសុខ នឹងធ្វើការទប់ស្កាត់ភ្លាមមិនឲ្យជាន់ផ្លូវគ្នានោះឡើយ។ ការប្រកាសនេះបានធ្វើឡើង ខណៈលោកដឹកនាំ មន្រ្តីជំនាញ និងកម្លាំងប្រដាប់អាវុធ ចុះទៅពិនិត្យជាក់ស្តែងនៅផ្លូវ៦០ម៉ែត្រ ទីតាំងដែល គណបក្សប្រជាជនកម្ពុជា គ្រោងជួបប្រជុំនាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ស្អែកនេះ។
សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំកាលពីថ្ងៃម្សិលមិញ សាលារាជធានីភ្នំពេញ បានដាក់លក្ខខណ្ឌឲ្យគណបក្សសង្រ្គោះជាតិជ្រើសរើស ចំនួន២ ក្នុងនោះ ក៏មានលក្ខខណ្ឌមួយដែលតម្រូវឲ្យគណបក្សសង្រ្គោះជាតិ ធ្វើការជួបជុំទ្រង់ទ្រាយធំរបស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ថ្មី។
លោក ប៉ា សុជាតិវង្ស បានបញ្ជាក់យ៉ាងដូច្នេះថា «ព្រឹកនេះ យើងបានសំណើរបស់គណបក្សសង្រ្គោះជាតិ ជាមួយគណបក្សប្រជាជន កម្ពុជា លើគោលដៅស្នើសុំនោះចំណុចប្រសព្វ ដែលឆ្លងកាត់ប៉ះគ្នានោះ នឹងបានដោះស្រាយទៅតាមសំណូមពរលើកឡើងក្នុងនោះ គណបក្សប្រជាជនកម្ពុជា មានគម្រោងនឹងហែក្បួនទ្រង់ទ្រាយធំមួយ នៅដងផ្លូវមហាវិថី សម្តេចតេជោ (ផ្លូវ៦០ម៉ែត្រ) និងលើផ្លូវមុនីវង្ស ចំពោះសំណើរបស់គណបក្សសង្រ្គោះជាតិ ជួបជុំនៅលើទីលានប្រធាធិបតេយ្យចាស់។ ប៉ុន្តែព្រឹកមិញនេះ គណបក្សសង្រ្គោះចាតិ មានសំណើជួបជុំនៅវត្តចាស់ ខណ្ឌជ្រោយចង្វា អាចជួបជុំបាន តែត្រូវកំណត់ពេលវេលា និងតម្រាយផ្លូវឲ្យបានច្បាស់លាស់ កុំឲ្យធ្វើពេលវេលាតែមួយ នោះអាចហែរបានហើយ»។
លោក ប៉ា សុជាតិវង្ស បន្តថា សំណើររបស់គណបក្សសង្រ្គោះជាតិនេះ សាលារាជធានីភ្នំពេញ និងតំណាង គណបក្សសង្រ្គោះជាតិ នឹងយកមកពិភាក្សា នៅរសៀលថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ។
គណបក្សប្រជាជនកម្ពុជា បានប្រកាសថា ខ្លួននឹងធ្វើការដង្ហែក្បួនមហាជន បិទយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ដោយមានសមាជិកចូលរួមជាង១៥ម៉ឺននាក់ ចាប់ពីផ្លូវសម្តេចតេជោ ហ៊ុន សែន (ហៅផ្លូវ៦០ម៉ែត្រ) រហូតដល់រង្វង់មូលចោមចៅ ដឹកនាំដោយផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន។ ជាមួយគ្នានោះ មេដឹកនាំគណបក្ស សង្រ្គោះជាតិ លោក កឹម សុខា ក៏បានប្រកាសហែក្បួនទ្រង់ទ្រាយធំមួយដែរ នៅថ្ងៃចុងក្រោយ នៃយុទ្ធនាការឃោសនារកសំឡេងឆ្នោតនោះ ដោយមានសមាជិកចូលរួមជិត៥ម៉ឺននាក់ផងដែរ។
សាលារាជធានីភ្នំពេញ បានជូនដំណឹងថា ដើម្បីធានាឲ្យបរិយាកាសឃោសនាបោះឆ្នោតមានភាពល្អប្រសើរ និងស្មើភាពគ្រប់គណបក្ស នយោបាយ ពិសេសការដង្ហែក្បួនប្រព្រឹត្តដោយរលូនរក្សាបានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈព្រមទាំង បញ្ចៀសឲ្យបាន ការកកស្ទះចរាចរ សាលារាជធានីភ្នំពេញ សូមស្នើប្រជាពលរដ្ឋដែលធ្វើដំណើរតាមទីតាំងជួបជុំ និងខ្សែផ្លូវដង្ហែ ខាងលើនេះ មេត្តាបញ្ចៀសចរាចរ ជាបណ្តោះអាសន្ន នាថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ចាប់ពីម៉ោង៦៖០០នាទីព្រឹក រហូតដល់ក្បួនដង្ហែ ត្រូវបានបញ្ចប់៕