(ព្រះសីហនុ)៖ គិតត្រឹមថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ យុទ្ធនាការឃោសនារកសំឡេងឆ្នោត បានឈានចូលដល់ថ្ងៃទី១៣ហើយ ជាមួយគ្នានេះ ថា្នក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ៣,០០០នាក់ មកពី៤សង្កាត់ ក្នុងក្រុងព្រះសីហនុ លើកលែងសង្កាត់កោះរ៉ុង បានប្រមូលគ្នាបើកយុទ្ធនាការឃោសនាបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ជាលក្ខណៈទ្រង់ទ្រាយធំ។

លោក ជូន ណារិន្ទ ប្រធានគណបក្សប្រជាជនកម្ពុជា សង្កាត់លេខ៣ ក្រុងព្រះសីហនុ បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី០១នេះថា លោកបានដឹកនាំសមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាប្រមាណ៩០០នាក់ដែរ ដើម្បីទៅចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត ជាមួយថ្នាក់ដឹកនាំ សមាជិក-សមាជិកា និងអ្នកគាំទ្រនៅសង្កាត់ផ្សេងទៀត។

លោកបានបន្តថា ក្រៅពីយុទ្ធនាការឃោសនារកសំឡេងឆ្នោត នៅទូទាំងក្រុងព្រះសីហនុខាងលើ នៅតាមបណ្តាស្រុកផ្សេងទៀត ក្នុងខេត្តព្រះសីហនុ ក៏បានបើកយុទ្ធនាការក្នុងថ្ងៃជាមួយគ្នាផងដែរ។

សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតឃុំ-សង្កាត់ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែឧសភា ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៧ ពោលគឺនឹងបិទបញ្ចប់នៅថ្ងៃស្អែកនេះហើយ។ ចំណែកនៅថ្ងៃទី០៣ ខែមិថុនា សកម្មភាពឃោសនារកសំឡេងឆ្នោត និងសកម្មភាពដែលទាក់ទងនឹងកម្មវិធីនយោបាយ ត្រូវបានបញ្ឈប់រយៈពេល២៤ម៉ោង (ថ្ងៃស) ហើយនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ នឹងចាប់ផ្ដើមឡើងចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង៣៖០០នាទីរសៀល៕