(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ បានបន្តជួបសំណេះសំណាលបញ្ចូលសមាជិក សមាជិកា ថ្មីចូលទៅក្នុងមហាគ្រួសារ គណបក្សប្រជាជនចំនួន៣,០០០នាក់ ជាយុវជន យុវនារី នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ នៅទីស្នាក់ការគណបក្សខេត្ត។
នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានលើកឡើងថា យុវជន យុវនារី ជាទំពាំងស្នងឬស្សី និងជាអ្នកបន្តវេនដ៏មានសក្តានុពល សម្រាប់ប្រទេសជាតិ ហើយបានកើតក្នុងសម័យនេះ ពិតជាមានសំណាងណាស់ ដោយបានទទួលការយកចិត្តទុកពីរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រទេសសុខសាន្ត និងអភិវឌ្ឍន៍បានទៅសាលារៀនគ្រប់ទីកន្លែងតាមចិត្ត ដែលជ្រើសរើសមានរបស់របរទំនើបប្រើប្រាស់ មានបាយហូបឆ្អែត មានផ្លូវថ្នល់ស្អាតខ្វាត់ខ្វែង តភ្ជាប់ពីទីជនបទស្រែចម្ការរហូតដល់ទីក្រុងសម្រាប់ធ្វើដំណើរទៅមកបានយ៉ាងស្រួលឆាប់រហ័ស។
ប្រធានក្រុមការងាររូបនេះ បន្ថែមពីនេះ ប្រទេសកម្ពុជាបច្ចុប្បន្នមានសន្តិសុខ សុវត្ថិភាពបរិបូរណ៌គ្មានបារម្ភអ្វីឡើយ ផ្ទុយស្រឡះពីអ៊ុពូមីងឪពុកម្តាយរបស់ក្មួយៗ កាលពីជាង៣៥ឆ្នាំមុន ពួកគាត់នៅជាយុវជន យុវនារីដូចក្មួយតែគ្មានសំណាងដូចក្មួយទេពេលនោះ គឺប្រទេសមានសង្រ្គាមកាប់សំលាប់គ្នាអស់ជាងបីលាននាក់ ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត អាវខ្មៅ ដែលបានដឹកនាំប្រទេសធ្លាក់ចូលទៅក្នុងពិភពខ្មៅងងឹត អស់រយៈកាល៣ឆ្នាំ ៨ខែ ២០ថ្ងៃដែលបានបង្ខំមនុស្សឲ្យធ្វើការជាទំងន់ដូចសត្វធាតុ គ្មានសាលារៀន គ្មានទេការហូបឆ្អែតនោះ ប៉ុន្ដែក្រោយមកក្រោមយុទ្ធសាស្រ្តឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន សង្រ្គាមវាយប្រយុទ្ធគ្នារវាងខ្មែរ និងខ្មែរបានបញ្ចប់រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ប្រទេសមានសុខសន្តិភាព ស្ថេរភាពនយោបាយ មានសណ្តាប់ធ្នាប់របៀបរៀបរយ និងមានពេលវេលាគ្រប់គ្រាន់។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានផ្តាំផ្ញើ និងអំពាវនាវ ដល់ក្មួយជាយុវជន យុវនារីទាំងអស់ នៅខេត្តបន្ទាយមានជ័យ ជាពិសេសយុវជន យុវនារី ដែលទើបបញ្ចូលថ្មីទាំងអស់ ត្រូវពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចេះជួយយកអាសារគ្នា សហការគ្នាជាក្រុមខិតខំរៀនសូត្រយកចំណេះដឹងមកចូលរួមអភិវឌ្ឍន៍ខេត្ត ជៀសឆ្ងាយពីគ្រឿងញៀន មិនរក្សាទុក មិនជួញ មិនប្រើប្រាស់នូវគ្រឿងញៀនគ្រប់ប្រភេទ ជាពិសេសកុំជឿលើការឃោសនាកុហកបោកប្រាស ពីពួកអគតិគណបក្សផ្សេង បង្កភាពចលាចលអសន្តិសុខ ក្នុងសង្គមតាមរយៈការសន្យាផ្សេង។
ទន្ទឹមនឹងនេះយុវជន យុវតី ត្រូវត្រៀមឯកសារសម្រាប់បោះឆ្នោត ទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពជា តាមលេខរៀងដែលបានកំណត់តាមសង្កាត់-ឃុំនីមួយៗ ឲ្យបានគ្រប់គ្នានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខដើម្បីធ្វើការអភិវឌ្ឍមូលដ្ឋាន ឃុំ-សង្កាត់ បានរីកចម្រើន និងអនាគតរុងរឿងបន្ថែមទៀត៕