(កំពត)៖ អតីតតំណាងរាស្ត្រគណបក្សប្រឆាំង លោក វ៉ាន សំអឿន បច្ចុប្បន្នជាទីប្រឹក្សាផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បក្សប្រឆាំងបានតែសំដី បានតែឃោសនាបោកប្រាស់ប្រជាជន និងសន្យាខ្យល់តែប៉ុណ្ណោះ។
លោក វ៉ាន សំអឿន លើកឡើងបែបនេះ ខណះដែលលោកដឹកនាំក្រុមការងារ ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោត កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧ម្សិលមិញ នៅឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត ក្នុងនោះ ក៏មានការចូលរួមពី លោក សល់ មករា ទីប្រឹក្សារាជរដ្ឋាភិបាល, លោក ម៉ាង ឆៃណាំ ទីប្រឹក្សារាជរដ្ឋាភិបាល និងអាជ្ញាធរភូមិ ឃុំ ស្រុកផងដែរ។
លោក វ៉ាន សំអឿន បានថ្លែងថា ក្រុមបក្សប្រឆាំងបានតែសំដី បានតែឃោសនាបោកប្រាស់ប្រជាជន និងសន្យាខ្យល់តែប៉ុណ្ណោះមេបក្សសង្រ្គោះជាតិ តាំងខ្លួនឯងថាស្រលាញ់ជាតិ គិតដល់សុខទុក្ខប្រជាជន ប៉ុន្តែការពិតមិនមែនទេបើបក្សប្រឆាំងស្រលាញ់ជាតិ ស្រលាញ់ប្រជាជនពិតមែននោះ ហេតុអ្វីបានជាពេលប្រជាជនជួបគ្រោះធម្មជាតិ ដូចជាខ្យល់កន្ត្រាក់ខូចខាតផ្ទះសម្បែង ខ្វះទឹកប្រើប្រាស់ ហេតុអ្វីបានជាមិនមានថ្នាក់ដឹកនាំ ឬតំណាងរាស្រ្តបក្សប្រឆាំងណាម្នាក់ចុះមកសួរសុខទុក្ខប្រជាជន? ម្យ៉ាងវិញទៀត បើស្រលាញ់ជាតិមែន នៅពេលដែល កីឡាករ កីឡារិនី ខ្មែរយើងឈ្នះការប្រកួតលក្ខណៈអន្តរជាតិ នាំយកមេដាយមាសជូនជាតិ ហេតុអ្វីបានជាមិនឃើញថ្នាក់ដឹកនាំបក្សប្រឆាំងមកចូលរួមអបអរសាទរ និងលើកទឹកចិត្ត?។
ក្នុងយុទ្ធនាការឃោសនារកសម្លេងឆ្នោតនេះ លោក វ៉ាន សំអឿន បានជម្រុញឲ្យអាជ្ញាធរភូមិ ឃុំ ស្រុក ចុះផ្ទាល់ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ ស្វែងយល់អំពីសុខទុក្ខគាត់ និងជួយដោះស្រាយរាល់ការលំបាករបស់ប្រជាពលរដ្ឋឲ្យបានលឿនតាមការដែលអាចធ្វើទៅបាន។ មេភូមិ មេឃុំ ប្រៀបបានទៅនឹងអាណាព្យាបាលប្រជាពលរដ្ឋ រស់នៅជិតប្រជាពលរដ្ឋ ដូច្នេះមេភូមិ មេឃុំ ត្រូវតែចុះសួរសុខទុក្ខប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួន ឲ្យបានញឹកញាប់ទើបដឹងពីសុខទុក្ខ និងតម្រូវការរបស់គាត់។
អតីតតំណាងរាស្រ្តបក្សប្រឆាំង គណបក្សប្រជាជនជាបក្សដែលមានវ័យចាស់ទុំជាងគេ និងបានសាងគុណសម្បត្តិយ៉ាងច្រើនរាប់មិនអស់ ដើម្បីប្រជាជន និងប្រទេសជាតិ ជាពិសេសគឺបាននាំយកសន្តិភាពជូនប្រជាជន ធ្វើឲ្យប្រជាជនរស់នៅសុខសាន្ត មិនភ័យក្លាច រត់លូន ដូចសម័យសង្រ្គាមពីអតីតកាលឡើយ។ គណៈបក្សប្រជាជនកម្ពុជាបានដឹកនាំ កសាងអភិវឌ្ឍប្រទេសជាតិតាំងពីបាតដៃទទេឲ្យមានការរីកចម្រើន លើគ្រប់វិស័យ មានអ្វីៗដូចសព្វថ្ងៃ។ លើសពីនេះ គណបក្សប្រជាជនបាន ធ្វើកំណែទំរង់ជាច្រើនដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានលឿន ដោយឥតគិតថ្លៃ តំឡើងប្រាក់បៀវត្សជូនមន្រ្តីរាជការ កងកំលាំងប្រដាប់អាវុ បញ្ចុះតម្លៃអគ្គីសនីសម្រួល ឲ្យម្ចាស់គ្រឹះស្ថានមីក្រូហិរញ្ញ វត្ថុបញ្ចុះអាត្រាការប្រាក់ជួយសម្រួលដល់កម្មករដែលទៅធ្វើការក្រៅប្រទេសខុសច្បាប់ឲ្យមានភាពស្របច្បាប់ស្វែងរកទីផ្សារកសិកម្មជូនប្រជាពលរដ្ឋ។ល។ លោក បានជម្រាបជូនប្រជាពលរដ្ឋមួយចំនួនតូចដែលធ្លាប់គាំទ្របក្សប្រឆាំងថា សូមបងប្អូនកុំចំណាយពេលវេលាដ៏មានតម្លៃជាមួយ បក្សប្រឆាំងអី ព្រោះបក្សមួយនេះមិនមានគោលការណ៍ច្បាស់លាស់ទេ មិនបានគិតដល់ប្រយោជន៍ជាតិជាធំទេគេគិតតែផលប្រយោជន៍ផ្ទាល់ខ្លួន តែប៉ុណ្ណោះ បក្សប្រឆាំងមិនមានសមត្ថភាពដឹកនាំប្រទេសទេ។
លោក វ៉ាន សំអឿន និងក្រុមការងារបានពន្យល់បង្ហាញប្រជាពលរដ្ឋអំពីលេខរៀងគណបក្ស និងមានរូបទេវតាបាចផ្កា។ ហើយបានអំពាវនាវ សូមឲ្យបងប្អូនជឿជាក់ ទុក្ខចិត្ត និងបោះឆ្នោតជូនគណបក្សប្រជាជនដឹកនាំដោយសម្តេចតេជោ ចុះមិនខុសទេ មានតែគណបក្សប្រជាជន តែមួយគត់ដែលស្រលាញ់ប្រជាជន ជួយបំពេញតម្រូវការប្រជាជន និងគិតដល់ប្រយោជន៍ជាតិជាធំ។ បោះឆ្នោតជូនគណបក្សប្រជាជន គឺមានតម្លៃស្មើនឹងបោះឆ្នោតឲ្យខ្លួនឯង បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តរក្សាបាននូវសន្តិភាព និងអភិវឌ្ឍភូមិឃុំរបស់បងប្អូនឲ្យកាន់តែរីកចម្រើនឈានទៅមុខ កាន់តែរុងរឿង និងសម្បូរសប្បាយ៕