(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០១៧នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិងកំពុងដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យផែនការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងពេលដង្ហែក្បួនឃោសនាបោះឆ្នោតចុងក្រោយ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
សូមជម្រាបថា នៅថ្ងៃទី០២ ខែមិថុនាស្អែកនេះ ដែលត្រូវនឹងថ្ងៃចុងក្រោយនៃយុទ្ធនាការឃោសនារកសំឡេងឆ្នោត គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស រួមជាមួយថ្នាក់ដឹកនាំបក្ស និងអ្នកគាំទ្រ ប្រមាណ១៥ម៉ឺននាក់ នឹងធ្វើយុទ្ធនាការឃោសនាបិទបញ្ចប់ នៅក្នុងរាជធានីភ្នំពេញ ហើយជាមួយគ្នានោះ គណបក្សសង្គ្រោះជាតិ នៅតែប្រកាន់ជំហរឃោសនានៅថ្ងៃស្អែកនេះដូចគ្នាដែរ ដែលជាហេតុធ្វើឲ្យរាជធានីភ្នំពេញ ពោពេញដោយមនុស្ស។
កត្តាទាំងនេះហើយ ដែលធ្វើឲ្យនាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំដើម្បីរៀបចំឲ្យបានច្បាស់លាស់ ពីផែនការការពារនេះ ព្រោះខ្លាចមានរឿងហេតុផ្សេងៗ កើតឡើងដោយចៃន្យ៕