(កណ្តាល)៖ ក្រុមគ្រួសារជនរងគ្រោះ អះអាងថា ពេលនេះស្ថានភាពជនរងគ្រោះត្រូវពិការអចិន្ដ្រៃយ៍ហើយ ដោយសាររបួសធ្ងន់ធ្ងរពេក ដោយស្មាខាងស្តាំស្ទើរដាច់ ហើយត្រឹមចង្កេះចុះក្រោមត្រូវពិការទាំងស្រុង សូម្បីតែប្រដាប់ភេទក៏លែងដំណើរការដែរ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៧។
ការលើកឡើងរបស់ក្រុមគ្រួសារជនរងគ្រោះ ក្រោយពីពួកគាត់សុខចិត្តទទួលសំណងជំងឺចិត្តចំនួន៤០០០ដុល្លារអាមេរិក ជាថ្នូរនឹងការដកពាក្យបណ្ដឹង។ ពួកគាត់ ថា ត្រូវតែទ្រាំយកសំណងនេះ ព្រោះពួកគាត់ខ្វះខាតខ្លាំងណាស់ តែការសម្រេចយ៉ាងណានោះ ជាសមត្ថកិច្ចរបស់តុលាការ ។
លោក ទិន សុចិត្រា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៧នេះ បញ្ជាក់ថា ពិតជាមានការដោះលែងបុរសជនជាតិចិនឈ្មោះ XIA JIN អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងរោងចក្រសួនឧស្សាហកម្ម សំរោងធំ មានមុខងារប្រធានផ្នែកត្រួតពិនិត្យសំលៀកបំពាក់ក្នុងរោងចក្រ ស្ថិតក្នុង ភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ប្រាកដមែន ។
មូលហេតុនៃការដោះលែងនេះ ត្រូវបានលោក សុចិត្រា អះអាងថា មកពីជនរងគ្រោះព្រមទទួលសំណងជាថ្នូរនឹងការដកពាក្យបណ្ដឹង, ជនសង្ស័យមានអ្នកធានាត្រឹមត្រូវ និងចំណុចសំខាន់ បើទោះជាមានការដោះលែងពិតមែន តែនីតិវិធីនៅបន្តទៅមុខដដែល។
អ្នកច្បាប់មួយរូប អះអាងថា ការដកពាក្យបណ្ដឹងរបស់ជនរងគ្រោះមិនអាចបញ្ចប់បណ្ដឹងអាជ្ញាបានទេ។
ជាការកត់សម្គាល់ កាលពីរសៀលថ្ងៃទី៣១ ខែឧសភា នគរបាលស្រុកកៀនស្វាយ បានបញ្ជូនជនសង្ស័យមកអយ្យការអមសាលាដំបូងខេត្តកណ្ដាល ដោយពុំមានការដាក់ខ្នោះដៃដូចជនសង្ស័យដទៃទៀតដែលបញ្ជូនមកតុលាការទេ។ គេសង្កេតឃើញថា បុរសជនជាតិចិន និងខ្មែរប្រមាណ៦នាក់ នៅអមជនសង្ស័យជានិច្ច។ រហូតដល់ម៉ោងជិត៥ល្ងាច គេឃើញមន្ត្រីតុលាការប្រាប់ថា ជនសង្ស័យត្រូវផ្ញើនៅកន្លែងប៉ូលិសមួយយប់សិន។ តែក្រោយមកចេះតែអូសបន្លាយ រហូតមានការទទួលយកសំណង រួចបំពេញបែបបទដោះលែងភ្លាមៗតែម្តង នៅវេលាម៉ោងជិត៧យប់។
គួររំលឹកថា ហេតុការណ៍នេះ កើតឡើងកាលពីល្ងាចថ្ងៃទី៣០ ខែឧសភា នៅចំណុចគីឡូម៉ែត្រលេខ១៦និង១៧ ភូមិទូលក្របៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នគរបាលសន្និដ្ឋានថា ករណីនេះបណ្ដាលមកពីជនរងគ្រោះបើកម៉ូតូឆ្លងផ្លូវបញ្ច្រាសទិស ពីឆ្វេងមកស្ដាំខ្វះការប្រុងប្រយ័ត្ន។ ចំណែករថយន្តធ្វេសប្រហែសមិនបានមើលស្ថានភាពផ្លូវខាងមុខគ្រប់ជ្រុងជ្រោយ៕