(ភ្នំពេញ)៖ កញ្ញា ប្រាជ្ញ សូនីតា និស្សិតផ្នែកវិស្វករអគ្គិសនី និងថាមពល មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បានបង្ហាញពីមោទនៈភាពក្រែលែង ចំពោះភាពរីកចម្រើនលើវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា ដែលធ្វើឲ្យនិស្សិតកំពុងសិក្សាជំនាញពាក់ព័ន្ធនឹងវិស័យមួយនេះ អស់ក្ដីបារម្ភរឿងរកការងារធ្វើ ក្រោយបញ្ចប់ការសិក្សា ។ នេះជាការលើកឡើង ក្នុងដំណើរទស្សនៈកិច្ចសិក្សារបស់និស្សិតសាលាតិចណូ នៅក្រុមហ៊ុនកែច្នៃដែក ISI STEEL កាលពីល្ងាចមិញ ។
កញ្ញាបន្ដថា ដំណើរទស្សនៈកិច្ចសិក្សានេះ បានផ្ដល់ចំណេះដឹងថ្មីៗជាច្រើនដល់ពួកខ្លួន ដែលជានិស្សិតកំពុងត្រូវការបទពិសោធន៍ និងការអនុវត្តជាក់ស្ដែង ដើម្បីត្រៀមខ្លួនចូលប្រឡូកក្នុងវិស័យឧស្សាហកម្មនេះ ។ កញ្ញាថា ដំបូងឡើយខ្លួនមានការព្រួយបារម្ភច្រើនលើមុខជំនាញ ដែលខ្លួនកំពុងសិក្សា ពិសេសគឺខ្លាចអត់ការងារធ្វើ ។ ប៉ុន្ដែក្រោយពេលឧស្សាហកម្មមានការរីកចម្រើនបច្ចុប្បន្ន កញ្ញាបានសប្បាយចិត្ ព្រោះវាជាឱកាឡើងវិញ ព្រោះវាជាឱកាសដ៏ល្អ ដែលខ្លួនអាចរកការងារធ្វើបាន និងមានប្រាក់បៀវត្សសមរម្យ សម្រាប់ផ្គត់ផ្គង់គ្រួសារ និងអនាគតរបស់ខ្លួន ។
ជាមួយគ្នានោះលោក ហ៊ែល ចាន់ថន សាស្ដ្រាចារ្យតំណាងឲ្យសាលាតិចណូ បានលើកឡើងថា ស្របពេលវិស័យឧស្សាហកម្មរីកចម្រើន កំណើននិស្សិតសម្រុកមករៀនជំនាញពាក់ព័ន្ធនឹងវិស័យនេះ ក៏មានការកើនឡើងច្រើនស្ទើរតែ ១០០% ផងដែរក្នុងមួយឆ្នាំៗ ប៉ុន្ដែកំណើននេះ នៅមិនអាចឆ្លើយតបនឹងតម្រូវការទីផ្សារការងារនោះទេ ។ លោកថា នេះគឺជាសញ្ញាណមួយដ៏ល្អ ដើម្បីជំរុញឲ្យប្រជាពលរដ្ឋខ្មែរមានការងារធ្វើសមរម្យគ្រប់ៗគ្នា និងរួមចំណែកអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែល្អរីកចម្រើនបន្ថែមទៀត ។
លោក សុខ វិចិត្រ នាយកផ្នែកលក់ និងទីផ្សាររបស់ក្រុមហ៊ុន ISI STEEL បានបញ្ជាក់បន្ថែមថា ឱកាសការងារបច្ចុប្បន្នមិនក្រដូចពីមុនឡើយ នៅក្នុងវិស័យឧស្សាហកម្មក្នុងប្រទេសកម្ពុជា ជាក់ស្ដែងដូចជាឧស្សាហកម្មដែកជាដើម ពេលនេះគឺកំពុងមានតម្រូវការខ្ពស់ បន្ទាប់ពីប្រជាពលរដ្ឋភាគច្រើនងាកមកប្រើប្រាស់សំណង់ដែក ។ ដូច្នេះលោករំពឹងថា នៅថ្ងៃអនាគតឧស្សាហកម្មដែក នឹងក្លាយជាវិស័យមួយដ៏មានសក្ដានុពល និងមាននិរន្ដភាពយូអង្វែង នៅក្នុងការកសាង់ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ៕