(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា រយៈពេលពេញ១ខែឧសភា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន២៧២លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន១២៩នាក់ របួសធ្ងន់២៧៧នាក់ និងរបួសស្រាលចំនួន១៥៨នាក់។
របាយការណ៍បានបញ្ជាក់ថា ករណីបើកបរហួសល្បឿនកំណត់ចំនួន១០៣លើក, ស្រវឹងចំនួន១៣លើក, ប្រជែងចំនួន៣៩លើក, មិនប្រកាន់ស្ដាំ២៩លើក, មិនគោរពសិទ្ធិ៥១លើក, បត់គ្រោះថ្នាក់២៥លើក, កត្តាយានយន្ដ៥លើក និងងងុយដេក៧លើក។
ខេត្តដែលមានករណីគ្រោះថ្នាក់ច្រើនជាងគេរួមមាន ខេត្តកំពង់ស្ពឺ កើតឡើងចំនួន១៤លើក, ខេត្តកណ្ដាល កើតឡើងចំនួន១៨លើក, ខេត្តបាត់ដំបង កើតឡើងចំនួន១០លើក, ខេត្តតាកែវ កើតឡើងចំនួន៧លើក, ខេត្តកំពង់ចាម កើតឡើងចំនួន១៩លើក, ខេត្តពោធិ៍សាត់ កើតឡើងចំនួន១៧លើក, រាជធានីភ្នំពេញ កើតឡើងចំនួន៤០លើក និងខេត្តបន្ទាយមានជ័យ កើតឡើងចំនួន១១លើក។
ករណីគ្រោះថ្នាក់ចរាចរណ៍ទាំង២៧២លើកនេះ បានបណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន៤៧៤គ្រឿង ដោយក្នុងនោះរួមមានម៉ូតូចំនួន២៦៦គ្រឿង រថយន្ដធុនតូចចំនួន១២០គ្រឿង, រថយន្ដធុនធំចំនួន៦៥គ្រឿង, យានយន្ដផ្សេងៗចំនួន២៣គ្រឿង និងអ្នកថ្មើជើង២៤នាក់៕