(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាតិ បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងនៅយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះថា ការថ្លែងសន្យារបស់ លោក យឹម សុវណ្ណ តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលអះអាងថានឹងបំពាក់អាវុធទំនើបជូនកងទ័ព បើសិនគណបក្សខ្លួនឈ្នះឆ្នោតនោះ គឺជាការបោកប្រាស់ប្រជាពលរដ្ឋដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ ដោយសារតែមន្រ្តីជាន់ខ្ពស់បក្សប្រឆាំងនេះ មិនមានបទពិសោធន៍ និងចំណេះដឹងផ្នែកយោធាទេ។
ប្រតិកម្មរបស់អ្នកនាំពាក្យក្រសួងការពារជាតិ នាពេលនេះ បានធ្វើឡើងបន្ទាប់ពី ប្រធានគណៈកម្មាធិការប្រតិបត្តិគណបក្សសង្រ្គោះជាតិ លោក យឹម សុវណ្ណ បានលើកឡើងនៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៧ ដោយសន្យាថា គណបក្សប្រឆាំងនឹងសន្សំសំចៃថវិកាជាតិបន្ថែម ដើម្បីចាយលើវិស័យយោធា តាមរយៈបំពាក់ឲ្យមានអាវុធសឹកទំនើបៗ ប្រសិនបើខ្លួនឈ្នះការបោះឆ្នោតដឹកនាំប្រទេស។ លោក យឹម សុវណ្ណ បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងនឹងហ្វឹកហ្វឺនទាហានយើងឲ្យខ្លាំង។ យើងនឹងសន្សំលុយទិញអាវុធយុទ្ធភណ្ឌទំនើបៗឲ្យទាហានយើង ដើម្បីការពារប្រទេសជាតិ»។
លោក ឈុំ សុជាតិ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការលើកឡើងរបស់ លោក យឹម សុវណ្ណ គឺជាការលើកបោកប្រាស់ប្រជាពលរដ្ឋ ដើម្បីសន្លឹកឆ្នោតតែប៉ុណ្ណោះ ព្រោះលោក យឹម សុវណ្ណ មិនដែលស្គាល់សមរភូមិ មិនធ្លាប់រៀនយោធា ហើយក៏គ្មានបទពិសោធន៍យោធាអ្វីទាល់តែសោះ»។
លោកបានបន្ថែមថា «កន្លងមក កងយោធពលខេមរភូមិន្ទ សុទ្ធតែបានហ្វឹកហ្វឺនក្បួនយុទ្ធសាស្រ្ត មានចំណេះចេះដឹងក្នុងការប្រើប្រាស់អាវុធ យុទ្ធភ័ណ្ឌគ្រប់ប្រភេទ និងមានការបំពាក់អាវុធយុទ្ធភ័ណ្ឌទំនើបគ្រប់គ្រាន់ ហើយក៏ធ្លាប់ប្រយុទ្ធគ្រប់សមរភូមិ ការពារបាននូវអធិបតេយ្យភាព បូរណភាពទឹកដី និងការពាររាជរដ្ឋាភិបាលស្របច្បាប់ជាច្រើនអាណត្តិកន្លងមក ព្រមទាំងការពារសេចក្តីសុខរបស់ប្រជាពលរដ្ឋ មានការអភិវឌ្ឍរហូតដល់សព្វថ្ងៃ»។
លោកនាយឧត្តមសេនីយ៍ និងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិរូបនេះ បានគូសបញ្ជាក់បន្ថែមថា «ក្រោមការដឹកនាំរបស់សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា ក្រសួងការពារជាតិ បានបញ្ជូនកងទ័ពមួកខៀវ ធ្វើបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ហើយត្រូវបានអន្តរជាតិទទួលស្គាល់ជាកងទ័ពដែលមាននិយាមអន្តរជាតិពិតប្រាកដ។ នេះជាមោទភាពដែលយើងមិនអាចបំភ្លេចបាន ហើយជាសច្ចៈភាព ដែលកងទ័ពយើងធ្វើបានមិនមែនជាការបោកប្រាស់ទេ»៕