(ភ្នំពេញ)៖ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន និងសម្ដែងការសោកស្ដាយខ្លាំង ចំពោះករណីកម្មករដួលសន្លប់ក្នុងក្រុមហ៊ុន «អាកាសសិត ហ្គាមេន ខូអិលធីឌី» ស្ថិតនៅក្នុងសួនវឌ្ឍន២ ភូមិទឹកថ្លា ខណ្ឌដង្កោ ដែលបណ្ដាលឲ្យកម្មការិនីម្នាក់ បានស្លាប់បាត់បង់ជីវិត និង ២៤នាក់ទៀតកំពុងជួយសង្គ្រោះនៅឡើយ។
បើតាមក្រសួងការងារ កម្មការិនី ដែលស្លាប់នោះ មានឈ្មោះ ខាត់ សាមើ រស់នៅភូមិរលួស ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល អាយុជាង៤០ឆ្នាំ។ ក្រសួងការងារ បានសូមចូលរួមរំលែកទុក្ខក្រៀមក្រំ និងការអាណិតអាសូរជាបំផុតជាមួយគ្រួសារ និងញាតិមិត្តនៃសព និងជនរងគ្រោះដទៃទៀត។
អភិបាលខណ្ឌដង្កោ លោក នុត ពុធដារ៉ា បានប្រាប់អង្គភាព Fresh News ថា ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោងជាង១១ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ប៉ុន្តែជនរងគ្រោះដែលដួលសន្លប់នោះ ត្រូវបានដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ និងមានអាការៈធូរស្រាលហើយ។
លោកអភិបាលខណ្ឌបញ្ជាក់ថា «ជនរងគ្រោះបានដើរដួលនៅក្នុងរោងចក្រ បណ្តាលឲ្យបោកក្បាល រួចត្រូវបានក្រុមហ៊ុនបញ្ជូនទៅមន្ទីរពេទ្យ តែជនរងគ្រោះបានស្លាប់នៅតាមផ្លូវ ដោយមានដំណឹងកម្មករខាងលើស្លាប់ កម្មករធ្វើការនៅក្នុងរោងចក្របានដួលសន្លប់ជាបន្តបន្ទាប់ ប្រមាណជាង២០នាក់ហើយ ឥឡូវនេះក្រុមហ៊ុនបានឲ្យកម្មករចេញទៅផ្ទះអស់ហើយ»។
បើតាមលោក នុត ពុធដារ៉ា ការដួលសន្លប់នេះមិនបណ្តាលមកពីពុល ឬកត្តាអ្វីផ្សេងនោះឡើយ គឺហេតុផលមកពីមានកម្មការិនីដួលបោកក្បាល៕