(ភ្នំពេញ)៖ នៅមុននេះបន្តិចក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញមកប្រកាសថ្កោលទោសដាច់អហង្ការចំពោះសម្តីទណ្ឌិត សម រង្ស៊ី ដែលបានចោទអាជ្ញាធរ និងរាជរដ្ឋាភិបាលកម្ពុជាថា មិនអនុញ្ញាតឲ្យកម្មករ កម្មការិនី បានឈប់សម្រាកទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧នេះ។

ការចេញមកថ្កោលទោសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី អតីតប្រធានគណបក្សសង្រ្គោះជាតិ បានធ្វើវីដេអូឃ្លីបមួយបង្ហោះលើទំព័រ Facebook របស់លោក ដោយសម្តែងការសោកស្តាយ ចំពោះភាគីរោងចក្រ និងក្រសួងការងារ ដែលមិនបានអនុញ្ញាតឲ្យកម្មករ កម្មការិនីឈប់សម្រាកទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤។ លោក សម រង្ស៊ី ក៏បានអំពាវនាវដល់កម្មករ កម្មការិនី ទាំងអស់ទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា។

ក្នុងសេចក្តីប្រកាសព័ត៌មាន ដែលចេញផ្សាយនៅព្រលប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា តាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺជាស្ថាប័នឯករាជ្យ និងអព្យាក្រឹតតែមួយគត់ ដែលមានសិទ្ធិចាត់ចែង រៀបចំ និងគ្រប់គ្រងការបោះឆ្នោតនៅកម្ពុជា។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល បានបញ្ជាក់ទៀតថា គ.ជ.ប បានចេញសេចក្តីអំពាវនាវរួចហើយកាលពីថ្ងៃទី២៤ ខែឧសភា កន្លងទៅឲ្យម្ចាស់សហគ្រាស ក្រុមហ៊ុន រោងចក្រ សណ្ឋាគារ ភោជនីយដ្ឋាន និងគ្រឹះស្ថានទាំងអស់នៅកម្ពុជា ឲ្យជួយសម្រួល និងបង្កលក្ខណៈងាយស្រួលឲ្យកម្មករនិយោជិត បានទៅចូលរួមបោះឆ្នោតនៅថ្ងៃទី០៤ ខែមិថុនា។ បន្ថែមពីលើនោះ នៅថ្ងៃទី២៧ ខែឧសភា គ.ជ.ប ក៏បានណែនាំដល់គណៈកម្មការរាជធានី-ខេត្ត រៀបចំការបោះឆ្នោត គណៈកម្មការឃុំ-សង្កាត់រៀបចំការបោះឆ្នោត ឲ្យបង្កលក្ខណៈងាយស្រួលជូនកម្មករនិយោជិត បានចូលរួមបោះឆ្នោតមុនគេនៅតាមការិយាល័យបោះឆ្នោតនៅទូទាំងប្រទេសផងដែរ។

តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ ក្រសួងការងារ បានរំលឹកដល់លោក សម រង្ស៊ី ដែលជាអ្នកទោសកំពុងរត់គេចខ្លួនពីសំណាញ់ច្បាប់របស់កម្ពុជាថា ទាំងច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ទាំងសមាសភាពនៃថ្នាក់ដឹកនាំ និងសមាជិក នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គឺជាផ្លែផ្កានៃការពិភាក្សាគ្នាយ៉ាងលម្អិតរវាងតំណាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សមានអាសនៈនៅក្នុងរដ្ឋសភា។ ជាពិសេសច្បាប់នេះ ត្រូវបានសាទរ និងទទួលយកដោយសមាជិកសភានៃគណបក្សទាំងពីរ ក្នុងនោះក៏មានលោក សម រង្ស៊ី ដែលជាអតីតប្រធានគណបក្សសង្រ្គោះជាតិនាពេលនោះផងដែរ។

ក្រសួងការងារបានចោទជាសំណួរថា ប្រសិនបើលោក សម រង្ស៊ី ពិតជាចង់ឲ្យកម្មករនិយោជិតត្រឡប់ទៅចុះឈ្មោះ និងបោះឆ្នោតនៅស្រុកកំណើតរបស់ខ្លួនពិតមែន ហេតុអ្វីបានជានៅពេលនោះ លោក សម រង្ស៊ី មិនស្នើឲ្យមានការកំណត់ចំនួនថ្ងៃឈប់សម្រាកតែម្តងទៅ៕