(ភ្នំពេញ)៖ ប្រទេស​កម្ពុជា ​ត្រូវ​បាន​បោះឆ្នោត​ជាស​មា​ជិ​ក​គណៈ​ក្រុមប្រឹក្សា​ប្រតិបត្តិ​កម្មវិធី​អភិវឌ្ឍន៍​របស់​អង្គការសហប្រជាជាតិ​, ​មូលនិធិ​អង្គការសហប្រជាជាតិ​សម្រាប់​ប្រជាជន ​និង​ការិយាល័យ​អង្គការសហប្រជាជាតិ​សម្រាប់​សេវាកម្ម​គម្រោង ​សម្រាប់​អាណត្តិ ​៣ឆ្នាំ ​ដោយ​ចាប់ផ្តើម​ពី​ថ្ងៃទី០១ ​ខែមករា ​ឆ្នាំ២០១៨ ​ដល់​ថ្ងៃទី៣១ ​ខែធ្នូ ​ឆ្នាំ២០២០​។

ក្នុងសេចក្តីជូនព័ត៌មាននៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៧នេះ ក្រសួងការបរទេសកម្ពុជា បានចាត់ទុកការបោះឆ្នោតឲ្យបេក្ខភាពកម្ពុជា ដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីការទទួលស្គាល់ជាអន្តរជាតិនូវតួនាទីដ៏សំខាន់ ដែលកាន់តែកើនឡើងរបស់កម្ពុជា ក្នុងការចូលរួមចំណែកកំណត់របៀបវារៈលើមូលបទសំខាន់ស្តីពីការអភិវឌ្ឍប្រកបដោយចីរភាព។

ក្រសួង​ការបរទេស ​បាន​គូសបញ្ជាក់​ថា ​ក្នុងឋានៈជា​ប្រទេស​មាន​កំណើន​សេដ្ឋកិច្ច​លឿន​​ជាមួយ​ការសម្រេច​បាន​​គួរឲ្យ​កត់​​សម្គាល់​ក្នុង​ការ​បន្ថយ​ភាព​ក្រីក្រ ​ក៏ដូចជា​គោលដៅ​អភិវឌ្ឍន៍​សហ​វត្ស ​កម្ពុជា​មាន​ជំនឿ​ថា ​បទពិសោធន៍​របស់​កម្ពុជា ​អាច​ជាគុណប្រយោជន៍ដល់​កិច្ចប្រឹងប្រែង​របស់​អង្គការសហប្រជាជាតិ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អភិវឌ្ឍន៍​សកលលោក​៕