(ត្បូងឃ្មុំ)៖​ ​សាសនិកឥស្លាម នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ បានប្រកាសប្ដេជ្ញាបន្ដបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យប្រទេសកម្ពុជាបន្ដមានសុខសន្ដិភាព និងអាចផ្ដល់ឱកាសឲ្យសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បន្ដអភិវឌ្ឍន៍ប្រទេសមួយនេះ។

ថ្លែង​បែបនេះត្រូវបានធ្វើឡើង នៅរសៀលថ្ងៃទី៣១​ ខែឧសភា ឆ្នាំ២០១៧នេះ ក្នុងឱកាស លោក អូស្មាន ហាស្សាន់ សមាជិកគណៈកម្មាធិការកណ្តាល និងជា​ប្រធានគណៈចលនា ដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយ សកម្មជន និងអ្នកគាំទ្រ ជាច្រើនរយនាក់។

ឱកាសនោះលោក អូស្មាន ហាស្សាន់ ​ក៏បានឲ្យសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាក្នុងឃុំជំនីក ​រៀបចំខ្លួន និងត្រៀមឯកសារឲ្យរួចស្រេច ខណៈដែលវេលា នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ សឹងតែឈានដល់ទៅហើយ គឺរំលងតែ៣ថ្ងៃទៀតប៉ុណ្ណោះ គឺថ្ងៃបោះឆ្នោតនឹងបានឈានដល់ ។

លោកបន្ត សូមកុំឲ្យឱកាសដ៏ល្អ​សំខាន់ស្មើនឹងជីវិតមួយនេះរំលងផុត​ ក្នុងនាមជាប្រជាពលរដ្ឋមួយរូប ដែលស្រឡាញ់សម្តេចតេជោ និង​ស្រលាញ់គណបក្សប្រជាជនកម្ពុជា ប្រសិនជាមានគម្រោងធ្វើអ្វីមួយក្នុងចន្លោះពេលនេះ ដែលប៉ះពាល់ដល់ថ្ងៃបោះឆ្នោត សូមមេត្តារំសាយចោល ឬពន្យាពេលសិន ព្រោះរយៈពេល​មានតែមួយថ្ងៃ គឺថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ហើយកុំភ្លេចថា​ ចាប់ពីម៉ោង៧​ព្រឹក ដល់ម៉ោង៣​រសៀលតែប៉ុណ្ណោះ គឺហឹបឆ្នោតនឹងត្រូវបិទ មិនអនុញ្ញាតឲ្យបុគ្គលណាដែលមកយឺតធ្វើការបោះឆ្នោតឡើយ។

ក្នុងកិច្ចសំណេះសំណាលនេះ បងប្អូនដែល​ចូលរួម បានស្រែកព្រមៗគ្នា ដោយលើកដៃពីការប្តេជ្ញាថា ​«ជីយោ! គណបក្សប្រជាជនកម្ពុជា បងប្អូនខ្មែរឥស្លាមក្នុងឃុំជំនីក សូមប្តេជ្ញាបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា!»៕