(រតនគិរី)៖ ទណ្ឌិតម្នាក់ ក្នុងចំណោមទណ្ឌិត៤នាក់ ដែលហែកគុកភ្នំស្វាយ ខេត្តរតនគិរីនោះ ត្រូវបានកម្លាំងនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកវ៉ឺនសៃ តាមចាប់ខ្លួនបានម្នាក់មកវិញ​ហើយ ខណៈទណ្ឌិត៣នាក់ទៀត កំពុងបន្ដរត់គេចនៅឡើយ ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវចាប់ខ្លួន។

លោកឧត្តមសេនីយ៍ត្រី ផែន ឌីណា ស្នងការរងទទួលផែនកណ្ដាលព្រហ្មទណ្ឌ បានឲ្យដឹងថានៅល្ងាចនេះថា ទណ្ឌិតដែលចាប់បាននៅថ្ងៃទី៣១ ខែឧសភា​ ឆ្នាំ២០១៧នេះ ឈ្មោះ ហាក់ អាយុ២១ឆ្នាំ ជនជាតិទំពូន ​ហើយការចាប់ខ្លួននៅចំណុចភូមិវង ឃុំកាចូន ស្រុកវ៉ឺនសៃ​។

សូមរំលឹកថា អ្នកទោសដែលកំពុងជាប់ឃុំឃាំង នៅពន្ធនាគារខេត្តរតនគិរី ចំនួន៥នាក់​ បានរួមគ្នាធ្វើសកម្មភាពហែកគុក ដោយកាត់របងលួស រួចលូនចេញតាមលូបង្ហូទឹក មុនពេលលោតចេញទៅក្រៅ ប៉ុន្តែអ្នកទោសម្នាក់ពេលលោតចុះមក ស្រាប់តែភ្លាត់ស្នៀតបាក់កជើង ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ ចាប់បានមកវិញ ហើយ៤នាក់ទៀតបានរត់គេចខ្លួនបាត់ ហើយកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងខេត្ត ក្រោមការបញ្ជាពីព្រះរាជអាជ្ញា ជា ពេជ្រ បាននិងកំពុងធ្វើការស្រាវជ្រាវតាមចាប់ត្រឡប់មកវិញ។

ហេតុការណ៍អ្នកទោស ហែកគុករត់គេចខ្លួននេះ​បានកើតឡើង នៅវេលាម៉ោងប្រមាណ១២៖៣០នាទីរំលង​អាធ្រាត្រចូលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៧ ដែលពួកគេត្រូវបានតុលាការកាត់ ទោសពីបទល្មើសគ្រឿងញៀន និងជួញដូរព្រៃឈើ។

ជនទាំងប្រាំនាក់នេះ បានធ្វើសកម្មភាពហែកគុកលួចរត់ចេញពីបន្ទប់លេខ៧ ក្នុងអគារA ហើយពួកគេបានហែកដែករបងលូនតាមលូ និងបានឡើងតាមរបង លួស ដើម្បីហក់ចេញពីរបងពន្ធនាគារដោយឈ្មោះ កែវ ឆក, ឈ្មោះ កែវ ចន្ទ, ឈ្មោះសូម ហាក់, ឈ្មោះ សុខ នី បានហក់ចេញពីរបងពន្ធាគាររួច។ ដោយឡែក ឈ្មោះ នងវណ្ណា ក៏បានហក់ចេញទៅដែរ តែហក់ខុសបច្ចេកទេសបណ្តាល ឲ្យបាក់ជើង រត់មិនរួច ក៏ត្រូវអនុរក្សពន្ធនាគារចាប់បាន៕