(ភ្នំពេញ)៖ បន្ទាប់ពីផ្ទុះឡើងនូវដំណឹងដ៏ស្រួចស្រាល ដោយសារតែអតីតប្រុសស្នេហ៍តារាចម្រៀងដ៏ល្បីឈ្មោះ របស់កញ្ញា យូរី គឺលោក រ៉េត ជាអ្នកដឹកនាំសម្ដែង ប្រចាំក្នុងផលិតកម្មថោន បានទំលាយរូបភាពស្និទ្ធស្នាលនៅលើគ្រែ និងរូបភាពបឺតមាត់ជាច្រើន ក្នុងបណណ្ដាញសង្គម Facebook អមដោយពាក្យពេជន៍ ចោទប្រកាន់ ទៅលើកញ្ញា យូរី ថា មានចេតនាក្បត់មានអ្នកថ្មី បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅថ្ងៃនេះរួចមក កញ្ញា យូរី ក៏ដូចជាលោក រ៉េត ដែលជាអតីតគូស្នេហ៍ បានចេញមុខបកស្រាយព្រមគ្នា ដើម្បីឲ្យមហាជនអស់មន្ទិលសង្ស័យ ខណៈដែលពួកគេទាំងពីរ ក៏មិនចង់ហែកហួរ ឬបើកកកាយអ្វីឲ្យវែងឆ្ងាយទៀតដែរ ព្រោះសុទ្ធតែជាការយល់ច្រឡំប៉ុណ្ណោះ។
អតីតអ្នកដឹកនាំសម្ដែង ប្រចាំផលិតកម្មសាន់ដេ និងជាគូស្នេហ៍របស់កញ្ញា យូរី លោក រ៉េត បានថ្លែងប្រាប់ Fresh News និង Khmer Talking តាមទូរសព្ទឲ្យដឹង នៅល្ងាចថ្ងៃទី៣១ ខែឧសភានេះថា តាមការពិត លោកគ្មានបំណង និងបញ្ចេញរូបភាពស្រើបស្រាលអ្វីនោះទេ ពោលដោយសារតែលោកមានអារម្មណ៍ឆេវឆាវ និងមូរម៉ៅមួយគ្រា ទើបបលោកបញ្ចេញឲ្យធូរទ្រូង ធូរអារម្មណ៍ ហើយក៏គ្មានចេតនាណាមួយ ចង់បំផ្លាញកិត្តិយសរបស់នាង យូរី ដែរ។
លោកបន្តទៀតថា លោកសូមសម្ដែងការសោកស្ដាយ ចំពោះកំហុសអចេតនានេះ ព្រោះអ្វីៗសុទ្ធតែផ្ដើមចេញពីការយល់ច្រឡំខ្លួនឯង បង្កឲ្យផ្ទុះឡើងនូវរឿងរ៉ាវបែបនេះ ដែលលោកគិតថា មិនមែនជាបំណងពិតប្រាកដ ដែលលោកចង់ធ្វើវានោះឡើយ។ ជាមួយគ្នានេះ លោកក៏សូមបញ្ចប់រឿង ត្រឹមប៉ុណ្ណេះទៅចុះ។
ដោយឡែក សម្រាប់តារាចម្រៀងម្ចាស់បទ «ចាក់ទឹកដូង» កញ្ញា យូរី ក៏បានថ្លែងប្រាប់ Fresh News និង Khmer Talking នៅមុននេះបន្តិចដែរថា អ្វីៗដែលបានកើតឡើងនៅពេលនេះ គឺផ្ដើមចេញពីអតីតសង្សាររបស់នាង យល់ច្រឡំមកលើរូបខ្លួន។ យូរី ពន្យល់ថា ការពិតលោក ប៊ីម៉ូ និងរូបនាងផ្ទាល់ គឺគ្រាន់តែជាមិត្តភ័ក្តិស្និទ្ធស្នាល រួមអាជីពជាមួយគ្នាតែប៉ុណ្ណោះ ហើយលោក ប៊ីម៉ូ ក៏មានសង្សារកំណាន់ចិត្តរួចទៅហើយដែរ។
ផ្ដើមចេញពីការយល់ច្រឡំនេះ ដំបូងគឺដោយសារសង្សាររបស់លោក ប៊ីម៉ូ បានទៅលេងផ្ទះរបស់នាង ហើយបានយកទូរស័ព្ទនាងចុចលេង Facebook ដោយបានផ្ញើសារទៅលោក រ៉េត ដែលជាអតីតគូស្នេហ៍របស់ខ្លួន ធ្វើឲ្យមានការយល់ច្រឡំ តាំងពេលពីនោះមក។
ជាមួយគ្នានេះស្រីស្រស់សម្រស់ក្មេងវ័យ កញ្ញា យូរី ក៏បានសង្កត់ធ្ងន់ដែរថា នាងក៏មិនចង់ឲ្យរឿងនេះ កាន់តែវែងឆ្ងាយទៀតដែរ ព្រោះនាងកំពុងតែមានភាពមមាញឹកខ្លាំង ទៅលើការងារសិល្បៈ ជាពិសេស គឺការប្រគំតន្រ្តីតាមបណ្ដាខេត្តនានា ដែលធ្វើឲ្យនាងគ្មានពេលវេលា នឹងគិតចំពោះរឿងបែបនេះឡើយ។
សូមបញ្ជាក់ថា មុននឹងមានរឿងរ៉ាវបែបនេះផ្ទុះឡើង គឺបន្ទាប់ពីលោក រ៉េត ជាអតីតអ្នកដឹកនាំសម្ដែងនៅក្នុងផលិតកម្មសាន់ដេ ដែលបច្ចុប្បន្នជាអ្នកដឹកនាំ សម្ដែងនៅក្នុងផលិតកម្ម ថោន បានបង្ហាញសារឈឺចាប់ និងទម្លាយរូបភាពលើគ្រែ និងរូបភាពបឺតមាត់ផ្អែមល្ហែមជាច្រើន ជាមួយគូស្នេហ៍របស់លោក គឺតារាចម្រៀង យូរី នៅលើបណ្តាញសង្គម Facebook ក្រោយពីដឹងថា យូរី ក្បត់ស្នេហ៍ស្រវារកអ្នកថ្មី៕